ណ​យ សំណាង​ធ្លាក់ខ្លួន​ដុនដាប​មិន​សំណាង​ដូចជា​ឈ្មោះ​សោះ​

Sanofi

​ពិត​ជាមាន​មនុស្ស​ជាច្រើន​ដែល​ស្គាល់​យាយ ណ​យ សំណាង​ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ដែល បាន​បំរើ​អារម្មណ៍​ទស្សនិកជន​ក្នុង​វិស័យ​សិល្បៈ​ជា​យូរ​មកហើយ​ប៉ុន្តែ​ពេលនេះ​គាត់​មិនអាច​បន្ត​ប្រឡូក​សិល្បៈ​បំរើ​មហាជន​ទៀត​ដែរ​ដោយសារ​ធ្លាក់ខ្លួន​ឈឺ​និង​ជួប​លំបាក​ក្នុង​ជីវភាព​។​តារា​ជើងចាស់​ពហុ​ជំនាញ ណ​យ សំណាង ដែល​ចេះ​ទាំង​កំប្លែង អា​យ៉ៃ មហោរី និង​ថែមទាំង មាន​ងារ​ពី​ប្រជាប្រិយភាព​លើ​វិថី​សិល្បៈ​ពេលនេះ​បាន​ឈានដល់​វ័យ​៧២​ឆ្នាំ​ហើយ​គួរ​ណាស់​តែមាន​សំណាង​ព្រោះ​បានធ្វើ​ឲ្យ​គេ​មានការ​សប្បាយរីករាយ​ក្នុង​ចិត្ត​អារម្មណ៍​ជ្រះថ្លា​ពេល​បាន​ទស្សនា​ការសំដែង របស់គាត់​ម្តងៗ​ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​សំណាង​តែ​ឈ្មោះ​ពីរោះ​ទាំង​សំឡេង​ទៀត​តែ​វាសនា​ចារ​មិន​ដូច​ឈ្មោះ​របស់គាត់​ឡើយ​ពោលគឺ លោកយាយ ណ​យ សំណាង ជ្រក​តែ​ក្រោម​ដំបូល​ផ្ទះជួល​គេ​និង​រក អង្ករ​ច្រក​ឆ្នាំង​ស្ទើរ មិន​គ្រប់​។​

សិល្បការិនី​វ័យ ៧២ ឆ្នាំ ណ​យ សំណាង​ពេលនេះ​ក្នុង​រូប​កាយ​ត្រូវបាន​ញាំញី ដោយ​ជំងឺ​គ្មាន ស្រាកស្រាន្ដ​គាត់​មាន​ជំងឺ​ជាច្រើន​មុខ លើសឈាម ខ្វះ​ជាតិ​ស្ករ ខ្សោយបេះដូង​នៅ​ប្រឹង​ទាំង​ដង្ហើម​ត្រដរ ខ្យល់ ព្រោះ​ចាំបាច់​ត្រូវ​ដោះស្រាយ​បន្ទុក​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន ៧​នាក់​ទៀត​។ ដោយ​មើលឃើញ​ពី​ភាព​កម្សត់​ក្នុង​ជីវិតចុងក្រោយ​របស់​យា​យ ណ​យ សំណាង​ដែល កំពុង​ញាំញី​ដោយ ជំងឺ​នោះ​ទើប​ក្រុមការងារ​នៃ​សមាគម​សិល្បៈ និង​ព្រះ​ស​ង្ឈ​នាម នាគ​មុនី​ស​ត្ថា​សុ​ខុ​មោ នី សុវណ្ណ​មុនី​រ៉េត ទីប្រឹក្សា​សម្តេច​សង្ឃ ន​ន្ទ ង៉ែត មេ​កុ​ដ​លេខ ២៤ នៅ​វត្ត​នាគ​វ័ន​បាន​បរិច្ចាគ​ទាន​ជា​សម្ភារៈ​សម្រាប់ បរិភោគ​និង ថវិកា ដែល​អាច​ឲ្យ​លោកយាយ និង​ចៅៗ​កំព្រា​ដោះស្រាយ​ចម្លង​បាន​មួយគ្រាៗ​ដែរ​។​ជាមួយ​ទឹកមុខ​ស្រពាប់​ស្រពោន សំឡេង​ខ្សាវៗ យាយ ណ​យ​សំណាង បន្លឺ​មួយៗ​ថា​៖ «​រំភើប​ពេក​ឮ​ពាក្យសម្ដី​កូនក្មួយ​ជូនពរ សុខភាព​ក៏​ខ្សោយ​ផង​នោះ ក៏​ស្រឺ​ត​អ៊ីចឹងទៅ​»​។​បន្ដ​ពីស​ម្ដី​នេះ លោកយាយ​ប្រាប់ទៀតថា​៖«​តែ​អ៊ីចឹង រាល់ថ្ងៃ​ក៏​អ៊ីចឹង​ដែរ មានអី​រំភើប ឬ​ភ្ញាក់ផ្អើល​នោះ​ក៏​ស្រឺ​តទៅ​ភ្លាម អ៊ីចឹង​ហើយ​បាន​ទៅ​សិល្បៈ​មិនកើត​ហ្នឹង​។​តែ​ចិត្ត​នោះ​គឺ​ចង់​ណាស់ ព្រោះ​ជីវិត​នេះ​វាចា​ស់ តែ​នៅ​ចៅៗ រហង់ ៧ នាក់​ទៀត នៅចាំ​ផ្ទះ​ដូច​កូនចាប​ចាំ​មេ​នាំ​ចំណី​យកទៅ​បញ្ចុក​»​។

