សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ ក្រសួង មន្ទីរ ស្ថាប័ន និង អាជ្ញាធរ​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ជួយ​ព​ន្លឿ​ន​ល្បឿន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​យើង​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត និង​កង្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​បែប​នេះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​សម្តេច​កាលពី​១​ម៉ោង​មុន​នេះ (យប់​ថ្ងៃទី​១៣ វិច្ឆិកា ២០១៥) ។

នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ទៀត​ថា ៖ ចំពោះ​អាជ្ញាធរ​ដែនដី​ដែល​មាន​លទ្ធភាព​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង គឺ​ត្រូវ​ចាត់វិធានការ​ជួយ​ប្រជា​ពលរដ្ឋ​អោយ​បាន​ទាន់​ពេលវេលា ។ រីឯ​អាជ្ញាធរ​ដែនដី​ដែល​គ្មាន​លទ្ធភាព គឺ​ត្រូវធ្វើ​សំណើសុំ​ជា​បន្ទាន់ ព្រោះ​ស្រែ​ចម្ការ​គឺជា​អាយុជីវិត​របស់​ប្រជា​កសិករ​យើង ជា​ពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ។ ទន្ទឹម​និង​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​កំពុង​ប្រឈម​និង​បញ្ហា​គ្រោះ​រាំង​ស្ងួត ឬ​កំពុង​ខ្វះខាត​ទឹក​សម្រាប់​ដំណាំ​ស្រូវ​របស់​ខ្លួន សូម​ទំនាក់ទំនង​អាជ្ញាធរ​ដែនដី​ជា​បន្ទាន់ ៕