តើ​លោក សម រង្ស៊ី អាច​ជាប់ទោស​ព្រហ្មទណ្ឌ​?

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដោយសារតែ​ចោទ​រូបលោក​ថា មាន​ចេតនា​បង្អាក់​មិន​ឲ្យ​មានការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ តែ​យ៉ាងណា លោក សម រង្ស៊ី អះអាងថា អ្វីដែល​លោក​លើកឡើង​គ្រាន់តែ​ជាការ​សម្តែង​មតិ​តែប៉ុណ្ណោះ​។ ជាមួយគ្នា លោក នី ចរិយា អនុបណ្ឌិត​ច្បាប់ អះអាងថា អ្វីដែល​លោក សម រង្ស៊ី លើកឡើង មិនអាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​បានទេ ព្រោះ​វា​គ្រាន់តែ​ជាការ​សម្តែង​មតិ​ប៉ុណ្ណោះ​។

​វិធានការ​តាមផ្លូវ​ច្បាប់ ដែល​លោក ហ៊ុន សែន ព្រមាន​ចាត់ការ​លោក សម រង្ស៊ី ដោយសារ​រិះគន់​រឿង​បោះឆ្នោត​នោះ ត្រូវ​លោក នី ចរិយា ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថា និយាយ​ប្រាសចាក​ពី​អង្គច្បាប់​។ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ច្បាប់​នឹង​អាច​ចាត់ការ​លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​បាន ដោយសារតែ​លោក សម រង្ស៊ី ចោទប្រកាន់​រូបលោក​ថា មានបំណង​រារាំង​មិន​ឲ្យ​មានការ​បោះឆ្នោត​ទាំង​គ្មាន​ភស្តុតាង​។ ជាមួយនឹង​ការ​ថ្នា​ង​ថ្នាក់​ប្រសាសន៍​របស់លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​បង្ហើប​ពីបទ​ល្មើស​របស់លោក សម រង្ស៊ី ដែល​ច្បាប់​អាច​ចាត់ការ​បាន គឺ​បទល្មើស​បរិហារកេរ្តិ៍ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។​

​អនុបណ្ឌិត​ផ្នែក​ច្បា​ប់លោក នី ចរិយា បាន​ពន្យល់​ពីបទ​បរិហារកេរ្តិ៍​ថា លក្ខខណ្ឌ​នៃ​បទល្មើស​នេះ លុះត្រា​វា​ជា​រឿង​ឯកជន តែ​ករណី​រិះគន់​របស់លោក សម រង្ស៊ី ទៅលើ​លោក ហ៊ុន សែន អំពី​បញ្ហា​បោះឆ្នោត វា​គឺ​រឿង​សាធារណៈ​មិន​ពាក់​ពន្ធ​នឹង​បទល្មើស​បរិហារកេរ្តិ៍​ឡើយ​។​លោក បន្ត​លើកឡើងថា ប្រសិនបើ​លោក សម រង្ស៊ី គ្រាន់តែ​រិះគន់​បែបនេះ ត្រូវ​ជាប់ទោស​ព្រហ្មទណ្ឌ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​មិនតិច​នោះឡើយ ដែល​រិះគន់​លោក ហ៊ុន សែន ត្រូវ​ជាប់ទោស​នេះដែរ​។ សម្រាប់​លោក នី ចរិយា អ្វីដែល​លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន នោះ វា​គឺជា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​តែ​ប៉ុ​ណោះ​។ លោក នី ចរិយា បញ្ជាក់​យ៉ាងនេះ​ថា​៖ «​លោក ហ៊ុន សែន ច្រើនតែ​និយាយ​អត់​មើល​លើ​អង្គហេតុ គាត់​ចេញមក​គឺ ចោទ​យកតែ​ម្តង​។ អត់​ចេះ​មើល​ច្បាប់​»​។

​ទាក់ទង​នឹង​បញ្ហា​នេះ ពី​ប្រទេស​ជប៉ុន​មក​លោក សម រង្ស៊ី បាន​ផ្ញើ​សារ​បកស្រាយ​រឿងនេះ ប្រា​ប់លោក ហ៊ុន សែន ថា អ្វីដែល​លោក​លើកឡើង​គ្រាន់តែ​ការសម្តែង​មតិ​ប៉ុណ្ណោះ​។ លោក សម រង្ស៊ី ពន្យល់ថា អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា​ខុសច្បាប់ ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​អាក្រក់ គឺជា​ហេតុផល​ដែល​រូបលោក​ចោទ​លោក ហ៊ុន សែន ថា​មាន​ចេតនា​មិន​ចង់​ឲ្យ​មានការ​បោះឆ្នោត​នាពេលខាងមុខ​។ «​ទង្វើ​ទាំងអស់នេះ អាចជា​ផ្នែក​នៃ​គម្រោង​មួយ ដែល​គេ​រៀបចំឡើង ដើម្បី​បង្អាក់ដំណើរ​ការបោះឆ្នោត ទាំងមូល តែម្តង​។ នេះ​គ្រាន់តែ​ជា យោបល់ របស់ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី​។

​យ៉ាងណា​ក៏ដោយចុះ​ក្នុងនាម​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា មិន​ហ៊ាន​និយាយថា តុលាការ​កម្ពុជា នឹង​ចាត់វិធានការ​លើ​លោក សម រង្ស៊ី ឬ​យ៉ាងណា​នោះឡើយ​? តែ​លោក​ទទួលស្គាល់ថា កន្លងមក​ឲ្យ​តែ​លោកនាយក​រដ្ឋមន្ត្រី និយាយ​ហើយ ភាគច្រើន អាជ្ញាធរ ឬ​តុលាការ តែងតែ​អនុវត្តតាម​។ លោក នី ចរិយា ហ៊ាន​និយាយថា ប្រសិនបើ​តុលាការ​ចាត់ការ​លោក សម រង្ស៊ី ដោយសារតែ​រិះគន់​រឿង​បោះឆ្នោត​នេះ​មែន សហគមន៍​អន្តរជាតិ​នឹង​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​មិន​ខាន​៕

​ក្រមព្រហ្មទណ្ឌ​កម្ពុជា មាត្រា ៣០៥ បាន​ចែងថា គ្រប់​ការអះអាង​បំផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​ស្ថាប័ន​ណាមួយ គឺជា​អំពើ​បរិហារកេរ្តិ៍​។ ការបរិហារកេរ្តិ៍​ធ្វើឡើង តាមរយៈ​ពាក្យសម្តី និង​លិខិត​ជាដើម​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​