កូន​អកតញ្ញូ​ត្រូវ​ម្តាយ​និង​ឪពុកមា​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ចាត់ទុកជា​កូន​អកតញ្ញូ​ដោយ​តែងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ចុង​ក្រោយ​បាន​លួចខ្សែដៃ​មាស​ទម្ងន់​៥​ជី​យក​ទៅ​លក់​យក​លុយ​ចាយ​អស់​ ត្រូវ​បាន​ម្តាយ និង​ឪពុកមា​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ដែល​ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ភូមិ​ហា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ហួត សៀង​ហៃ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ហា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ចំណែក​ឪពុកមា​ឈ្មោះ សូត កុសល អាយុ​៣៦​ឆ្នាំ មុខរបរ​ជំនួយការ​ភូមិ ស្នាក់​នៅផ្ទះ​លេខ​៥៤០ ផ្លូវ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​ម្ដាយ​ឈ្មោះ ស៊ុន ម៉ា​ឡា​ត់ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៥ ស្ត្រី​ជា​ម្ដាយ​បាន​ទៅ​ខ្ចី​ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​៥​ជី​ដើម្បី​ពាក់​លម្អ​នៅ​ក្នុង​ពិធីបុណ្យ​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ក្រោយ​ពេល​ពាក់​រួច​មិន​ទាន់​បាន​យក​ទៅ​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ​ភ្លាម​ៗ​នោះ​ទេ គាត់​បាន​ដោះ​ទុក​នៅ​ក្នុងផ្ទះ​រហូត​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​ឲ្យ​ប្អូន​ប្រុស​​ទៅ​យក​ខ្សែ​ដៃ​នោះ​វិញ ។ ក្រោយ​ពេល​បងស្រី​ប្រាប់​ឲ្យ​ទៅ​យក​លោក សូត កុសល ជា​ប្អូន​ប្រុស​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​យក​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រាប់តែ​រក​ខ្សែ​ដៃ​នោះ​មិនឃើញ​ឡើយ ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ហួត សៀង​ហៃ ក៏​បាត់​ពី​ផ្ទះ​ទៀត ទើប​ប្ដឹង​ប៉ូលិស​ប៉ុស្តិ៍​ស្ពានថ្ម​ឲ្យ​ជួយ​ស្វែងរក ប៉ុន្តែ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ជា​លាយលក្ខណ៍អក្សរ​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ហា សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្តង​ដោយ​ស្ត្រី​ជា​ម្ដាយ​លែង​មានការ​ស្រណោះស្រណោក​អី​ទៀត​ហើយ ព្រោះតែ​កន្លង​មក​ជន​នោះ​កែ​មិន​ឡើង​ទាល់តែ​សោះ ដោយ​បាន​ប្រើប្រាស់​គ្រឿងញៀន និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​លួច​យក​ម៉ូតូ​នៅ​ក្នុងផ្ទះ​ម្ដាយ​ទៅ​លក់​អស់​ចំនួន​៧​គ្រឿង​មក​ហើយ ទើប​ម្ដាយ​សម្រេចចិត្ត​ចាប់ខ្លួន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង ៕