នាយក​រដ្ឋមន្ត្រី​ចិន ជួប​ជាមួយ​មហាសេដ្ឋី​ប៊ី​ល​ហ្គេ​ត

យោង​តាម​ស៊ី​ន​ហួ​ថា នាយក​រដ្ឋមន្ត្រី​ចិន លោក LI KEQIANG បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ជាមួយ​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត នៅ​ទីក្រុង​ប៉េ​កាំ​ង ។

នា​ឱកាស​នៃ​ការ​ជួប​គ្នា​នេះ លោក LI ថ្លែង​ថា ចិន​ត្រៀម​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ៗ​ទៀត ដើម្បី​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​បរិយាកាស និង​ពង្រីក​ថាមពល​ស្អាត ក្នុង​នោះ​មាន​ថាមពលនុយក្លេអ៊ែរ​ផង​ដែរ ។ រដ្ឋាភិបាល​ចិន​សង្ឃឹមថា បណ្តា​សហគ្រាស​អា​មេ​រិ​ក​នឹង​ចែករំលែក​បច្ចេកវិទ្យា និង​ការ​រក​ឃើញ​ថ្មី​នានា​ជាមួយ​បណ្តា​ឧស្សាហកម្ម​ចិន ដើម្បី​ឱ្យ​មានការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​រួម​មួយ​ជាមួយ​បណ្តា​លក្ខខណ្ឌ​ជា​មុន គឺ​ការ​ធានា​សន្តិសុខ កាត់​បន្ថយ​តម្លៃ​នានា ហើយ​ពង្រឹង​ចីរភាព​ក្នុង​គោលបំណង​កែ​លម្អ​ផ្នែក​ថាមពលនុយក្លេអ៊ែរ​ចិន ។

លោក LI បន្ត​ថា រដ្ឋាភិបាល​ចិន​នឹង​គាំទ្រ​ផង​ដែរ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​២​ខាង​ផ្នែក​ថាមពលនុយក្លេអ៊ែរ​ក្នុង​បណ្តា​ទីផ្សារ​ទី​៣ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ដ៏​ស្ថិតស្ថេរ​របស់​ពិភពលោក ។

ចំណែក​លោក​ប៊ី​ល​ហ្គេ​ត វិញ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ទាំងឡាយ​ដែល​ចិន​សម្រេច​បាន​ខាង​ការ​ផ្លាស់​ប្តូរ​បរិយាកាស និង​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ថាមពល​ថ្មី​ៗ ។

គួរ​កត់​សម្គាល់ថា ការ​រួម​បញ្ចូល​គ្នា​នូវ​ការ​ស្រាវជ្រាវ​របស់​បណ្តា​សហគ្រាស​អា​មេ​រិ​ក និង​ចិន​នឹង​អាច​ជំរុញ​ការ​កែប្រែ​ថ្មី​ខាង​បច្ចេកវិទ្យា និង​ដំណើរការ​ឧស្សាហូបនីយកម្ម ដែល​បែប​នេះ​នឹង​ផ្តល់​នូវ​ថាមពល​ស្អាត គួរ​ឱ្យ​ជឿជាក់ និង​មាន​តម្លៃ​ថោក​ចំពោះ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ជួយ​ប្រទេស​ទាំងនេះ​ឱ្យ​សម្រេច​បានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មួយ ៕