ចេញដីកា បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី យកទៅដាក់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿង លោក ហោ ណាំហុង ប្តឹង

ភ្នំពេញ ៖ ខណៈលោក សម រង្ស៊ី កំពុងស្ថិតនៅក្រៅប្រទេស ស្រាប់តែនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ អយ្យ ការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យមន្រ្តីមានសមត្ថកិច្ច ធ្វើការចាប់ខ្លួន លោក សម រង្ស៊ី ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម យកទៅដាក់ពន្ធនាគារ ដោយយោងទៅតាមអំណាច សាលដីការបស់ សាលាឧទ្ធរណ៍ ដែលបានចូលជាស្ថាពរ កាលពីឆ្នាំ២០១៣ កន្លងទៅនេះ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ លេខ ០៥ អយឃ ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដែលចេញដោយព្រះរាជអាជ្ញារង ឈ្មោះ ស៊ី វណ្ណនី បានសម្រេចឲ្យចាប់ ខ្លួនលោក សម រង្ស៊ី តាមអំណាចសាលដីកាស្ថាពរលេខ ១៥ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់ សាលាឧទ្ធរណ៍ និងបង្គាប់ទៅកងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនទណ្ឌិតឈ្មោះ សម រង្ស៊ី យក ទៅអនុវត្តទោស នៅពន្ធនាគារ ។

សូមបញ្ជាក់ថា យោងតាមអំណាចសាលក្រម និងសាលដីកាស្ថាពរខាងលើ ដែលមានប្រសិទ្ធិភាពក្នុងការអនុវត្តន៍ ហើយនោះ គឺសាលដីកាបានសម្រេចធ្វើការផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជា ប្រាក់ចំនួន ៨លានរៀល ពាក់ព័ន្ធលើសំណុំរឿងដែលត្រូវបានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ មន្រ្តីក្រសួងការបរទេស បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងចោទ ប្រកាន់លោក សម រង្ស៊ី ក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តឡើងនៅ សារមន្ទីរជើងឯក ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ តាម មាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយលោក ហោ ណាំហុង ប្តឹង និងតុលាការ សម្រេចធ្វើការចោទប្រកាន់ ក្នុងបទល្មើសខាងលើនេះ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ និងប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ ដោយសម្រេចធ្វើការផ្តន្ទាទោស លោក សម រង្ស៊ី ឲ្យ ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងជំងឺចិត្តចំនួន ៨លានរៀល ហើយលោក សម រង្ស៊ី បានប្តឹងឧទ្ធរណ៍ និងត្រូវ សាលាឧទ្ធរណ៍ធ្វើការជំនុំជម្រះ និងចេញសាលដីកាលេខ ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ដោយ សម្រេចតម្កល់សាលក្រម របស់សាលាដំបូង រាជធានីភ្នំពេញ ដែលសាលដីកានេះបានចូលជាស្ថាពរ ។ ដោយ ឡែកចំពោះការសម្រេចចេញដីកា បង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី យកទៅអនុវត្តទោសនាពេលនេះ គឺធ្វើឡើង យោងតាមពាក្យសុំអនុវត្តសាលដីកាស្ថាពរ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់លោក ការ សាវុត្ថ មេធាវី តំណាងដោយអាណត្តិ ឲ្យលោក ហោ ណាំហុង ។

ពាក់ព័ន្ធទៅនឹងករណីលោក ហោ ណាំហុង សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក សម រង្ស៊ី ក្នុងបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងខាងលើនេះ ត្រូវបានគេអះអាងថា ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ទៅចូលរួមនៅក្នុងពិធីសាសនាតាមប្រពៃណីមួយ នៅសារមន្ទីរជើងឯក ហើយពេលនោះលោក សម រង្ស៊ី បាននិយាយប៉ះពារទៅលើលោក ហោ ណាំហុង ថា ជាមេដឹកនាំខ្មែរក្រហមដែលមានតួនាទីមួយរូបនៅ សាលាបឹងត្របែក ។

គេបានដឹងថា ខណៈដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី នៅពេលនេះ បច្ចុប្បន្ននេះលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ កំពុងស្ថិតនៅក្នុងប្រទេសកូរ៉ខាង ត្បូង ដើម្បីជួបជាមួយពលករខ្មែរ ដែលធ្វើការងារ នៅទីនោះ តែគេមិនដឹងថា ក្រោយបញ្ចប់បេសកកម្ម នៅប្រទេស កូរ៉េនោះ តើលោក សម រង្ស៊ី នឹងវិលចូលមកក្នុង ប្រទេសវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួន យកទៅដាក់ពន្ធនា គារ ឬយ៉ាងណានោះទេ ។

ពាក់ព័ន្ធទៅនឹងការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ខាងលើនេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ មិនមានមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិរូបណាម្នាក់ ត្រូវបានមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ធ្វើការទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺបាននោះឡើយ សូម្បីតែលោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យរបស់ គណបក្ស ៕