មាជ សុវណ្ណារ៉ា ឲ្យ​យុវជន​មើល​ភូមា ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា


«យុវជនក្រឡេកមើល“ភូមា” ដោយងើបឡើង​ដើម្បី​ការផ្លាស់ប្តូរនៅកម្ពុជា»។ នេះជាសារ​របស់លោក មាជ សុវណ្ណារ៉ា តាម​រយៈ​អ្នកស្រី ជេមី មាជ (Jamie Meach) ដែលត្រូវជា​ភរិយា​របស់លោក ក្នុងថ្ងៃ​គម្រប់​មួយ​ឆ្នាំ នៃ​ការ​ចោទ​ប្រកាន់ នឹង​ការ​ចាប់​ខ្លួន​លោក ១១ វិច្ឆិកា ២០១៤ - ១១ វិច្ឆិកា ២០១៥។
មាជ សុវណ្ណារ៉ា ឲ្យ​យុវជន​មើល​ភូមា ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា

លោក មាជ សុវណ្ណារ៉ា និងកូនស្រីរបស់លោក។ (រូបថតហ្វេសប៊ុក)

លោក មាជ សុវណ្ណារ៉ា បានធ្វើការអំពាវនាវ ពីពន្ធនាគារព្រៃស ដល់ស្រទាប់យុវជន និងអ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវរួបរួមគ្នាក្រោកឈរឡើង ដើម្បីធ្វើការផ្លាស់ប្តូរ តាមរយះការសម្រេចឆន្ទះ ក្នុង​ការ​បោះឆ្នោត។

ស្រង់សំដីដោយភរិយារបស់លោក មកផ្សាយនៅលើបណ្ដាញសង្គម ក្នុងថ្ងៃរំលឹកខួប១ឆ្នាំ នៃការចាប់​ឃាត់​ខ្លួន​​លោកនោះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ លោក មាជន សុវណ្ណារ៉ា  បានស្នើឲ្យអ្នក​ស្រលាញ់​ប្រជា​ធិបតេយ្យទាំងអស់ ក្រឡេកទៅមើលស្ថានការណ៏ «ផ្លាស់ប្តូរអ្នកដឹកនាំ» នៅប្រទេសភូមា។ ហើយប្តី​អ្នកស្រី​បានអះអាងថា ការតស៊ូ២៥ឆ្នាំ នាំមកនូវសេរីភាព ដែលពលរដ្ឋភូមា ក៏ដូច​សហគមន៏​អន្តរជាតិ​ចង់​បាន តាមគោលការណ៏លិទ្ធប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស សម្រាប់ប្រទេសភូមា។

អ្នកស្រី ជេមី មាជ បាននាំពាក្យរបស់ស្វាមីខ្លួន មកសរសេរថា ពួកយោធាភូមា បានដាក់ប្រទេសរបស់ខ្លួន ឲ្យ​ស្ថិតក្នុងរបបផ្តាច់ការ រំលោភសិទ្ធិមនុស្ស អំពើពុករលួយ ជម្លោះដីធ្លីជាដើម ជិតកន្លះសតវត្សន៍មកហើយ។ ហើយ​ពលរដ្ឋរស់នៅ ក្នុងជីវភាពជាទាសករក្រីក្រ ដោយរងការដាក់ទារុណកម្មសេដ្ឋកិច្ច និងនយោបាយ​ការទូត អោយនៅជារដ្ឋឯកោ ពីសហគមន៏អន្តរៈជាតិ។

