ក្រោយបន្តចាញ់អាហ្វហ្គានីស្ថាន ក្រុមកម្ពុជា ផ្តោតលើការជួបជប៉ុនវិញម្តង

ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា នៅ​តែ​រក​មិន​ទាន់ឃើញ​ការ​ឈ្នះ សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី បន្ទាប់​ពី​ក្រុម​ដ៏​កម្សត់​មួយ​នេះ បាន​បន្ត​ចាញ់​​ក្រុម​អាហ្វហ្គានីស្ថាន នៅ​លើ​ទឹក​ដី​ប្រទេស​អ៊ីរ៉ង កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

ការ​បន្ត​ចាញ់​​ក្រុម​អាហ្វហ្គានីស្ថាន ក្នុង​លទ្ធ​ផល ៣-០ នៅ​ក្រៅ​ទឹក​ដី​លើក​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម​កម្ពុជា នៅ​តែឈរ​​បាតតារាង​ប្រចាំ​ពូល​Eដដែល ដោយ​មាន​០ពិន្ទុ ខណៈ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វី​ប​អាស៊ី​ជប៉ុន បានលត់​ក្រុម​សិង្ហបុរី ៣-០ កាល​ពី​យប់​ម្សិល​មិញ​ដែរ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​​លេខ​រៀង​ទី​១​ប្រចាំ​ពូល​នេះ​វិញដោយ​មាន​១៣​ពិន្ទុ និង​បាន​​ទម្លាក់​ក្រុម​ស៊ីរី ដែល​មាន​១២​ពិន្ទុ​ឲ្យ​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ហើយ​សិង្ហបុរី បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៣​ដោយ​មាន​១០​ពិន្ទុ និង​អាហ្វហ្គានីស្ថាន ឈរ​នៅ​លេខ​រៀង​ទី​៤ លើ​កម្ពុជា ដោយ​មាន​៦ពិន្ទុ។
2
បើ​ទោះ​បី​ជា​ការប្រកួត​លើក​នេះ ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​អាហ្វហ្គានីស្ថាន​រហូត​ដល់ ៣-០ គឺ​ច្រើន​ជាង​មុន​ដែល​កម្ពុជា បាន​ចាញ់​ត្រឹម​តែ​១-០ ប៉ុន្តែ​អ្នក​គាំ​ទ្រ​ជា​ជន​រួម​ជាតិ ដែល​បាន​ទស្សនា​ការ​ប្រកួត​នេះ​តាម Link នៅ​តែ​កោត​សរសើរ​ពី​ការ​ខិត​ខំ​លេង​របស់​​ក្រុម​កម្ពុជា ក្រោម​អាកាស​ធាត់​ដ៏​ត្រជាក់​នៅ​ប្រទេស​អ៊ីរ៉ង់។

ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា នឹង​វិល​មក​ដល់​​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ហើយពួក​គេ នឹង​ចូល​ទៅ​កាន់​ទីលាន​ហ្វឹក​ហាត់​ទាំង​យប់​តែ​ម្តង ដើម្បី​ត្រៀម​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​យប់ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា ខាង​មុខ​នេះ ខណៈ​ក្រុម​ជប៉ុន ដែល​នឹង​មក​ដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ នឹង​ធ្វើ​ការ​ធ្វើ​ហ្វឹក​ហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ ប៉ុន្តែ​ការ​ហ្វឹក​ហាត់​របស់​​កីឡាករ​ទាំង​២៣​នាក់​​របស់​ជប៉ុន​ជា​លើកដំបូង នៅ​លើ​ទឹក​ដី​កម្ពុជា មិន​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ចូល​ទៅ​មើល​នោះ​ទេ។
3
សម្រាប់​ការ​​ប្រកួត​ជើង​ទី​១ នៅ​លើ​ទឹក​ដី​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៣ ខែកញ្ញា ក្រុម​កម្ពុជា ​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ៣-០ ហើយ​ការ​វិល​មក​ជួប​គ្នាជើង​ទី​២​ខាង​មុខ​នេះ ក៏​កម្ពុជា គ្មាន​សង្ឃឹម​ក្នុង​ការ​សង​សឹក​វិញ​បាន​នោះ​ដែរ។ ប៉ុន្តែ​កម្ពុជា បាន​ផ្តោត​ខ្លាំង​បំផុត​ចំពោះ​ការ​ប្រកួត​នេះ ព្រោះនេះ​ជា​ការដ៏​សំខាន់​លើក​ដំបូង​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ហេតុ​នេះ​ពួក​គេ​ត្រូវ​តែ​ខំ​ឲ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​អ្នក​ទស្សនា ដែល​កំពុង​សម្រុក​ទិញ​សំបុត្រ ចូល​មើល​ការ​ប្រកួត​នេះ។
1
បើ​ទោះ​បី​ជា ការ​ប្រកួត​ជាមួយ​ក្រុម​ជប៉ុន​លើក​នេះ សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា បាន​តម្លើង​តម្លៃ​សំបុត្រ ដោយ​កន្លែង​មាន​ដំបូង​១​សន្លឹក​តម្លៃ​៤០០០០​រៀល និង​កន្លែង​អត់​ដំបូង​១​សន្លឹក​តម្លៃ​១២០០០​រៀល ប៉ុន្តែ​ការ​ប្រកួត​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​មិន​ក្រោម​​៥​ម៉ឺន​នាក់​នោះ​ទេ ហើយ​នេះ​ជា​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពង្រឹង​ទៅ​លើ​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​ផង​ដែរ ខណៈ​កៅអី​ជ័រ​សម្រាប់​អង្គុយទស្សនា ត្រូវ​បាន​ដាក់​លេខ​រៀង​យ៉ាង​ស្អាតរួច​រាល់​ផង​ដែរ។

បន្ថែម​​លើ​នេះ​ខាងភាគី​​ជប៉ុន ក៏​បាន​ចុះមក​ត្រួត​ពិនិត្យ និង​ជួយ​រៀបចំ​​គេ​លំអ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ឲ្យ​បាន​ល្អ​ផង​ដែរ ហើយ​ប្រទេស​អ្នក​មាន​មួយ​នេះ​ បាន​រួម​ជួយ​ខាង​បច្ចេក​ទេស​​ខាង​ការ​ផ្សាយ​ផ្ទាល់ ​ពី​ការ​ប្រកួត​នេះ​ទៅ​កាន់​ពិភពលោក ដោយ​ពួក​គេ​​បំពាក់​កាម៉ារ៉ា​ទំនើបៗ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត ដើម្បី​ធ្វើ​ការ​ការ​ផ្សាយ​ផ្ទាល់​មាន​ភាព​ច្បាស់​​ល្អ ​តាម​បែប​ស្តង់​ដារ៕