រំឭក​ពី​ខ្សែជីវិត កម្សត់ ជីវភាព​គ្រួសារ ធ្លាក់​ដុនដាប់ វេច​បង្វេច​ដើរ​ជួល​តែ​ផ្ទះ​គេ​ជ្រក​ក្តៅ​ភ្លៀង រងារ​យប់​ថ្ងៃនោះ លោកយាយ ពោល​ប្រាប់ថា​៖ «​ក្រោយពី​ស្វាមី​ជា​តន្ត្រីករ​ភ្លេង​ប្រពៃណី​បាន ស្លាប់បាត់ បង់ជីវិត ៣ ឆ្នាំ​ជា​អកុសល​កូនប្រុស​ច្បង​ដែលជា​អ្នករាំ​ប្រចាំ​ក្រុម លោក ខេមរៈ សិរីមន្ដ បាន​ស្លាប់ ទៀត ក្នុង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ និង​បន្សល់ទុក​នូវ​បន្ទុក​ដ៏​ធ្ងន់​គឺ​កូនៗ​មក​ឲ្យ​ខ្ញុំ​មើលថែ​ដល់​ទៅ ៧ នាក់ »​។​យាយ ណ​យ សំណាង​សព្វថ្ងៃ​រស់នៅ​ផ្ទះជួល​តំបន់​បឹងទំពុន​រួម​ជាមួយនឹង​សាច់ញាតិ​មួយ​គ្រួ សារ ផ្សេងទៀត​ក្នុងតម្លៃ ១៨០ ដុល្លារ ដែល​យាយ​ត្រូវ​ចេញថ្លៃ​ផ្ទះ ៨០ ដុល្លារ​។​​ចំណែក​កូនប្រុស វណ្ណា ស័ក្តិ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម ជា​ជំហរ​ជួយ​គ្រួសារ​ដែរនោះ យាយ ណ​យ សំណាង បញ្ជាក់ថា​៖ «​ចំណូល​ពី​ការ​ច្រៀង​របស់​កូនប្រុស​មិន​ទៀងទាត់​ដែរ ហើយ​ពេល នេះ​ក៏​មិន​រំពឹងថា​ចំណូល​ពី​កូន​នោះ អាច​យោង​ជីវិត​គ្រួសារ​ឲ្យ​រួច​ផុតពី​ជីវិត​ស្ទើរ​សូន្យ តត្រុក​ដើរ​ជួល​ផ្ទះ គេ​នេះ​បានទេ​»៕ ដេវីត​

Related