លោក មាជ សុវណ្ណារ៉ា បានបន្តក្នុងសំណេរ របស់ភរិយាលោកថា៖ «ការកែទម្រង់រដ្ឋាភិបាល ពាក់កណ្តាល​យោធា និងស៊ីវិលនៅឆ្នាំ២០១១ ជាមួយការរដោះលែង មេបក្សប្រឆាំងអ្នកស្រី អ៊ុងសាន ស៊ូជី បានធ្វើ​ឲ្យ​ប្រទេស​​អាស៊ីអាគ្នេយ៏ក្រីក្រមួយនេះ មានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។ ដោយមានការតាមដាន ស្ថានការណ៏​នយោបាយ ពីអង្គការអន្តរៈជាតិផ្នែកសិទ្ធិមនុស្សធំៗ រួមទាំងអង្គការសហប្រជាជាតិ និង​អ្នក​ការ​ទូត​នានា នៅបស្ចឹមប្រទេស សហគមន៏រឺរ៉ុបផងនោះ បានធ្វើអោយពលរដ្ឋភូមា ជាពិសេសបណ្តាញយុវជន និស្សិត បញ្ញាវន្ត និងព្រះសង្ឃ បានចាប់ផ្តើមងើប ដោយតាមដាន ហើយហានបញ្ចេញមតិ មានការ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដើម្បីដើរឆ្ពោះទៅរក ការផ្លាស់ប្តូរសង្គមរបស់ពួកគេ ក្នុងការជ្រើសរើស​អ្នក​ដឹកនាំ​ថ្មី ដែលបានលេចចេញ ពីការបោះឆ្នោតមួយ កាលពីចុងសប្តាហ៏កន្លងទៅនេះ។»

ភរិយាលោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ ដែលជាអតីតសាស្ត្រាចារ្យមួយរូបនោះ បានរៀបរាប់ឲ្យដឹង​ទៀតថា ទាក់ទងនឹងការតស៊ូ តាមបែប«អហឹង្សា» ដើម្បីទាមទារសេរីភាពនៅកម្ពុជា ស្វាមីអ្នកស្រីត្រូវ​បាន​រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ខ្លួន។

អ្នកស្រីបន្តថា លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាអ្នកកាសែត និងអ្នកស្រាវជ្រាវឯកសារ ជាង២ទសវត្សន៍ តាំងជាអតីតអ្នកតស៊ូ នៅព្រំដែនខ្មែរសៀម ពីឆ្នាំ១៩៧៩។ មុនរូបលោក សម្រេចចិត្តចូលប្រឡូក ក្នុងឆាក​ជីវិត​ជាអ្នកនយោបាយ ទាំងស្រុងនៅឆ្នាំ២០១២ លោកត្រូវបានគេមើលឃើញថា ទោសរបស់លោក គឺកើត​ចេញ ពីគំនុំនយោបាយ ជៀសជាងការចោទប្រកាន់ ដាក់ទោសព្រហ្មទណ្ឌ។ ហើយនោះ មកពីមូលហេតុ នៃ​ការ​បញ្ចេញមតិរបស់លោក៥នាទី នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី១៥ កក្កដា ឆ្នាំ​២០១៤​នោះ។ អ្នកស្រីថា នោះ គឺជាសិទ្ធិសេរីភាព ដែលធានា និងការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែបែរជាត្រូវបានជាប់​ពន្ធនាគារ​២០ឆ្នាំ នៅពន្ធនាគារព្រៃសទៅវិញ។

ពាក់ព័ន្ធនឹងអ្វីមួយ ដែលអ្នកស្រីហៅថា ជា«គំនុំនយោបាយ» អ្នកស្រី ជេមី បានអះអាងថា រាល់ឯកសារ​ស្រាវជ្រាវ និងអត្ថបទអត្ថាធិប្បាយរបស់លោក គឺចេញផ្សាយ​តាមបណ្តាញ ប្រពន្ធ័ផ្សព្ធផ្សាយ និងបណ្តាញ​សង្គម Facebook បានធ្វើអោយលោកហ៊ុនសែន និង គណបក្សប្រជាជនកម្ពុជា មិនសប្បាយចិត្ត ទៅនឹង​ការ​លាត​​ត្រដាងការពិត នៃវិបត្តិសង្គមនានា។ មិនថាការរំលោភសិទ្ធិមនុស្ស បញ្ហាពុករលួយ និងការស្វែង​រក​ការ​ពិត នៃ​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា។ ហើយការចាប់ខ្លួន (លោក មាជ សុវណ្ណារ៉ា) គឺធ្វើឡើងបន្ទាប់ពី​លោក ហ៊ុន សែន បាន​គំរាមគំហែងអោយចាប់ មាជ សុវណ្ណារ៉ា នៅក្នុងអំឡុងពេល នៃជំនួបកំពូលរវាង CPP និង CNRP ដើម្បី​បញ្ចប់​ភាព​ជាប់គាំង ផ្នែកនយោបាយ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។ នេះបើតាម​ការ​ពន្យល៉ របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា ដដែល៕