ជប៉ុន មកដល់កម្ពុជា ម៉ោង ៥ល្ងាចនេះ ក្រោយបំបាក់សិង្ហបុរី ៣-០ ម្សិលមិញ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងមកដល់ កម្ពុជានៅម៉ោង៥ល្ងាចនេះហើយ បន្ទាប់ពីបំបាក់ក្រុម ម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី២ ពូល E នៃវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Russia 2018 កាលពីថ្ងៃទី១២ ខែវិច្ឆិកា ។ គ្រាដែលក្រុមជម្រើសជាតិកម្ពុជាវិញ នឹងត្រឡប់មកដល់ស្រុកកំណើតរបស់ខ្លួន នៅថ្ងៃស្អែក បន្ទាប់ពីចាញ់អាហ្វហ្គានីស្ថាន ៣-០ នៅលើទឹកប្រទេសអ៊ីរ៉ង់ កាលពីម្សិលមិញ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការមកដល់នៃក្រុមជើងខ្លាំងប្រចាំទ្វីបអាស៊ីខាងលើនេះ នឹងមានការរឹតបណ្ដឹងសន្ដិសុខជាខ្លាំង ដើម្បីការពារសុវត្ថិភាពក្រុមជម្រើសជាតិជប៉ុន ។ លើសពីនេះ ជប៉ុនថែមទាំងយកចុងភៅផ្ទាល់ ខ្លួន មកជាមួយសម្រាប់សម្រួលការហូបចុកថែមទៀតផង ។

ប្រភពដដែលបានបន្ដថា បន្ទាប់ពីមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមសាំម៉ូរ៉ៃជប៉ុន នឹងធ្វើការហ្វឹកហាត់នៅ ពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែការហ្វឹកហាត់នោះ ត្រូវបានមន្ដ្រីបង្ហើបឲ្យដឹងថា នឹងមិនអនុញ្ញាតអ្នកណាម្នាក់ចូល ក្នុងពហុកីឡដ្ឋានជាតិឡើយ បើគ្មានភារៈកិច្ចសំខាន់ ហើយក៏មិនអនុញ្ញាតឲ្យមានការដាក់ ធុងបាសរាំហាត់ប្រាណដូចធម្មតាដែរ ។

ចំណែកក្រុមជម្រើសជាតិកម្ពុជាវិញ ក្រោយបន្ដចាញ់អាហ្វហ្គានីស្ថាន ជាលើកទី២ និងបន្ដកំណត់ត្រាចាញ់ជាលើក៦ ក្នុងការប្រកួតជម្រុះ World Cup ក្រុមគោព្រៃនេះ ក៏បានចាកចេញពីប្រទេសអ៊ីរ៉ង់ ត្រឡប់មកស្រុកកំណើតវិញដែរ ប៉ុន្ដែដោយធ្វើដំណើរវែងឆ្ងាយពេក គឺមិនទាន់មកដល់ថ្ងៃនេះទេ ទាល់ថ្ងៃម៉ោង ២រសៀលថ្ងៃស្អែកទើបមកដល់ ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងបើកកីឡដ្ឋានជាតិ ទទួលក្រុមសាំម៉ូរ៉ៃជប៉ុន នៅថ្ងៃទី១៧ ខែវិច្ឆិកាខាមុខនេះ នៅវេលាម៉ោង ៧៖១៤នាទី ។ ដោយឡែកសំបុត្រចូលរួមទស្សនាការប្រកួតដ៏កម្រនេះ បានដាក់លក់តាំងពីថ្ងៃទី១០ ខែវិច្ឆិកាមកម្ល៉េះ ដោយសំបុត្រប្រភេទទី១ មានតម្លៃ ៤ម៉ឺនរៀល និងប្រភេទ២ មានតម្លៃ ១២,០០០ រៀល ៕

ជប៉ុន មកដល់កម្ពុជា ម៉ោង ៥ល្ងាចនេះ ក្រោយបំបាក់សិង្ហបុរី ៣-០ ម្សិលមិញ

ក្រុមជម្រើសជាតិជប៉ុន