ក្រុម​​ហ៊ុន ហួងអាញ់ យ៉ាឡៃ ផ្ដល់​លុយ​ឲ្យ​អ្នក​ភូមិ​រតនគិរី​ទិញ​ក្របី​សែនព្រេន

តំណាង​១៤​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​​នៅ​ខេត្ត​រតនគិរី​បាន​ទទួល​យក​លុយ​១.៧០០​ដុល្លារ​អាមេរិក​​​ក្នុង​សហគមន៍​នីមួយៗ​កាលពី​ថ្ងៃ​សុក្រ​ពី​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ ហួងអាញ់ យ៉ាឡៃ ដើម្បី​ទិញ​ក្របី​មួយ​ក្បាល​ និង​ប្រារព្ធពិធី​សែន​ព្រេន​អ្នក​តា​ ដែល​ទទួល​​រង​ការ​រំខាន​ពី​ចម្ការ​កៅស៊ូ​របស់​ក្រុម​ហ៊ុន​នេះ​។

លុយ​​កាក់​នោះ​បាន​ប្រគល់​ជូន​​ក្នុង​កិច្ច​ប្រជុំ​​ដែល​រៀបចំ​ដោយ​សាជីវកម្ម​​ហិរញ្ញវត្ថុ​អន្តរជាតិ​​ដែល​ដាក់​វិនិយោគ​រាប់​លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​​មូលនិធិ​វិនិយោគ​វៀតណាម​ ដោយ​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​​ក្រុម​ហ៊ុន​ ហួងអាញ់ យ៉ាឡៃ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​បានលុង គឺ​​ជា​វិធានការ​មួយ​ដែល​អ្នក​ភូមិ​ និង​អង្គការ​​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ជា​ជំហាន​វិជ្ជមាន។

អ្នក​ភូមិ​ប្រមាណ​១.៦០០​គ្រួសារ​បាន​ចោទ​ប្រកាន់​​ក្រុម​ហ៊ុន ហួង អាញ់យ៉ាឡៃ ដែល​មាន​ចម្ការ​​​កៅស៊ូ​បី​កន្លែង​ដាច់​ដោយ​ឡែកពី​គ្នា​នៅ​ក្នុង​​ស្រុក​អូរជុំ និង​អណ្ដូង​មាស​ថា បាន​​លួច​ដីធ្លី​​ ធ្វើ​ឲ្យ​ខូច​ស្ទឹង​ទន្លេ​ និង​បំផ្លិច​បំផ្លាញ​ទីកប់​ខ្មោច​ដូនតា​។ ក្រុម​ហ៊ុន​​បាន​យល់​ព្រម​ប្រគល់​ដី​​ចំនួន​១០.០០០​ហិកតា​ដែល​ខ្លួន​មិន​ទាន់​បាន​ដាំ​ដុះ​ជូន​អ្នក​ភូមិ​វិញ។

លោក សូ សុផាត អ្នក​តំណាង​ម្នាក់​របស់​សហគមន៍​​ទំពូន​នៅ​ឃុំ​ម៉ាលិក​ ស្រុក​អណ្ដូង​មាស បាន​សម្ដែង​ការ​ពេញ​ចិត្ត​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​ហ៊ុន​ ហួងអាញ់ យ៉ាឡៃ បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​។ អ្នក​តំណាង​រូប​នេះ​បាន​និយាយ​ថា សហគមន៍​​ជនជាតិ​ទំពូន​​បាន​លៃលក​ប្រាក់​​​ប្រហែល​​​១.២០០​​ដុល្លារ​សម្រាប់​ទិញ​ក្របី​​​​​​​មួយ​​ក្បាល​ទម្ងន់​៤០០​គីឡូក្រាម​​ដើម្បី​បូជា​យញ្ញ​​ ចំណែក​ឯ​សល់​​៥០០​ដុល្លារ​ទៀត​សម្រាប់​ទិញ​ម្ហូប​អាហារ និង​ស្រា​​ដើម្បី​សែនព្រេន​ដល់​អ្នក​តា​។

លោក សុផាត បាន​និយាយ​ថា “​លុយ​ដែល​យើង​បាន​ទទួល​មិន​មែន​ជា​សំណង​ទេ​ ប៉ុន្តែ​ជា​ការ​ទទួល​ស្គាល់​ថា គេ​រំលោភ​លើ​ដី​ដូន​តា​របស់​យើង​។ យើង​នឹង​យក​លុយ​ទិញ​ក្របី​មួយ​ក្បាល​ និង​ម្ហូប​អាហារ​ ហើយ​ប្រារព្ធពិធី​សុំទោស​ដូន​តា​ និង​​​​ព្រៃ​អារក្ខ​​។ យើង​មិន​​ពេញ​ចិត្ត​ទាំង​ស្រុង​ទេ​ ពីព្រោះ​យើង​ចង់​​បាន​ដីធ្លី​មក​សហគមន៍​យើង​វិញ​”។

លោក អៀង វុទ្ធី នាយក​អង្គការ​​សមធម៌​កម្ពុជា​​ ដែល​បាន​​​ជួយ​ជ្រោមជ្រែង​សហគមន៍​ក្នុង​ការ​​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​លើ​ដី​ធ្លី​របស់​ពួកគេ​ បាន​និយាយ​ថា ការ​ទទួល​ស្គាល់​កំហុស​ពី​សំណាក់​ក្រុម​ហ៊ុន​​ ហួងអាញ់ យ៉ាឡៃ គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ក្នុង​ការ​​ប៉ះប៉ូវ​ដល់​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ចម្ការ​កៅស៊ូ​​ប៉ុណ្ណោះ​។

លោក វុទ្ធី បាន​និយាយថា “​អនុប្រធាន​ធនាគារ​ពិភព​លោក​ អនុប្រធាន​ក្រុម​ហ៊ុន​ [ហួងអាញ់ យ៉ាឡៃ] និង​អភិបាល​រង​ខេត្ត​​មួយ​រូប​​មាន​វត្តមាន​នៅទីនេះ​ ហើយ​យើង​ក៏​ពិភាក្សា​​អំពី​គម្រោង​បន្ត​ទៀត​​ ដើម្បី​រក្សា​ប្រភពទឹក​ដែល​ធ្វើ​ឲ្យ​ខូច​ដោយ​ក្រុម​ហ៊ុន​ ហើយ​កំណត់​ព្រំដែន​ចម្ការ​កៅស៊ូ និង​ភូមិ​អ្នកស្រុក​។ នឹង​មាន​ដំណើរ​ទស្សនកិច្ច​រួម​គ្នា​មួយ​នៅ​ខែ​ធ្នូ ដើម្បី​ជំរុញ​ផែន​ការ​ទាំង​នោះ​​ឲ្យ​ដំណើរ​ការ​​”។

សួរ​ថា​ហេតុ​អ្វី​​គេ​បណ្ដោយ​ឲ្យ​ក្រុម​ហ៊ុន​​​អភិវឌ្ឍ​​ហួស​ព្រំ​ដែន​ដី​សម្បទាន លោក យឹម ផាន អភិបាល​រង​ខេត្ត​​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​​កាលពី​ថ្ងៃ​សុក្រ បាន​និយាយ​ថា រឿង​បែប​នោះ​ពិបាក​នឹង​​រក​​ឲ្យ​ឃើញ​ណាស់​។

លោក​​ យឹម ផាន បាន​និយាយ​ថា “​ក្រុម​ហ៊ុន​មិន​មែន​មក​​បង្កើត​វិនិយោគ​នេះ​តែ​​មួយ​ថ្ងៃ​ទេ។ វា​ប្រើ​​ពេល​យូរ​ណាស់​”៕ រើន​​​​​​​​​​​​​

 

 

The post ក្រុម​​ហ៊ុន ហួងអាញ់ យ៉ាឡៃ ផ្ដល់​លុយ​ឲ្យ​អ្នក​ភូមិ​រតនគិរី​ទិញ​ក្របី​សែនព្រេន appeared first on ខេមបូឌា ដេលី.