សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ការ​ដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​ឲ្យ​បាន​ច្រើន​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ បញ្ហា​ចរាចរ​គឺជា​ការ​ប្រឈម​ជា​ខ្លាំង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទោះជា​អាជ្ញាធរ​នេះ​មានការ​ខិតខំ​រិះរក​វិធី​ដូច​ជា ជួសជុល និង​ពង្រីក​ផ្លូវ​ក៏​ដោយ ។ ដើម្បី​កែសម្រួល​ប្រព័ន្ធ​ចរាចរ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ពេល​ថ្មី​ៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ជំរុញ​ដាក់​របាំង​បែង​ចែង​ទ្រូងផ្លូវ​តាម​ផ្លូវ​សំខាន់​ៗ​បន្ថែម​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ដាក់​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​ប្រភេទ​ខ្ពស់​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ភ្លើងស្តុប​ជលផល​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា ផ្លូវ​លេខ​៥៩៨, មហាវិថី​ម៉ៅ​សេ​ទុង​, ផ្លូវ​មុនី​រ៉េ​ត​ជាដើម ហើយ​នៅ​ពេល​ឆាប់​ៗ​នេះ​នឹង​ដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ថែម​ទៀត ដែល​កំណាត់​ផ្លូវ​ទាំងនេះ​តែងតែ​បង្ក​ការ​កកស្ទះ​ចរាចរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ។

លោក​សាំ ពិសិដ្ឋ បន្ត​ថា មាន​ពេល​ខ្លះ​រថយន្ត និង​ម៉ូតូ​ឡើង​ដល់​៤ ឬ​៥​ជួរ​ក៏​មាន ធ្វើ​ឲ្យ​ប្រព័ន្ធ​ចរាចរ​ជាប់​គាំង​តែ​ម្តង ជា​ពិសេស​នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ ។ ការ​ដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​នេះ​រួច អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​បាន​១​ចំណែក​ធំ ទោះជា​ស្ទះ​ក៏​មិន​ស្ទះ​ខ្លាំង ឬ​ជាប់​គាំង​យូរ​ដែរ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កើត​មានការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ គឺ​ដោយសារ​កំណើន​យានជំនិះ​គ្រប់​ប្រភេទ​, ផ្លូវ​តូច​ចង្អៀត​, ការ​ប្រើប្រាស់​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​មិន​បាន​ត្រឹមត្រូវ​, ការ​យក​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ​, ការ​ចត​គ្មាន​សណ្តាប់ធ្នាប់​, ការ​ខ្វះ​ចំណត​គួប​ផ្សំ​នឹង​ការ​បើកបរ​មិន​គោរព​ច្បាប់​ផង​ដែរ ។
គួរ​រំលឹក​ថា លោក ប៉ា សុ​ជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ស្ទះ និង​គ្រោះថ្នាក់​ចរាចរ​បាន​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ប្រមាណ​៧០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ដូចនេះ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ចរាចរ ៕