គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា និង​តំណាង​រាជរដ្ឋាភិបាល បានបញ្ចប់​ការពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​

ភ្នំពេញ: ​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ ត្រូវបាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ រួមសហការ​ជាមួយ សមាជិក​សមាជិកា គណៈកម្មការ​ជំនាញ​មួយចំនួនទៀត បាន​លើក​យកមក​ពិនិត្យ​និង​សិក្សា ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សហការី កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។​

​លោក ប្រាក់ សុខុន បាន​មានប្រសាសន៍​ជម្រាប​កិច្ចប្រជុំ​ថា សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍ បានរៀបចំ​តាក់តែងឡើង ក្នុង​គោលបំណង​ជំរុញ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូរគមនាគមន៍ នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ទំនើប មាន​គុណភាព​ខ្ពស់ សេវា​គ្របដណ្តប់​ទូទាំងប្រទេស និង​មានតម្លៃ​សេវា​សមរម្យ បម្រើសេវា​ទំនាក់ទំនង​ជូន​ប្រជាជន​ទូទៅ​ឲ្យ​បាន​ទូលំទូលាយ​។​

​លោក​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ធានា​ផលប្រយោជន៍​ដល់​ស្ថាប័នរដ្ឋ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​។ បើតាម​ប្រសាសន៍​របស់លោក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ក្រសួង​តាក់តែងឡើង ដោយបាន​ធ្វើការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​ជាមួយ​វិស័យ​ឯកជន និង​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ មាន​សុក្រឹតភាព ស្របតាម​ភាពជាក់ស្តែង​របស់​សង្គម​។​

​លោកស្រី និ​ន សា​ផុន បាន​កោតសរសើរ​ចំពោះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​តាក់តែង​សេចក្តី ព្រាង​ច្បាប់​នេះ​ឡើង​ឲ្យ​ស្របតាម​ការ​ការរីកចម្រើន​របស់​ប្រទេសជាតិ និង​ពិភពលោក ដើម្បី​ធ្វើ​សមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍​អាស៊ាន និង សកលលោក ខាង​ផ្នែក​ទូរគមនាគមន៍ ដែលមាន​ការវិវត្តន៍​ឥតឈប់ឈរ​។​

​លោកស្រី​បាន​មានប្រសាសន៍​បន្តថា នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ តាក់តែង​សេចក្តីព្រាងច្បាប់ និង​សេចក្តីស្នើច្បាប់ ដែលជា​ឯកសារ​គតិយុត្ត​សម្រាប់​បម្រើ​ដល់​ការវិនិយោគ និង​សង្គមជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូចជា សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ នេះ​ជាដើម​។ លោកស្រី បាន​សង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ ស្តីពី​ទូរគមនាគមន៍​នេះ មាន​សារសំខាន់​ជួយ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ផងដែរ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ទូរគមនាគមន៍ មាន ១៦ ជំពូក និង ១១៤ មាត្រា​។ កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល នៅពេល នេះ​បាន​ឯកភាពគ្នា​លើ​ទម្រង់​ច្បាប់ ខ្លឹមសារ​ច្បាប់ និង​បានធ្វើ​ការកែសម្រួល​ពាក្យពេចន៍ ឃ្លា ល្បះ ខ្លះៗ ។

​លោកស្រី និ​ន សា​ផុន បាន​មានប្រសាសន៍ មុន​បិទ​កិច្ចប្រជំ​ថា បន្ទាប់ពី​បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ គណៈកម្មការ​លោកស្រី នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​និង​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត នាពេល​ឆាប់ៗ​នេះ​៕

គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា និង​តំណាង​រាជរដ្ឋាភិបាល បានបញ្ចប់​ការពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​

គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា និង​តំណាង​រាជរដ្ឋាភិបាល បានបញ្ចប់​ការពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​

គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា និង​តំណាង​រាជរដ្ឋាភិបាល បានបញ្ចប់​ការពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​