ដាក់​របាំង​ថ្ម​នៅ​ផ្លូវ​ព្រះ​នរោត្តម ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ នៅមុខ​ក្រសួងមហាផ្ទៃ​

ភ្នំពេញ: ដោយសារតែ​បញ្ហា​ប្រព័ន្ធ​ចរាចរ​ប្រឈម​នឹង​ការកកស្ទះ​ជាខ្លាំង​មិនដែល​ខាន​មួយថ្ងៃ​ណា​ឡើយ និង​មានការ​រិះគន់​កាន់តែខ្លាំង​ឡើងៗ​នោះ នៅចំណុចមុខ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការដាក់​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​ប្រភេទ​ខ្ពស់ នៅលើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ភ្លើងស្តុប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ដើម្បី​កែសម្រួល​ប្រព​ន្ធ័​ចរាចរ​ឲ្យ​មាន​ភាពប្រសើរឡើង ក្នុងពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ជំរុញ​ដាក់​របាំង​បែង​ចែង​ទ្រូងផ្លូវ​ប្រភេទ​ខ្ពស់ តាមផ្លូវ​សំខាន់ៗ​បន្ថែមទៀត ក្នុង​រាជធានី​ភ្នំពេញ​។​
      
​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ​បានដាក់​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​នៅតាម​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ មានដូចជា ៖ ផ្លូវ​លេខ​៥៩៨ មហាវិថី​ម៉ៅ​សេទុង ផ្លូវ​មុនី​រ៉េត ផ្លូវ​ព្រះ​នរោត្តម ជាដើម ហើយ​នៅពេល​ឆាប់ៗ​នេះ​នឹងដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ថែមទៀត ដែល​កំណាត់​ផ្លូវ​ទាំងនេះ តែង​បង្ក​ការកកស្ទះ​ចរាចរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​សាំ ពិសិដ្ឋ បន្តថា មានពេលខ្លះ​រថយន្ត និង​ម៉ូតូ​ឡើងដល់​៤ ឬ​៥​ជួរ​ក៏មាន ធ្វើ​ឲ្យ​ប្រព័ន្ធ​ចរាចរ​ជាប់គាំង​តែម្តង ជាពិសេស​នៅពេល​មានបុណ្យ​ទាន​ម្តងៗ​។ ការដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​នេះ​រួច អាច​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​បាន​មួយចំណែក​ធំ ទោះជា​ស្ទះ​ក៏​មិន​ស្ទះ​ខ្លាំង ឬ​ជាប់គាំង​យូ​ដែរ​។​
       
​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មាន​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​កើតមាន​ការកកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ដោយសារ​កំណើន​យានជំនិះ​គ្រប់​ប្រភេទ ផ្លូវ​តូចចង្អៀត ការប្រើប្រាស់​ផ្លូវ​និង​ចិញ្ចើមផ្លូវ​មិនបាន​ត្រឹមត្រូវ ការយក​ចិញ្ចើមផ្លូវ​និង​ទ្រូងផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ ការចត​គ្មាន​សណ្តាប់ធ្នាប់ ការខ្វះ​ចំណត​គួបផ្សំ​នឹង​ការបើកបរ​មិន​គោរព​ច្បាប់​ផងដែរ​៕

ដាក់​របាំង​ថ្ម​នៅ​ផ្លូវ​ព្រះ​នរោត្តម ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ នៅមុខ​ក្រសួងមហាផ្ទៃ​

ដាក់​របាំង​ថ្ម​នៅ​ផ្លូវ​ព្រះ​នរោត្តម ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ នៅមុខ​ក្រសួងមហាផ្ទៃ​

ដាក់​របាំង​ថ្ម​នៅ​ផ្លូវ​ព្រះ​នរោត្តម ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ នៅមុខ​ក្រសួងមហាផ្ទៃ​