យប់មិញ​! ចោរ​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​ក្នុងស្រុក​សំរោង​ទង យក​ប្រាក់​​ជិត​១​ម៉ឺន​ដុល្លារ

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ មាន​ករណី​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​២​ប្តី​-​ប្រពន្ធ​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​ក្រុម​ជនសង្ស័យ​ដែល​មាន​គ្នា​៥​នាក់​ព្រួត​វាយ​សួរ​រក​ទ្រព្យសម្បត្តិ ។ ដោយ​ប្រភព​ជំហាន​ដំបូង​ថា ទ្រព្យសម្បត្តិ​ត្រូវ​ក្រុម​ចោរ​ប្រមូល​​យក​អស់​ជិត​១​ម៉ឺន​ដុល្លារ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ​គឹ​ម សុខ​គី​ម អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​យឹ​ម សុខ​ហេង អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរ​ពេ​េ​ទ្យ ។

ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​ម្នាក់​របស់​ជន​រង​គ្រោះ​អាយុ​ជាង​១០​ឆ្នាំ មក​ឮ​សូរ​សំឡេង​ជជែក​គ្នា​ពី​ក្នុងផ្ទះ ហើយ​​ក៏​ដើរទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ក្រុម​ចោរ​ទាំងនោះ រួច​ក៏​រត់​ចេញ​មក​ក្រៅ​ស្រែក​ចោរ​ៗ ។

ពេល​នោះ ត្រូវ​ក្រុម​ចោរ​បាញ់​ឡើង​លើ​ដើម្បី​គំរាម ហើយ​ត្រូវ​បាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ត្រូវ​ក្រុម​ចោរ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៀត ។ តែ​ទោះបីជា​យ៉ាងណា ក្រុម​ចោរ​ទាំងនោះ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព ។ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ផង​ដែរ ។