យុវជន​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ អាជ្ញាធរ​ថា​មក​ពី​គាំង​បេះដូង

យុវជនម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទាំងព្រឹក។
យុវជន​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ អាជ្ញាធរ​ថា​មក​ពី​គាំង​បេះដូង
ហាងផ្តិតរូប និងសាកសពយុវជន។ (រូបថត monoROOM.info/ H. Vuthy)

ក្រោយការពិនិត្យសាកសព មន្ត្រីនគរបាល បានឲ្យដឹងថា មរណភាពរបស់យុវជន ទំនងជាបានកើតឡើង ដោយជំងឺគាំងបេះដូង។ គេបានប្រទះឃើញរូបកាយគ្មានជីវតិត របស់យុវជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលាម៉ោង៨ព្រឹក។ យុវជនរងក្ឬោះ ជាសិស្សរៀនកាត់តរូបភាព នៅហាងផ្តិតរូប ហេង ឡាយ ស្ថិត​នៅផ្ទះលេខ ២៥៦ ក្រុមទី ៤៥ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ជនរងគ្រោះមករៀន​កាត់ត​រូបភាព ជាធម្មតានៅនឹងហាងផ្តិតរូប ហើយនៅយប់ថ្ងៃដដែល ជនរងគ្រោះមិនមានបង្ហាញ ពីសភាពអ្វីប្លែក ដូចជា​បានសេពសុរានោះឡើយ។ ប៉ុន្តែនៅព្រឹកម៉ោង៨ ថ្ងៃទី១០ ទើបកូនស្រីម្ចាស់ហាង ដែលជាគូដណ្តឹង​របស់​ជន​រងគ្រោះឆ្ងល់ ព្រោះជនរងគ្រោះ ដូចជាដេកយូរខុសធម្មតា ក៏ចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញ​ជន​រង​គ្រោះ ស្លាប់បាត់ហើយ ។

ក្រុមសមត្ថកិច្ច ត្រូវបានពលរដ្ឋប្រាប់ឲ្យដឹង ហើយបានចុះទៅដល់កន្លែង ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើ​កោសល្យ​វិច័យ ទៅលើសាកសព។ មន្ត្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំង​បេះដូង មិនមែនជាអំពើអត្តឃាតនោះទេ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឃ្លី យ៉ារី អាយុ២០ឆ្នាំ ស្នាក់នៅហាងផ្ដិតរូបថតនោះតែម្ដង និងមាន​ស្រុក​កំណើតនៅភូមិពពកឬស្សីក្រោម ឃុំ ពពកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