សហជីព៩ ចេញសេចក្តីថ្លែង ការណ៍ មិនពេញចិត្ត គណៈរដ្ឋមន្រ្តី អនុម័តសេចក្តី ព្រាងច្បាប់សហជីព

ភ្នំពេញ ៖ ក្រោយគណៈរដ្ឋមន្ត្រី សម្រេចអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីសហជីពរួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទីសុក្រ ទី១៣ ខែវិច្ឆិកានេះ មានសហជីពចំនួន៩ នៅកម្ពុជា បានចេញរួមគ្នាចេញ សេចក្តីថ្លែងបង្ហាញ ការមិនពេញចិត្តចំពោះការអនុម័តនេះ។

យោងតាម សេចក្តីថ្លែងការណ៍រួម ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី១៣ វិច្ឆិកា នេះបានឲ្យដឹងថា ពួកគេមិនសប្បាយចិត្តចំពោះសេចក្តី ព្រាងច្បាប់សហជីព ដោយលើកឡើងថា សេចក្តីព្រាង ច្បាប់ ចុងក្រោយនេះ មិនបានប្រគល់ឲ្យក្រុមសហជីពពិនិត្យ និងមិនបានពិគ្រោះយោបល់ជាមួយពួកគាត់ឡើយ។

សេចក្តីប្រកាស បន្តទៀតថា ការបិទបាំង សេចក្តីព្រាងច្បាប់ស្តីពីសហជីពចុងក្រោយ ដោយរាជរដ្ឋាភិបាលនេះ ពួកខ្លួនមានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះ អាចមិនមានការកែប្រែក្រោយសំណូមពររបស់សហជីព ហើយក៏បារម្ភថា ច្បាប់នេះវាអាចជាចេតនាដាក់សេរីភាពសហជីព ឲ្យនៅក្រោមអំណាចលើសលប់របស់រដ្ឋ  ដើម្បីចូលខ្លួនយ៉ាងជ្រៅដល់កិច្ចការសំរេចផ្ទៃក្នុងរបស់សហជីព និងធ្វើឲ្យសហជីពបាត់បង់ភាពឯករាជ្យរបស់ខ្លួន  ដែលពួកគេមើលឃើញ ការបង្កើតនេះ គឺជាមធ្យោបាយទប់ស្កាត់សិទ្ធិ ជាសមូហភាពរបស់សហជីព ឯករាជ្រក្នុង ការចូលរួមយុទ្ធនាការទាមទាប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករ ។

សេចក្តីប្រកាសបន្តថា បើរាជរដ្ឋាភិបាល នៅតែមានចេតនាជម្រុញ ក្នុងការអនុម័តច្បាប់នេះ ដោយមិនបានដាក់ បញ្ចូល សំណើររួមរបស់សហជីព សហភាព សហព័ន្ធ ពួកគេមានតែជ្រើសរើសធ្វើកូដកម្មបាតុកម្ម ជាលក្ខណៈ ទ្រង់ទ្រាយធំថ្នាក់ជាតិនាពេលដ៏ខ្លីខាងមុខ៕