ស្ត្រីបីនាក់ ដែលចាញ់បោក មេខ្យល់ ធ្លាក់ខ្លួនដល់ចិន និងម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ និងនាំមកកម្ពុជាវិញ

ភ្នំពេញ៖ ស្ត្រីខ្មែរបីនាក់ ដែលបានចាញ់ការល្បួងលួងលោម ឲ្យទៅរៀបការជាមួយបុរសចិន និង ចាញ់បោកមេ ខ្យល់ទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ត្រូវបាមន្រ្តីទូតកម្ពុជា ជួយអន្តរាគមន៍ និងនាំមកស្រុកំណើតវិញ  ជាបន្តបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននា ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នេះ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរា  គមន៍ជួយស្រ្តីខ្មែរឈ្មោះ សេង ថា អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ឲ្យបានត្រឡប់កមកម្ពុជាវិញ ហើយកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ សេង ថា បានចាញ់ការបោកបញ្ឆោត និងលួងលោមនាំយក ទៅរៀបការជាមួយបុរសចិន នៅប្រទេសចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅខេត្តជាំងស៊ី។

ដោយឡែកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានជួយពលការិនីខ្មែរពីរនាក់ ដែលបានចាញ់បោក មេខ្យល់នាំយកទៅធ្វើការជាអ្នកបម្រើតាមផ្ទះនៅម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកផ្ទះវិញផងដែរ។

ស្រ្តីខ្មែរដែលជួយសង្រ្គោះនេះ រួមមាន៖ ឈ្មោះ ថាង ណាក់ ភេទស្រី អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្ត កំពង់ចាម។ រូបគេត្រូវបានចាញ់បោកមេខ្យល់នាំទៅធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីខែមិថុ នា ឆ្នាំ២០១៥ ហើយត្រូវបានថៅកែជះទឹកក្តៅ និងវាយធ្វើបាបយ៉ាងខ្លាំង។ ថាង ណាក់ នឹងត្រឡប់មកដល់កម្ពុជា វិញនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។

ដោយឡែកពលការិនី ឈាន ស្រីម៉ៅ អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបូង បានចាញ់បោកមេខ្យល់ នាំទៅធ្វើការងារយ៉ាងលំបាកនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៥ ។ ពលការិនី ឈាន  ស្រី ម៉ៅ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ៕

ស្ត្រីបីនាក់ ដែលចាញ់បោក មេខ្យល់ ធ្លាក់ខ្លួនដល់ចិន និងម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ និងនាំមកកម្ពុជាវិញ