ប្រតិ​បត្តិ​ការ​៤ខេត្ត​បំបែក​សំបុក​ចោរ​សកម្ម​លួច​​រថយន្ត​ ចាប់​ខ្លួន​៦នាក់​ រក​ឃើញ​រថយន្ត​៧​គ្រឿង​

​ខេត្ត​កណ្តាល​៖ កម្លាំង​នគរ​បាល​ខេត្ត​កណ្តាល​បាន​បើក​កិច្ច​សហការ​ជាមួយ​នគរ​បាល​៣​ខេត្ត​ទៀត​រយៈ​ពេល​៧​ថ្ងៃ​ដើម្បី​តាម​រុក​រក​ជន​សង្ស័យ​ក្នុង​ករណី​បាត់​រថ​យន្ត​ ជា​លទ្ធ​ផល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​ចំនួន​៦នាក់​ និង​បាន​រក​ឃើញ​រថ​យន្ត​របស់​ជន​រង​គ្រោះ​ចំនួន​៧​គ្រឿង​នាំ​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ ។

​​លោក​រឿន ណារ៉ា ស្នង​ការ​រង​នគរ​បាល​ខេត្ត​កណ្តាល​បាន​ថ្លែង​ប្រាប់​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី​លួច​រថយន្ត​ទាំង​៦​នាក់ ១-ឈ្មោះ​មាស ចាន់​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​រិច ឃុំ​ក្តាញ់ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ, ២-ឈ្មោះ​សេង វណ្ណៈ ហៅ​ឌីជេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ ៣-ឈ្មោះអ៊ុន អ៊ីយូរ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​អូរ​ប្ញស្សី​ ឃុំ​អូប្ញស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ៤-ឈ្មោះ​គា សុម៉ិញ ភេទ​ស្រី អាយុ៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​សង្ស័យ​ឈ្មោះ​មាស ចាន់ថា ៥-ឈ្មោះ​ប្រាក់ សារុន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​លក់​ដូរ​ មាន​ទី​លំនៅ​ភូមិ​សែរ៉ា ឃុំ​ក្តាញ់ ស្រុក​ព្រៃ​កប្បាស និង៦-ឈ្មោះអោក វ៉ាន់​ឌី ហៅ​ស្កាយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​លក់​-ទិញ​រថយន្ត​នៅ​ខេត្ត​ក្រចេះ។

លោក​ស្នង​ការ​រង​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ ដោយ​មានការ​ចង្អុល​បង្ហាញ​ពី​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្តាល ខេត្ត​ក្រចេះ កំពង់​ចាម​បាន​ពន្លាត​ដែន​សមត្ថ​កិច្ច​បើក​ប្រតិ​បត្តិ​ការ​តាម​ចាប់​មុខ​សញ្ញា​ជន​សង្ស័យ​ និង​ស្វែង​រក​វត្ថុ​តាង​រថយន្ត​ដែល​ក្រុម​ចោរ​លួច​បាត់​។

ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ​ផ្តើម​ចេញ​ពី​បណ្តឹង​របស់​ឈ្មោះ​ឈុន ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ថា​បាន​បាត់​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ខ្មៅ​ កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​ចំណុច​ផ្សារ​ប៉េ​សេ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ៕