លោក អេង ឆៃអ៊ាង៖ មិនអាចចាប់ខ្លួន លោកសម រង្ស៊ី បានទេ ព្រោះលោក មានអភ័យឯកសិទិ្ធ

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិច នារសៀលថ្ងៃនេះថា ការចេញដីការបស់សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ត្រូវបានលោក អេង ឆៃអ៊ាង លើកឡើងថា ជារឿងគួរឲ្យចង់សើច និងមិនអាចចាប់ខ្លួនលោក សម រង្ស៊ីបាននោះទេ ព្រោះលោកមានអភ័យឯកសិទិ្ធ។

លោក អេង ឆៃអ៊ាង បានលើកឡើងទាំងអស់សំណើចថា រឿងចេញដីកានេះ គឺជារឿងគួរឲ្យចង់សើច ព្រោះដីកានេះគឺយោងទៅតាមពាក្យបណ្តឹង កាលពីឆ្នាំ២០០៨ឯណោះ ហេតុអ្វីទើបចេញនៅពេលនេះ ព្រោះកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានចុះយន្តហោះចូល មកកម្ពុជា ហេតុអ្វីមិនព្រមចាប់ខ្លួននៅពេលនោះ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនោះបានបន្តថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក សម រង្ស៊ី គ្រប់រឿងហើយកាលពីឆ្នាំ២០១៣ ចុះហេតុអ្វីនៅមានមួយរឿងទៀត។ ហើយអី្វដែលសំខាន់នោះ លោក អេង ឆៃអ៊ាង បានអះអាងថា លោក សម រង្ស៊ី ត្រូវបាន គណៈកម្មាធិការរៀបចំការបោះឆ្នោតទទួលស្គាល់ជាតំណាងរាស្រ្ត និងឲ្យស្បថចូលកាន់តំណែង ដូច្នេះលោកសម រង្ស៊ី មានអភ័យឯកសិទិ្ធមិនអាចចាប់បានទេ នេះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ។

សូមជម្រាបថា នៅរសៀលថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលនៅក្នុងដីកានោះ តុលាការបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល៕

លោក អេង ឆៃអ៊ាង៖ មិនអាចចាប់ខ្លួន លោកសម រង្ស៊ី បានទេ ព្រោះលោក មានអភ័យឯកសិទិ្ធ