ភីអិនអិន នាំមកជូនកម្មវិធីថ្មី ដោយបញ្ចូល ការរត់ប្រណាំង ជាមួយការប្រគំតន្រ្តី

ភ្នំពេញ: ស្ថានីយទូរទស្សន៍ PNN កាលពីចុងសប្តាហ៍ បាននាំមកជូនទស្សនិកជន នូវកម្មវិធីថ្មីមួយ ដោយផ្សំគ្នារវាងការស្វែងរកបុរស និងនារី ដែលរត់លឿនបំផុតនៅក្នុងប្រទេស ជាមួយគ្នានឹងការប្រគំតន្រ្តី ដែលមានការចូលរួមពីតារាចម្រៀងល្បីៗ។

ព្រឹត្តិការណ៍ដ៏ធំបំផុត Smart I am the Fastest ត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ភីអិនអិន កាលពីវេលាម៉ោង៦លា្ងច ថ្ងៃសៅរ៍។ កម្មវិធីរៀបចំធ្វើឡើងដំបូង នៅក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងពោធិ៍សាត់ដោយអ្នកចូលរួម ប្រកួតរត់ប្រណាំងនៅក្នុងខេត្តទាំងនោះ បានធ្វើការប្រកួតគ្នា ដើម្បីដណ្តើមយកជ័យលាភីប្រចាំខេត្តរបស់ខ្លួន។

ព្រឹត្តិការណ៍នេះផងដែរ មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណារាជ ដោយបានធ្វើការសម្តែងផ្ទាល់ នៅពីមុខទស្សនិកជនរាប់ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងពោធិ៍សាត់។

ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart លោក Yap Kokleong បានមានប្រសាសន៍ថា “នេះជាការប្រកួតប្រជែងលើកកម្ពស់ផ្នែកសុខភាព និងកាយសម្បទាដ៏សប្បាយរីករាយមួយ ហើយកម្មវិធីនេះផងដែរ គឺបើកចំហ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួម។”

ព្រឹត្តិការណ៍ Smart I am the Fastest បានរៀបចំនៅតាមទីកន្លែងផ្សេងៗទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ ពីសេវា 4G LTE របស់ក្រុមហ៊ុនទូរស័ព្ទ Smart ដែលសេវានេះបានគ្របដណ្ដប់ ២៥ ខេត្តក្រុងទូទាំងប្រទេសហើយ ។

ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំង ដែលបានរៀបចំធ្វើឡើងដំបូង នៅក្នុងខេត្ត បន្ទាយមានជ័យ កោះកុង និងពោធិ៍សាត់ នេះ បានទាក់ទាញទស្សនិកជនរាប់ពាន់នាក់ ក្នុងនោះអ្នកចុះឈ្មោះចូលរួមប្រកួតមានចំនួនរាប់រយនាក់។

អ្នកចូលរួមប្រកួតទាំងនោះ ត្រូវរត់ប្រណាំងក្នុងចម្ងាយ១០០ម៉ែត្រ ហើយបន្ទាប់មកគឺត្រូវរត់តាមផ្លូវ ដែលមានឧបសគ្គ។ ក្នុងនោះ អ្នកឈ្នះសម្រាប់ការប្រកួត នៅក្នុងសប្តាហ៍ដំបូងប្រចាំខេត្តនីមួយៗមានដូចជា៖

នៅខេត្តបន្ទាយមានជ័យ៖ លោក ម៉ៅ សារ៉ូ ឈ្នះក្នុងវិនាទី ០០:៣៤ និងកញ្ញា រិន សុផានី ឈ្នះក្នុងវិនាទី ០០:៤៧ ។
នៅខេត្តកោះកុង៖ លោក សេង ឡេះ ឈ្នះក្នុងវិនាទី០០:៣៨ និងកញ្ញា ព្រំ ពិសី ឈ្នះក្នុងវិនាទី០០:៥២ ។

នៅខេត្តពោធិ៍សាត់៖ លោក គឹម សេវឃាង ឈ្នះក្នុងវិនាទី០០:៤៦ និងកញ្ញា គ្រឿន លក្ខិណា ឈ្នះក្នុងវិនាទី០០:៥៧ ។
អគ្គនាយកទូរទស្សន៍PNNលោកGlen Felgate បានមានប្រសាសន៍ថា៖ “យើងមានមោទនភាព ដែលអាចនាំមកនូវព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ ជូនដល់ទស្សនិកជន។ កម្មវិធីនេះ គឺជាកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យមួយ ដែលមានទាំងការប្រគំតន្រ្តីចូលរួមពីតារាល្បីៗទៀតផង។”

កម្មវិធីSmart I am the Fastestបន្ទាប់ នឹងធ្វើការចាក់ផ្សាយនៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ទី១៤ វិច្ឆិកា។ កម្មវិធីនេះនឹងចាក់ផ្សាយពីការប្រកួតរត់ប្រណាំង និងការប្រគំតន្រ្តីដែលបានធ្វើឡើងក្នុងខេត្ត បាត់ដំបង កំពត ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ។

នៅថ្ងៃសៅរ៍ ១៤ វិច្ឆិកានេះ ព្រឹត្តិការណ៍រត់ប្រណាំង The Smart I Am the Fastest នឹងប្រព្រឹត្តទៅនៅឯខេត្តសៀមរាប ស្វាយរៀង និងព្រះវិហារ ។

នៅថ្ងៃ ១២ ធ្នូ ក្រុមហ៊ុន Smart នឹងរៀបចំមហាព្រឹត្តិការណ៍ទីពីរ គឺការប្រគំតន្ត្រីរបស់តារាចម្រៀងអន្តរជាតិដ៏ល្បី គឺអ្នកនាង Jessi J. ។ សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមលក់ហើយ ហើយរំពឹងថា នឹងមានការចូលរួមពីអ្នកចូលចិត្តតន្ត្រីជាង ៣ ម៉ឺននាក់ ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.smart.com.kh/smart-mega-concert-jessie-j ៕