វិធី​កាត់បន្ថយ​ការឈឺចាប់​ដោយ​ជំងឺ​រលាក​សន្លាក់ដៃ​

វិធី​កាត់បន្ថយ​ការឈឺចាប់​ដោយ​ជំងឺ​រលាក​សន្លាក់ដៃ​

​ជំងឺ​រលាក​សន្លាក់​កើត​នៅ​លើ​មនុស្ស​ជាច្រើន​នៅលើ​លោក​នេះ ភាគច្រើន​គឺ​អ្នក​ដែល​មាន​អាយុ​ពី​៣០​ទៅ​៦០​ឆ្នាំ​។ វា​ធ្វើឱ្យមាន​ការលំបាក​នៅក្នុង​ការ​ធ្វើ​ចលនា ហើយ​ជួនកាល​ធ្វើ​ឱ្យ​ឈឺចាប់​យ៉ាង​ខ្លាំង​នៅពេល​យប់ ធ្វើឱ្យ​ភ្ញាក់​ដាច់​ដំណេក​ជា​ញឹក​ញយ​។
 

​ចំពោះ​ជំងឺ​រលាក​សន្លាក់​នៅ​ដៃ អ្នក​អាច​អនុវត្ត​លំ​ហាត់​ចំនួន​៨​ខាងក្រោម​នេះ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​បាន​។​
 
លំ​ហា​ត់ទី​១៖ ក្តាប់​ដៃ​
លំ​ហាត់​នេះ​ងាយ​អនុវត្ត ហើយ​អាច​អនុវត្តបាន​នៅ​គ្រប់​ទីកន្លែង​។ កាលណា​អ្នកមាន​អារម្មណ៍​ថា​ដៃ​រឹង ចូរ​ដាក់​ដៃ​ឱ្យ​ត្រង់ រួច​ចាប់​ក្តាប់​ម្រាមដៃ​ចូល​បន្តិចៗ ដោយ​ដាក់​មេដៃ​នៅ​ខាងក្នុង​។ បន្ទាប់មក លា​ម្រាមដៃ​យឺតៗ​មកវិញ​។​

លំ​ហា​ត់ទី​២៖ បត់​មេដៃ​
ដាក់​ដៃ​ផ្ងារ រួច​បត់​មេដៃ​ចូល ទៅរក​កូនដៃ​។ ជួនកាល​អ្នក​មិន​អាច​បត់​មេដៃ​ដល់​កូនដៃ​បានទេ តែ​សូម​កុំ​បារម្ភ​ថ្វី បត់​បាន​ប៉ុនណា​ទុក​ត្រឹមហ្នឹង​ចុះ ឱ្យ​បាន​មួយសន្ទុះ រួច​បត់​មេដៃ​មកវិញ​។ អនុវត្ត​ឱ្យបាន​១០    ដង​។​

លំ​ហា​ត់ទី​៣៖ បត់​ម្រាមដៃ​
ដាក់​ដៃ​ឱ្យ​ត្រង់​។ បត់​មេដៃ​ចូល​ទៅ​រក​បាតដៃ មួយសន្ទុះ​ក្រោយមក​លា​មេដៃ​មកវិញ​។ បត់​ចង្អុលដៃ​ម្តង រួច​អនុវត្ត​ដូចគ្នា​ចំពោះ​ម្រាមដៃ​ឯទៀត​។ កាលណា​អនុវត្ត​ចំពោះ​ដៃ​ឆ្វេង​រួច​ហើយ ចាប់​អនុវត្ត​ចំពោះ​ដៃស្តាំ​វិញ​ម្តង​។​

លំ​ហា​ត់ទី​៤៖ បត់​ម្រាមដៃ​ជា​រង្វង់​
ដាក់​ដៃ​ឱ្យ​ត្រង់ លា​ម្រាមដៃ​ទាំងអស់ រួច​បត់​ម្រាម​ទាំងអស់​ចូល ឱ្យបាន​ជា​រង្វង់​មូល​មួយ​។ មួយសន្ទុះ​ក្រោយមក លា​ម្រាមដៃ​ចេញ​ទៅ​វិញ​។​

លំ​ហា​ត់ទី​៥៖ លើក​ម្រាមដៃ​ឡើងលើ​
ដាក់​ដៃ​ឱ្យ​ត្រង់ បាតដៃ​ចុះក្រោម​។ ប្រឹង​លើ​កម្រាម​មួយ​ម្តងៗ​ឡើង​លើ  ទុក​២​វិនាទី រួច​ដាក់​ចុះ​មក​វិញ​។ កាលណា​អនុវត្ត​ចំពោះ​ដៃ​ឆ្វេង​រួច​ហើយ ចាប់​អនុវត្ត​ចំពោះ​ដៃស្តាំ​វិញ​ម្តង​។​

លំ​ហា​ត់ទី​៦៖ បត់​ម្រាមដៃ​លើ​តុ​
ដាក់​ដៃ​លើ​តុ កូនដៃ​នៅ​ខាងក្រោម មេដៃ​នៅ​ខាងលើ​។ ទុក​មេដៃ​ឱ្យ​នៅ​ត្រង់​ដដែល បត់​ម្រាម​ឯទៀត​ចូល​ឱ្យ​បាន​ជា​អក្សរ L មួយ​។ ទុក​ដូច្នេះ​មួយសន្ទុះ រួច​លា​ម្រាម​ទៅវិញ​។ អនុវត្ត​លំ​ហាត់​នេះ​១០​ដង​រាល់​ព្រឹក​។​

លំ​ហា​ត់ទី​៧៖ ពត់​កដៃ​
ដាក់​ដៃ​ឱ្យ​ត្រង់ បាតដៃ​ចុះក្រោម​។ យកដៃ​ម្ខាង​ទៀត​ទៅ​ពត់​ម្រាម​ទាំងអស់​ឡើង​លើ រហូត​ទាល់តែ​កដៃ​ឡើង​តឹង ទុក​ក្នុង​ស្ថានភាព​នេះ​មួយសន្ទុះ រួច​លែង​ម្រាមដៃ​ទៅវិញ​។ អនុវត្ត​ឱ្យបាន​១០​ដង​ក្នុង​មួយ    ព្រឹកៗ​។​

លំ​ហា​ត់ទី​៨៖ ពត់​ម្រាម​ចេញចូល​
ដាក់​ម្រាមដៃ​ឱ្យ​ត្រង់ ពត់​ម្រាម​ចេញ​ក្រៅ​តាម​ដែល​អាច​ធ្វើទៅបាន ទុក​ក្នុង​ស្ថានភាព​នេះ​មួយសន្ទុះ  រួច​ពត់​ចូល​មក​វិញ​រហូត​ទាល់តែ​បាន​ទៅ​ជា​ដៃ​ក្តាប់​។ អនុវត្ត​ឱ្យបាន​យ៉ាងតិច​២​ដង​ក្នុង​១​ព្រឹកៗ​។​

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។