តុលាការ​កម្ពុជា​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង

តុលាការ​កម្ពុជា​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

តុលាការ​កម្ពុជា​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ នៅ​ថ្ងៃ​សុក្រ​នេះ​ពី​បទ​បរិហាកេរ្តិ៍​ជាសាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង កាល​ពី​៧​ឆ្នាំ​មុន។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា ជា​បញ្ហា​នយោបាយ​ដោយសារ​ដីកា​នេះ​ត្រូវ​បាន​បង្គាប់ ​ខណៈពេល​ដែល​ជម្លោះ​យូរ​អង្វែង​រវាង​លោក​សម រង្ស៊ី​ និង​លោក​ ហ៊ុន សែន មាន​ការ​កើនឡើង​កម្តៅ​ខ្លាំង​ក្នុង​សប្តាហ៍​នេះ។ ​

កាលពី​ថ្ងៃព្រហស្បតិ៍​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​គំរាម​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ បន្ទាប់​ពី​លោក សម រង្ស៊ី​ បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ការប្តេជ្ញា​ក្នុង​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង។ លោក សម រង្ស៊ី បាន​កំណត់​ថានឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃច័ន្ទ​នេះ។

មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ណា​មួយ​ថា​តើ​ លោក សម រង្ស៊ី នឹង​វិលត្រឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ​តាម​ការកំណត់​ ហើត​និង​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ឬ​រត់​និរទេស​ខ្លួន ដូច​ដែល​លោក​ធ្លាប់​ធ្វើ​កាល​ពី​លើក​មុន នៅ​ពេល​ដែល​មាន​ការ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​វែង​នោះ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ហោ ណាំហុង ជា​ដើម​ចោទ​នៃ​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​នេះ ​កាល​ពីឆ្នាំ​២០០៨ ដោយសារ​ លោក​មាន​ការ​ខឹងសម្បារ​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក សម រង្ស៊ី ដែល​បាន​ចោទ​ប្រកាន់​លោក​ថា​ ជា​មេពន្ធនាគារ​ខ្មែរ​ក្រហម។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​សម្រេច​ផ្តទ្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ។ លោក សម រង្ស៊ី ក៏​ធ្លាប់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទចោទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដក​បង្គោល​ព្រំ​ប្រទល់​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ផងដែរ៕