ក្រុមហ៊ុន​កាត់ដេរ​ឥណ្ឌូនេស៊ី​ទទួល​បាន​កិច្ចសន្យា​ផ្គត់ផ្គង់​ឯកសណ្ឋាន​យោធា​ឲ្យ​កម្ពុជា

ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​របស់​ឥណ្ឌូនេស៊ី ឈ្មោះ ស្រ៊ីធេច (SriTex) ទទួល​បាន​កិច្ច​សន្យា​ដែល​មាន​តម្លៃ ៥០​លាន​ដុល្លារ ដើម្បី​លក់​សម្លៀក​បំពាក់​ឯកសណ្ឋាន​ប៉ូលិស និង​ទាហាន​ឲ្យ​កម្ពុជា នៅ​ឆ្នាំ​២០១៦។

កាសែត​ហ្សាកាតា ក្លូប (Jakarta Globe) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កិច្ច​សន្យា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទីផ្សារ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ទៅ​បរទេស។ ក្រុមហ៊ុន ស្រ៊ីធេច កំពុង​សម្លឹង​មើល​ទីផ្សារ​អន្តរជាតិ ៤​ផ្សេង​ទៀត រួម​មាន​ប្រទេស​អេស្ប៉ាញ បារាំង ហុងកុង និង​ប៉េរូ។

នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​នេះ លោក អាលឡាន មូរ៉ាន់ (Allan Moran) ថ្លែង​ថា ជា​ទូទៅ​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន និង​ដៃគូ មាន​រយៈពេល​មួយ​ឆ្នាំ ហើយ​ក្រុមហ៊ុន​គ្រោង​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រួម​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​ក្រោយ ដើម្បី​សម្របសម្រួល​ដំណើរ​ការ​ផ្ទេរ​ទំនិញ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ ហ្សាកាតា ក្លូប។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា មិន​អាច​ទាក់ទង​លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដើម្បី​បញ្ជាក់​ពី​ការ​ចុះ​កុងត្រា​តម្លៃ ៥០​លាន​ដុល្លារ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។