ស្ត្រី​ខ្មែរ​បីនាក់​បន្ថែមទៀត ត្រូវបាន​ក្រសួងការបរទេស ជួយសង្គ្រោះ​ពី​ប្រទេស​ចិន និង​ម៉ាឡេស៊ី​

ភ្នំពេញ: ​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​របស់​ក្រសួងការបរទេស បានប្រកាស​នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន និង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយសង្គ្រោះ​ជាតិ​ស្ត្រី​ខ្មែរ សរុប ៣ នាក់ បន្ថែមទៀត​។ ស្ត្រី​ទាំងនោះ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​១២​វិច្ឆិកា ដល់​ថ្ងៃទី​១៦​វិច្ឆិកា​។​

​សេចក្តីប្រកាស បង្ហាញថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ​ចំនួន ០១​នាក់ ឈ្មោះ សេង ថា អាយុ ២៤ ឆ្នាំ កើត​នៅ​ភូមិ​ព្រៃ​ជ័រ ឃុំ​ខ្លែង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន  នៅ​ប្រទេស​ចិន តាំងពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ខេត្ត​ជាំ​ង​ស៊ី ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

​សេចក្តីប្រកាស​ដដែល លើកឡើងថា ស្ដ្រី​រងគ្រោះ សេង ថា  បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ : ០៥  នាទី រសៀល តាម​ជើងយន្តហោះ K៦៦៦៩ ។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី  បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន ២ នាក់ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​ខ្មែរ​រងគ្រោះ​ទាំងពីរ​នេះ មានឈ្មោះ​៖-​ថា​ង ណាក់ អាយុ ៣៨ ឆ្នាំ នៅ​ខេត្តកំពង់ចាម ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​នាំយកទៅ​ធ្វើការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ មិថុនា ឆ្នាំ ២០១៥ ហើយ​ត្រូវបាន​ថៅកែ​ជះ​ទឹក​ក្តៅ និង​វាយ​ធ្វើបាប​។  ពល​ការិនី​រូបនេះ   នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ០៧ : ៥០  នាទី​ព្រឹក តាម​ជើងយន្តហោះ AK៥៣៦ ។ កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ការហូបចុក ដល់​ពល​ការិនី​នេះ​។​

​សេចក្តីប្រកាស លើកឡើងថា ចំណែក ឈាន ស្រី​ម៉ៅ  អាយុ ១៩ ឆ្នាំ នៅ​ខេត្តបាត់ដំបង ដែល​ត្រូវបាន​មេខ្យល់​បោក​យកទៅ​ធ្វើការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ ហើយ​ជួប​ការលំបាក​ក្នុង​ការងារ​។ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ អង្គការ Good Shepherd បាន​នាំ​ពល​ការិនី​រូបនេះ​មក​ស្ថានទូត ដើម្បី​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។ ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ឲ្យ​នាង​។ ពល​ការិនី ឈាន ស្រី​ម៉ៅ  នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦ : ០០  នាទី​រសៀល តាម​ជើងយន្តហោះ AK៥៣៤៕​