រថយន្ត​ច្នៃ​និង​ម៉ូតូ​សេ​១២៥​បុក​គ្នា​នៅ​កំពង់ធំ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ខេត្តកំពង់ធំ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ច្នៃ និង​ម៉ូតូ​ហុងដា សេ​១២៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្រ​ង៉ៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ។

លោក ហេង ឈុនហ៊ី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បល្ល័ង្ក​ បាន​ឲ្យដឹងថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-ឈ្មោះ ជុំ ម៉ោង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក មុខរបរ​អ្នក​រត់​ម៉ូតូឌុប ​និង​ជា​អ្នក​បើក​ម៉ូតូ (​ស្លាប់​នៅ​មន្ទីរពេទ្យ​), ២-ឈ្មោះ លឹ​ម សុង ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង ៣-​ឈ្មោះ ឌុ​ក ខេន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា (​របួសធ្ងន់​) ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​បារាយណ៍ ។

លោក ហេង ឈុនហ៊ី បន្តទៀតថា ចំណែក​អ្នកបើកបរ​រថយន្ត​ច្នៃ​ឈ្មោះ ជិន ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​តូង ឃុំ​បល្ល័ង្ក បាន​មក​ជួល​កន្លែង​ជួសជុល​រថយន្ត​នៅ​ភូមិ​ព្រៃ​ស្រ​ង៉ែ ឃុំ​បល្ល័ង្ក បាន​បើករថយន្ត​គេចខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព