លោក​ ឈាង​ វុន​ អះអាងថា លោក សម រង្ស៊ី បាត់បង់អភ័យ​ឯក​សិទ្ធ​សភា

 

មន្រ្តី​នាំ​ពាក្យ​រដ្ឋ​សភា​ លោក​ ឈាង​ វុន​ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ អាច​នឹង​ត្រូវ​អាជ្ញាធ​រ​ចាប់​ខ្លួន​បាន​ភ្លាម​ ដោយ​មិន​ចាំ​បាច់​ ដក​អភ័យ​ឯក​សិទ្ធ​សភា​ជា​មុន​នោះ​ទេ​។​ ​លោក​លើក​ឡើង​ថា​ លោក​ សម​ រង្ស៊ី​បាន​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាង​រាស្រ្ត​ហើយ​នៅ​ពេល​ដែល​សា​លា​ឧទ្ធរណ៍​បាន​ចេញ​ដី​កា​ស្ថាពរ​ កាល​ពី​ខែ​ មីនា​ ឆ្នាំ ​២០១៣​ ពាក់​ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍​។​

​លោក​បន្ត​ទៀត​ថា​អង្គ​រដ្ឋ​សភា​មិន​ចាំ​បាច់​កោះ​ប្រជុំ​ដើម្បី​លើក​អភ័យ​ឯក​សិទ្ធិ​លោក​ សម ​រង្ស៊ី ​ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​ចាប់​ខ្លួន​លោក​ឡើយ​ ពីព្រោះ​លោក​ សម​ រង្ស៊ី​បាន​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ​។​

 

លោក​ ឈាង​ វុន​ លើក​យក​ចំណុច​មួយ​ក្នុង​មាត្រា​ទី ​១៤​ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាង​រាស្រ្ត​ចែង​ថា​ តំណាង​រាស្រ្ត​ដែល​ត្រូវ​ផ្តន្ទា​ទោស​ ហើយ​ទោស​នោះ ​បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ​ តំណាង​រាស្រ្ត​នោះ​នឹង​បាត់​បង់​ សិទ្ធិ​ទាំង​ឡាយ​ រួម​ទាំង​សមាជិក​ភាព​នៃ​តំណាង​រាស្រ្ត​ដែរ​។​

 

​លោក​បន្ត​ទៀត​ថា​តុលាការ​រាជធានី​ភ្នំពេញ​ទើប​តែ​ចេញ​ដី​កា​តាម​ចាប់​ខ្លួន​​លោក​ សម ​រង្ស៊ី​នៅ​ពេល​នេះ ​មិន​មែន​ដោ​យ​សារ​តែ​ប្រតិ​កម្ម​របស់​ លោក​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​តប​ទៅ​នឹង​លោក​សម​ រង្ស៊ី​ឡើយ​។​ តំណាង​រាស្រ្ត​ ​គ​ណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បន្ត​ថា​ ការ​ចេញ​ដី​កា​ចាប់​ខ្លួន​នេះ​ ដោយ​សារ​តែ​ មេ​ធាវី​ការ​ពារ​ក្តី​របស់ ​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​​បរទេស​ ទើប​ស្នើ​ឲ្យ​តុលា​ការ​ចាត់​វិធាន​ការ​ប្រឆាំង​លោក​ សម​ រង្ស៊ី ​ពី​ព្រោះ ​​ព្រះ​មហាក្សត្រ​មិន​បាន​លើក​លែង​ឲ្យ​លោក​ ចំពោះ​ករណី​បរិហាកេរ្តិ៍​ លោក ​ហោ ​ណាំ​ហុង​ឡើយ​។

 

ឆ្លើយ​តប​នឹង​ការ​អះ​អាង​របស់ ​លោក​ ឈាង​ វុន​នេះ​ មន្រ្តី​ជាន់​ខ្ពស់​អង្គការ​អាដហុក ​លោក ​នី ​ចរិយា​ មាន​ប្រសាសន៍​ថា  ការ​បក​ស្រាយ​របស់​ លោក ​ឈាង​ វុន​ មិន​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​ ៨០​ឡើយ​។​ ចំណុច​មួយ​ក្នុង​មាត្រា​ ៨០​ចែង​ថា​ ការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន​ឬ​ការ​ឃុំខ្លួន​សមាជិក​រដ្ឋ​សភា​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត​លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​សភា​ ឬ​ពី​គណៈ​កម្ម​ធិការ​អចិ​ន្រ្តៃយ៍​សភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋ​ស​ភា​ លើក​លែង​តែ​បទ​ល្មើស​ព្រហ្ម​ទ័ណ្ឌ​ជាក់​ស្តែង​។​ សេច​ក្តី​សម្រេច​របស់​គ​ណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ ត្រូវដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល​៕​