ពលរដ្ឋ​ជាង​១០០​នាក់​នៅ​កំពង់ឆ្នាំង​ពិគ្រោះ​យោបល់​រឿង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គាំទ្រ​ចំពោះ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ពួកគេ​បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់កាល​ព្រាង​ច្បាប់​នេះ​រដ្ឋាភិបាល​បាន​បើកចំហ និង​ពិគ្រោះ​យោបល់​ទូលំទូលាយ​ជាង​ច្បាប់​ដទៃ​ទៀត​ដែល​មាន។

ប្រទេស​កម្ពុជា ត្រូវ​ការ​ចាំបាច់​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​គ្រា​ដែល​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ខ្លះ​នៅ​មាន​ភាព​លាក់លៀម និង​មិន​ចង់​បញ្ចេញ​ព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ជូន​សាធារណជន។ នេះ​ជា​ការ​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​របស់​អ្នក​ជំនាញ​សារព័ត៌មាន និង​សិក្ខាកាម​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

មន្ត្រី​ផ្នែក​គម្រោង​សារ​គមនាគមន៍ និង​ព័ត៌មាន នៃ​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ លោក ឆាយ សុផល ថ្លែង​ថា ច្បាប់​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ដោយ​កន្លង​ទៅ​មន្ត្រី​ទទួល​បន្ទុក​ស្ថាប័ន​រដ្ឋ​នីមួយៗ​មិន​អាច​បញ្ចេញ​ព័ត៌មាន​អ្វី​បាន ក្រៅ​ពី​ថ្នាក់​លើ។

លោក​ថា បច្ចុប្បន្ន អង្គការ​យូណេស្កូ (UNESCO) ក្រសួង​ព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​ទៀត កំពុង​អនុវត្ត​គម្រោង​ពិគ្រោះ​យោបល់​ផ្ដោត​លើ​ប្រធាន​បទ​ចំនួន ១៨ ដើម្បី​ប្រមូល​មតិ​យោបល់​នានា​ដាក់​បញ្ចូល​ក្នុង​ពង្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ «»។

វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នៅ​សណ្ឋាគារ​សំរោងសែន ខេត្ត​កំពង់ឆ្នាំង ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) និង​អង្គការ​ហ្វេក (Fact) មាន​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និស្សិត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០០​នាក់ ចូល​រួម។ សិក្ខាកាម​ភាគ​ច្រើន​មក​ពី​ស្រុក​ចំនួន ៤ គឺ​សាមគ្គីមានជ័យ កំពង់ត្រឡាច រលាប្អៀរ និង​ស្រុក​កំពង់លែង។

អ្នក​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក ឯក ចំរើន បញ្ជាក់​ថា រយៈ​ពេល​បី​ឆ្នាំ នៃ​គម្រោង​ពិគ្រោះ​យោបល់​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ ដែល​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​សិក្ខាកាម​ចូល​រួម​មិន​តិច​ជាង ១​ពាន់​នាក់​ឡើយ។ ប៉ុន្តែ​លោក​ថា វេទិកា​ដែល​អនុវត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ធំ និង​ខេត្ត​ក្រចេះ​នេះ មិន​បាន​គ្រប់​ស្រុក​ទេ៖ «»។

ចំណែក​មេ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ និង​ជា​សិក្ខាកាម​ម្នាក់​លោក យឹម យ៉ុន មាន​ប្រសាសន៍​ថា រូប​លោក​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ ៣ ទៅ ៤​ដង​ហើយ ហើយ​លោក​ចេះ​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ជូន​ពលរដ្ឋ​ជា​ប្រចាំ។ លោក​ក៏​ចង់​ឲ្យ​ច្បាប់​នេះ​មាន​ការ​បើក​ទូលាយ​ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​វា​កាន់​តែ​ប្រសើរ​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឆាប់ៗ៖ «»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​​ទទួល​បន្ទុក​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដោយ​មាន​ការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ក្រសួង​ព័ត៌មាន ក៏​បាន​សន្យា​ថា នឹង​រៀបចំ​ច្បាប់​នេះ​ឲ្យ​រួចរាល់​ក្នុង​រយៈ​ពេល ៣​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។