មេដឹកនាំ​សហជីព​ថា ច្បាប់​សហជីប​រឹតត្បិត​សិទ្ធិ​កម្មករ​

​ក្រុម​សហជីព​កម្មករ​បា​នស​ម្តែ​ង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​គាំទ្រ​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នាពេល​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា​នេះ ។ តំណាង​សហជីព​ទាំងនោះ សុទ្ធតែ​អះអាងថា ច្បាប់​នេះ នឹង​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិសេរីភាព របស់​សហជីព​និង​កម្មករ ហើយនឹង​ធ្វើ​ឲ្យ​ភាព​រីកចម្រើន​នៃ​ប្រទេសជាតិ​ដើរ​ថយក្រោយ​។

​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​លើកឡើងថា បើ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តីពី​សហជីព ដោយ​មិនបាន​កែប្រែ​នូវ​អ្វីដែល​ក្រុម​សហជីព​ស្នើឡើង​កន្លងមក ច្បាប់​នេះ​ប្រាកដជា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព របស់​សហជីព​និង​កម្មករ​ដ៏​ធ្ងន់ធ្ងរ​។ លោក​សង្កត់ធ្ងន់ៗ​ថា «​សិទ្ធិសេរីភាព​របស់​ពួកយើង​ជា​សហជីព ព្រមទាំង​កម្មករ​ទាំង​អស់​នឹងរង​នូវ​ការប៉ះពាល់ និង​មានការ​រឹតត្បិត​យ៉ាងខ្លាំង ហើយ​ទៅ​បំផុត​ធ្វើ​ឲ្យ​សង្គម​ដើរ​ថយក្រោយ​ទៅវិញ ដោយសារតែ​ច្បាប់​នេះ​»​។ នេះ​ជា​អ្វីដែល​លោក អាត់ ធន់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​។​

​លោក​បន្ថែមថា កន្លងមក ក្រុម​សហជីព​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កែប្រែ និង​លុបចោល​នូវ​ចំណុច​ប្រមាណ​ជាង​៣០ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​សហ​ជីព​ក្នុង​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ​។ ចំណុច​ដែល​ស្នើសុំ​នោះ មានដូចជា សុំ​ឲ្យ​កែប្រែ​នូវ​ចំណុច ដែល​ចែងថា សហជីព​ចំនួន​៩​ឡើងទៅ​ទើប​អាច ចងក្រង​ជា​សហព័ន្ធ​សហជីព​បាន និង​សុំ​ឲ្យ​កែប្រែ​ចំណុច​ដែល​ចែងថា សមាជិក​ចំនួន​២៥% អាចមាន​សិទ្ធិ​រំលាយ​សហជីព​បាន ព្រមទាំង​សុំ​ឲ្យ​លុប​ចំណុច ដែល​ចែងថា សហជីព​ត្រូវធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ដាក់ជូន​ក្រសួង​ការងារ​។​

​មិន​ខុសពី​លោក អាត់ ធន់ នោះទេ លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ក៏មាន​ក្តីកង្វល់​យ៉ាងខ្លាំង ចំពោះ​ច្បាប់​ស្តីពី​សហជីព​នេះដែរ​។ លោក​អះអាងថា កន្លងមក​ខាង​សហជីព ព្យាយាម​តស៊ូ​ខ្លាំងណាស់ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប​ញ្ឍ​ប់​ការអនុម័ត​ច្បាប់​នេះ តែបើ​មិន​ប​ញ្ឍ​ប់​ទេ ក៏​សូម​ឲ្យ​រដ្ឋា​បាល​កែប្រែ​នូវ​ចំណុច​មួយចំនួន ដែល​ខាង​សហជីព​ទាមទារ​។

​ចំណុច​ដែល​ធ្វើ​ឲ្យ​លោក ប៉ាវ ស៊ីណា ខ្វល់ខ្វាយ​ដ៏​ខ្លាំង​នោះ គឺ​ចំណុច​ដែល​ផាកពិន័យ​សហជីព និង​កម្មករ ចំនួន​៥​លាន​រៀល ប្រសិនបើ​សហជីព​ឬ​កម្មករ​ប្រព្រឹត្ត​ខុសច្បាប់​ឬ​នីតិវិធី​ណាមួយ​ដែល​បានចែង​ក្នុង​ច្បាប់​ស្តីពី​សហជីប​នេះ​។ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖ «​បើ​ច្បាប់​នឹងត្រូវ​បានអនុម័ត​ដោយ​គ្មាន​កែប្រែ​ចំណុច​ទាំងនេះ​មែន នោះ​សហជីព​រួមទាំង​កម្មក​រ​នឹងមាន​ការភ័យខ្លាច មិន​ហ៊ាន​ទាមទារ​អ្វី​នោះទេ​។ ពេលនោះ​ច្បាប់​នេះ នឹង​គំរាម​កម្មករ​ឲ្យ​ភ័យ​ដូច​កូនក្មេង​អ៊ីចឹង​»​។​

​លោក ប៉ាវ ស៊ីណា បាន​បន្តទៀតថា រូបលោក និង​តំណាង​សហជីព​ផ្សេងទៀត មិនអាច​នៅ​ស្ងៀម​បានឡើយ ចំពោះ​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។ លោក​អះអាងថា ក្រុម​សហជីព​នឹង​បន្ត​ប្រជុំ​ពិ​ភា​ក្ស​គ្នា ដើម្បី​ស្វែង​វិធានការ​គ្រប់យ៉ាង ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​។ «​អ្វីដែល​សហជីប​នៅតែ​បន្តធ្វើ​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើកចំហ ដោយ​ឲ្យ​មានការ​ចូលរួម​សួរដេញដោល​ពី​សំណាក់​សហជីព​ផ្ទាល់​។ តែបើ​រដ្ឋាភិបាល​ពុំ​ធ្វើតាម​សំណើរ​ទេ សហជីព​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​ពិចារណា​ឡើងវិញ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​»​។ នេះ​ជាការ​បញ្ជាក់​ជំហរ​របស់លោក ប៉ាវ ស៊ីណា​។​

​ខុសពី​តំណាង​សហជីព​ទាំងពីរ​ខាងលើ លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា និង​ជា​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា​សហជីព ពុំមាន​ក្តី​ព្រួ​បារម្ភ​អ្វី​ឡើយ តែ​រូបលោក យល់ថា ជា​រឿង​ល្អ​សម្រាប់​សហជីព​និង​កម្មករ​ទៅវិញ ដែល​រដ្ឋាភិបាល​បានអនុម័ត​សេចក្តីព្រាងច្បាប​ស្តីពី​សហជីព​នេះ​។ លោក​បន្ថែមថា សហជីព​រួមទាំង​កម្ម​ករ​ពុំគួរ​ព្រួយបារម្ភ​ពេក​នោះទេ ព្រោះ​ច្បាប់​នេះ មិនបាន​រារាំង​សហជីព​មិន​ឲ្យ​បញ្ចេញមតិ ឬ​ទាមទារ​រក​យុត្តិធម៌​ជូន​កម្មករ​ឡើយ​។

​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​រូបនេះ​បញ្ជាក់ថា​៖ «​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ដល់​សហជីព ក្នុង​បញ្ចេញមតិ និង​ការការពារ​កម្មករ ដូច​អ្វីដែល​ក្រុម​សហជីព​ព្រួយបារម្ភ​នោះទេ​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​