សហជីព​ព្រមាន​ធ្វើ​បាតុកម្ម​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​​សហជីព

តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ព្រមាន​ថា នឹង​ធ្វើ​កូដកម្ម និង​បាតុកម្ម​ថ្នាក់​ជាតិ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​បញ្ចូល​សំណើ​រួម​របស់​ពួកគេ​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

ក្រុម​សហជីព​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយ​មិន​បាន​ផ្ដល់​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដល់​សហជីព និង​មិន​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហជីព។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ២៤ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លើក​ឡើង​ថា ការ​បិទ​បាំង​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដោយ​រដ្ឋាភិបាល សហជីព​មាន​ការ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​អាច​មិន​មាន​ការ​កែប្រែ​ទៅ​តាម​សំណូមពរ​របស់​សហជីព។ សហជីព​បារម្ភ​ដែរ​ថា រដ្ឋាភិបាល​មាន​ចេតនា​ប្រើប្រាស់​ច្បាប់​នេះ ដើម្បី​ដាក់​សេរីភាព​របស់​សហជីព​ឲ្យ​នៅ​ក្រោម​អំណាច​របស់​រដ្ឋ និង​ជ្រៀតជ្រែក​កាន់តែ​ជ្រៅ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​សហជីព ដើម្បី​ធ្វើ​ឲ្យ​សហជីព​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន។

​ក្រុម​សហជីព​អះអាង​បន្ត​ថា រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ទប់ស្កាត់ សិទ្ធិ​ជា​សមូហភាព​របស់​សហ​ជីព​ឯករាជ្យ​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ជូន​កម្មករ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំឡើង​តាំង​ពី​ឆ្នាំ​២០០៨។ រដ្ឋាភិបាល​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ទាំង​អស់ ១៧​ជំពូក និង​ចែក​ចេញ​ជា ១០០​មាត្រា ដែល​មាន​វិសាលភាព​គ្របដណ្ដប់​លើ​សហគ្រាស គ្រឹះស្ថាន និង​ជន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។ ច្បាប់​នេះ​ក៏​គ្រប​ដណ្ដប់​ចំពោះ​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​ផង​ដែរ។

​រដ្ឋាភិបាល​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​សម្រាប់​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​កត្តា​ស្នូល​ក្នុង​ការ​ធានា​នូវ​ស្ថិរភាព និង​និរន្តរភាព​នៃ​រោងចក្រ​សហគ្រាស ឬ​គ្រឹះស្ថាន​ក្នុង​ដំណើរការ​សង្វាក់​ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​វិនិយោគទុន​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ក្រុម​សហជីព​មិន​យល់​ទាស់​ទេ បើ​សេចក្ដី​ព្រាង​ច្បាប់​នោះ មិន​មាន​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហជីព ឬ​បម្រើ​ផលប្រយោជន៍​របស់​កម្មករ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ក្រុម​សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋាភិបាល​ទើប​អនុម័ត​រួច​ទៅ​ដល់​ក្រុម​សហជីព​ដើម្បី​ពិនិត្យ​មើល។ លោក​ថា ប្រសិនបើ​សហជីព​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​បញ្ចូល​សំណើ​របស់​សហជីព​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នោះ​ទេ ក្រុម​សហជីព​នឹង​រួមគ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ៖ «»។

​កន្លង​មក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ធ្លាប់​រិះគន់​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋាភិបាល​រៀបចំ​ឡើង​នឹង​ធ្វើ​ឲ្យ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម​របស់​កម្មករ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។