រដ្ឋសភា​កម្ពុជា កំពុង​មមាញឹក ក្នុងការ​ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខែធ្នូ​

ភ្នំពេញ: បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​នៃ​សភា​តំបន់​អាស៊ី (APA) លើក​ទី​៨ នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ នៅ​រាជធានី​ភ្នំពេញ ដែលមាន​គណៈប្រតិភូ​ជា​ប្រធានរដ្ឋសភា ព្រឹទ្ធសភា បណ្តា​ប្រទេស ជា​សមាជិកសភា​តំបន់​អាស៊ី គណៈប្រតិភូ​បណ្តា​ប្រទេស ជា​អ្នកសង្កេតការណ៍ ព្រមទាំង​មាន គណៈប្រតិភូ​បរទេស ជា​អង្គការ សង្កេតការណ៍ ជាច្រើន​ទៀត នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​នេះ ផងដែរ​។​

​នៅក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​មហាសន្និបាត​ដ៏​ធំ​នេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​កំពុង​មមាញឹក ក្នុងការ​ចាត់ចែង​រៀបចំ ការងារ​ទាំង​ក្នុង និង ក្រៅប្រទេស ដើម្បី​ឲ្យ​មហាសន្និបាត​ដំណើរការ​ដោយ​រលូន ទទួលបាន​ជោគជ័យ និង​សក្តិសម ទៅនឹង​មុខមាត់​កិត្តិយស​ប្រទេសជាតិ​។ ក្រោម​ការ ចង្អុលបង្ហាញ ពីស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ដាក់ចេញ​ផែនការ ដោយបាន​ធ្វើ ការបែងចែក​ភារកិច្ច ការងារ​ដល់​អង្គភាព​នានា នៅក្រោម​ឱវាទ អនុវត្ត ជាច្រើន​ខែ​មកហើយ ដើម្បី​ត្រៀម​រៀបចំ​មហាសន្និបាត នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ កិច្ចការ​ទាំងអស់នោះ ដោយមាន​ការចូលរួម​ប្រជុំ ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ដែលមាន​ភារកិច្ច នៅក្នុង​ការរៀបចំ ដំណើរការ​មហាសន្និបាត​លើក​ទី​៨ សភា​តំបន់​អាស៊ី នេះ​។​

​អង្គ​ប្រជុំបាន​ស្តាប់​របាយការណ៍​លទ្ធផល​ការងារ ដែល​អង្គភាព​នីមួយៗ បាន​អនុវត្ត​នាពេល​កន្លងមក ដែលមាន​ដូចជា​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ ដែលមាន​ការអញ្ជើញ​គ​ណៈ​ប្រតិភូ​បរទេស ការឆ្លើយតប និង​សំណូមពរ​ទាំងឡាយ ពី​ភ្ញៀវ​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត​។ ការពិនិត្យ​លើ​របៀបវារៈ​មហាសន្និបាត ការត្រៀម​រៀបចំ​សេវាកម្ម សម្ភារៈ និង​ធនធានមនុស្ស ជាដើម​។​

​យោងតាម​ការរាយការណ៍​ពី​ថ្នាក់ដឹកនាំ​អង្គភាព​នីមួយៗ បាន​បង្ហាញថា​កិច្ចការ​ជាច្រើន​ត្រូវបាន​សម្រេច គឺ​ត្រៀម​ចាំតែ​ថ្ងៃ​ប្រារព្ធ​ពិធី​តែប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ឯកឧត្តម ឡេង ប៉េងឡុង បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន​ប​ន្ត​ទៀត​។ ឯកឧត្តម​បាន​ជំរុញ ដល់​មន្ត្រី​ទាំងអស់ ត្រូវ​បញ្ចប់​រាល់​ការងារ​ទាំងឡាយណា​ដែល​សេសសល់​ឲ្យ​រួចរាល់ នៅក្នុង​ពាក់កណ្តាល ខែវិច្ឆិកា​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អគ្គលេខាធិការ ក៏បាន​ជំរុញ​ដល់​នាយកដ្ឋាន​ព័ត៌មាន របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ខិតខំ​រក​មធ្យោបាយ ក្នុងការ ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ដល់​សាធារណជន​បានដឹង ពិសេស​ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយ​បណ្តាញ ព័ត៌មាន រដ្ឋ និង​ឯកជន ដើម្បី​រួមសហការ​គ្នា ធ្វើយ៉ាងណា​ឲ្យ​ការផ្សព្វផ្សាយ​ពី​មហាសន្និបាត​នេះ បាន​ទូលំទូលាយ​។​

​លោក​អគ្គលេខាធិការ បាន​លើកឡើងថា​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ជា​កិត្តិយស​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។ មហាសន្និបាត​នេះ នឹង​បង្ហាញ ឲ្យ​ពិភពលោក​បានឃើញ​ពី​ការខិតខំ របស់​សភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក្នុង​កសាង​សន្តិភាព ការផ្សះផ្សា​ជាតិ​សាសន៍​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​សូម​ជម្រាប​ដែរ​ថា ប្រធានបទ​នៃ​មហាសន្និបាត​លើក​ទី​៨ នៃ​សភា​តំបន់​អាស៊ី ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅពេលនេះ​គឺ “ ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​”​។​

​សភា​តំបន់​អាស៊ី បាន​បង្កើតឡើង​ក្នុង​គោលបំណង​នៃ​ការជំរុញ​សុខសន្តិភាព និង សមា​រណកម្ម សម្រាប់​តំបន់​អាស៊ី​ទាំងមូល ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​ប្រព័ន្ធយុត្តិធម៌ ការចែករំលែក និង​ស្មើភាព​គ្នា នូវ​ស្ថិរភាព​នៃ​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ និង​ជិតស្និទ្ធ ថែមទៀត សម្រាប់​តំបន់ អាស៊ី​។​

​សភា​តំបន់​អាស៊ី (Asian Parliament Assembly ) បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៦ ដោយបាន​បាន​ប្តូរ​ឈ្មោះ​មកពី សមាគមន៍​សភា​អាស៊ី​ដើម្បី សន្តិភាព (The Association Of Asian Parliamentfor Peace)​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៩ មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ សភា​តំបន់​អាស៊ី មាន​សមាជិក​ពេញសិទ្ធិ ចំនួន​៤២​ប្រទេស សមាជិក​អ្នកសង្កេតការណ៍​ចំនួន​១៦​ប្រទេស​៕​

រដ្ឋសភា​កម្ពុជា កំពុង​មមាញឹក ក្នុងការ​ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខែធ្នូ​

រដ្ឋសភា​កម្ពុជា កំពុង​មមាញឹក ក្នុងការ​ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខែធ្នូ​

រដ្ឋសភា​កម្ពុជា កំពុង​មមាញឹក ក្នុងការ​ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខែធ្នូ​