ជំនួយការ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទំនង​នឹង​ត្រូវ​បាន​គេ​យក​ទៅ​អប់រំ​កែប្រែ​ខ្លួន

ជំនួយការ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទំនង​នឹង​ត្រូវ​បាន​គេ​យក​ទៅ​អប់រំ​កែប្រែ​ខ្លួន

លោកChoe Ryong Hae (រូប​ស្តាំ) ដែល​ជា​ជំនួយការ​ស្និទ​នឹង​មេដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​គឺ​លោក Kim Jong Un ជួប​ជាមួយ​លោក​ប្រធានាធិបតី Vladimir Putin នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

មាន​ពាក្យ​ចចាម​អារ៉ាម​ថា អ្នក​ជំនួយ​ការ​កំពូល​ម្នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​កម្ចាត់​ ហើយ​ហាក់​ដូចជា​ត្រូវ​ធ្វើ​ការ​អប់រំ​កែប្រែ​ខ្លួន​សារ​ជា​ថ្មី​ក្នុង​លក្ខណៈ​ទទួល​ទណ្ឌកម្ម ​នេះ​បើ​យោង​តាម​ប្រភព​ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃព្រហស្បតិ៍។

លោក Choe Ryong Hae លេខាធិការ​នៃ​គណបក្ស​ពលករ​កូរ៉េ ​ដែល​កាល​ពី​ពេល​មុន​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ឥស្សរៈជនមាន​អំណាច​ទី២​របស់​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​លោក Jang Song Thaek ដែល​ជា​ឪពុកមា​របស់ Kim Jong Un ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ចុង​ឆ្នាំ​២០១៣។ ​លោក Cho ​ក៏​ត្រូវ​បាន​គេ​ឃើញ​ថា ​ជា​មនុស្ស​ដ៏​សំ​ខាន់​ម្នាក់​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែរ។ លោក Choe បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​កញ្ញា ​តំណាង​ឲ្យ​លោក Kim Jong Un ដើម្បី​ចូល​រួម​ក្បួន​ព្យុះ​ហយាត្រា​កងទ័ព​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។

ការ​និយាយ​ស្មានៗពី​ជោគ​វាសនា​របស់​លោក​ Choe ​បាន​លេច​ចេញ​ឡើង​ជា​លើក​ទី​មួយ បន្ទាប់​ពី​ឈ្មោះ​របស់​លោក​មិន​បាន​បង្ហាញ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​សព​រដ្ឋ​ដែល​បង្កើត​ឡើង​ដើម្បី​កាន់​ទុក្ខ​ការ​ស្លាប់​របស់​លោក Ri Ul Sol ​សេនា​ប្រមុខ​របស់​កងទ័ព​ប្រជាជន​កូរ៉េ​ដែល​បាន​ចូល​រួម​ក្នុង​សង្គ្រាម​ស៊ីវិលប្រឆាំង​នឹង​កងទ័ព​ចក្រព័ទ្ធ​ជប៉ុន​ក្នុង​សង្គ្រាម​លោកលើក​ទី២​ជាមួយ​លោក Kim Il Sung អ្នក​បង្កើត​ប្រទេស​កូរ៉េខាង​ជើង។​ អតីត​មន្រ្តី​យោធា​អាយុ​៩៤​ឆ្នាំ​រូប​នេះ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន។

​កាល​ពី​អតីតកាល ​បញ្ជី​ឈ្មោះ​បែប​នោះ ​ជារឿយៗ​ជា​ត្រី​វិស័យ​ដ៏​សំខាន់​មួយ​នៃ​ឋានានុក្រម​អំណាច​របស់​ប្រទេស​កុម្មុយនិស្ត​នោះ។

​កាល​ពី​ថ្ងៃ​ពុធ លោក Choe ​បាន​បាត់​មុខ​ពី​ពិធី​បុណ្យសព​របស់​សេនា​ប្រមុខ Ri ​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​និយាយ​ស្មានៗ​ថា ​លោក​ប្រហែល​ត្រូវ​បាន​កម្ចាត់។

តាម​ប្រភពដែល​ស្និទ្ធ​ជាមួយ​កូរ៉េ​ខាងជើង ថ្វី​បើ​មាន​ការ​និយាយ​ស្មានៗ​ក៏ដោយ ​លោក Choe ប្រហែល​មិន​បាន​បាត់​បង់​អំណាច​ទាំង​ស្រុង​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ​លោក Choe ​អាច​ត្រូវ​បាន​បណ្តេញ​ចេញ ​ហើយ​បញ្ជូន​ទៅ​កាន់​កសិដ្ឋាន​រួម​នៅ​តំបន់​ជនបទដើម្បី​ទទួល​ការ​អប់រំ​កែប្រែ​ខ្លួន ​ដែល​ជា​ប្រភេទ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ទម្ងន់​ស្រាល​ជាង​ការ​កម្ចាត់។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ឬ​យ៉ាង​ដូចម្តេច​នោះ​ទេ៕