លោក សម រង្ស៊ី ថារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នឹងដួលរលំឆាប់ៗនេះ

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅតែបន្ត ហៅរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចេជោ ហ៊ុន សែន ថាជារាជរដ្ឋាភិបាលផ្តាច់ការកំពុង ភ័យតក់ស្លុតស្លន់ស្លោ ហើយនឹងឈានទៅដួលរលំក្នុង ពេលឆាប់ៗ ខាងមុខនេះ ដូចបណ្តាប្រទេសកាន់របបផ្តាច់ការលើពិភពលោកដទៃទៀតដែរ។

បើទោះបីមានដីការតាមចាប់ខ្លួនពីសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ យ៉ាងណាក្តី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី ហាក់មិនបានថបថយនូវការវាយប្រហារមកលើរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី បាន បញ្ចេញសារវាយប្រហារថ្មីមួយទៀត ដោយនៅតែបន្តហៅរាជរដ្ឋាភិបាលកម្ពុជាថា ជារាជរដ្ឋាភិបាលផ្តាច់ការ ដែល កំពុងមានភាពតក់ស្លុត និងស្លន់ស្លោ។

សារដែលបង្ហោះនៅលើទំព័រ Facebook គ្រាកំពុងស្នាក់នៅប្រទេសកូរ៉េខាងត្បូង លោក សម រង្ស៊ី បានថ្លែងយ៉ាង ដូច្នេះ «ព្រឹត្តការណ៍ចុងក្រោយបំផុត នៅប្រទេសកម្ពុជា ក្នុងនោះ មានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួន ចំពោះរូបខ្ញុំ ផង ដែរ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រឆាំងតែមួយគត់ក្នុងរដ្ឋសភា បង្ហាញឲ្យឃើញថា ជោគជ័យ ដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ របស់ចលនាប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ ក្នុងការបោះឆ្នោតថ្មីៗនេះ នៅប្រទេស ភូមា បណ្តាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់អ្នកដឹកនាំផ្តាច់ការ ទាំងប៉ុន្មានដែលនៅសេសសល់ ក្នុងតំបន់ ទ្វីបអាស៊ីយើង»។

លោក បន្តថា ចរន្តនយោបាយនាំមកសេរីភាព គ្មាននរណាអាចទប់បាន ហើយកំពុងរាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ក៏នឹងឈានមកដល់ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗខាងមុខនេះៗ៕

លោក សម រង្ស៊ី ថារាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នឹងដួលរលំឆាប់ៗនេះ