លីបង់​ទាំង​មូល​កាន់ទុក្ខ​ ក្រោយ​ភេរវកម្ម​ដ៏​សាហាវ​នៅ​ក្រុង​បៃរូត

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ពីរ​ផ្ទួនៗ​គ្នា ​បាន​កើត​ឡើង​នៅ​ភាគ​និរតី​ ជាយ​ក្រុង​បៃរូត​ រដ្ឋធានី​ប្រទេស​លីបង់ ​កាល​ពី​ល្ងាច​ម៉ោង​៦ ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២​ វិច្ឆិកា ​ម្សិលមិញ។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៤៣​ នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង ​ហើយ​ជាង​២០០​នាក់​ទៀត​ រង​របួស​ធ្ងន់។ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ចេញ​មុខ​ មក​អះ​អាង​ថា​ នេះ​ជា​ស្នាដៃ​របស់​ពួក​គេ ​ដែល​ប៉ង​ប្រាថ្នា​ សងសិក ​ទៅ​លើ​ក្រុម​ហេសបូឡា ​លីបង់ ​ដែល​កំពុង​តែ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ជួយ​ខាង​ក្រុម​កងទ័ព​រដ្ឋាភិបាល ​បាស្ឆា អាល់​អាសាដ។ លីបង់​ កំពុង​កាន់ទុក្ខ​ទូទាំង​ប្រទេស ​ហើយ​ថ្កោល​ទោស​អំពើ​ដ៏​យង់​ឃ្នង​ ដែល​គេ​សង្ស័យ​ថា​ ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។