បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់​និង​សមត្ថកិច្ច​នៅ​ខេត្ត​ត្បូងឃ្មុំ ចុង​ក្រោយ​ស្លាប់​ចោរ​ម្នាក់ របួសធ្ងន់​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​បាញ់​តដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​កាលពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​បទ​ទន្លា ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ករណី​បង្ក្រាប​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីកា​របស់​សាលា​ដំបូង​ខេត្តកំពង់ចាម ។ ខណៈ​ពេល​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ជនសង្ស័យ​ក្នុង​ពេល​កំពុង​ណាត់គ្នា​ទិញ​កាំភ្លើង​ទុក​ធ្វើ​សកម្មភាព ជនសង្ស័យ​ក៏​បាន​ធ្វើការ​បាញ់​មក​លើ​សមត្ថកិច្ច សមត្ថកិច្ច​ក៏​បាន​បាញ់​តបត​វិញ​បណ្ដាល​ឲ្យ​សង្ស័យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បន្ត​ថា ជនសង្ស័យដែល​ស្លាប់​មានឈ្មោះ នាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មុខសញ្ញា​ចោរប្លន់​មក​ពី​ខេត្តកំពង់ធំ និង​ជនសង្ស័យ​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ ញេ ឡ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់ ជា​មុខសញ្ញា​ប្លន់​ដ៏​សកម្ម ហើយ​នៅ​យប់​នេះ​ជនសង្ស័យ​ប្រុង​ចេញ​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ឈ្មោះ ញេ ឡ​យ ជា​អ្នកទិញ​កាំភ្លើង​ឲ្យ​ស្រេច តែ​ត្រូវ​កម្លាំង​របស់​លោក​ដឹង​ទាន់​រហូត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​តែ​ម្តង​ ៕