ប៉ារីស រង​ការ​វាយ​ប្រហារ​ច្រើន​កន្លែង យ៉ាង​ហោច​១៨នាក់​ស្លាប់

យ៉ាងហោចមានការផ្ទះអាវុធ ចំនួនបីកន្លែង បានកើតឡើង នៅកណ្ដាលរដ្ឋធានីប៉ារីស ប្រទេស​បារាំង បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ មាន​ចំនួន​មិន​តិច​ជាង​​១៨នាក់​ឡើយ។ នេះបើតាម​តុល្យភាព ដែលផ្ដល់​ភ្លាមៗ ដោយស្នងការ​នគរបាល នៃ​រដ្ឋធានី​ប៉ារីស។ ប៉ុន្តែ​ប្រភព​ព័ត៌មាន របស់​ទូរទស្សន៍ BFMTV បាន​និយាយ​ថា មនុស្ស​ស្លាប់​បាន​កើន​ឡើង មិន​តិច​ជាង​៦០នាក់។
ប៉ារីស រង​ការ​វាយ​ប្រហារ​ច្រើន​កន្លែង យ៉ាង​ហោច​១៨នាក់​ស្លាប់
ទិដ្ឋភាពមួយ នៃការឡោមព័ទ្ធ របស់កងកម្លាំងអាជ្ញាធរបារាំង នៅពីខាងក្រៅ​នៃការវាយ​ប្រហារ ក្នុងសង្កាត់ទី១០ នៃរដ្ឋធានីប៉ារីស។ (រូបថតទ្វីសធើរ)

កន្លែងទាំងបី ដែលរងការវាយប្រហារនោះ ស្ថិតក្នុងផ្លូវ ប៊ីឆារ (Bichat) ផ្លូវ ឆាររ៉ូន (Charonne) និង​កន្លែង​មួយ​ទៀត នៅនឹងរោងល្ខោន បាតាក្លង់ (Bataclan) នៃសង្កាត់ទី១០ និងទី១១ កណ្ដាលរដ្ឋធានីប៉ារីស។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រោងល្ខោន បាតាក្លង់ កំពុងត្រូវបានចាប់ ជាចំណាប់ខ្មាំងនៅឡើយ ក្នុង​ពេល​អត្ថបទ​នេះ​កំពុង​សរសេរ។

ស្នូរគ្រាប់បែកចំនួនបីគ្រាប់ ត្រូវបានផ្ទុះឮឡើង នៅក្បែរពហុកីឡាដ្ឋានធំ របស់ប្រទេស (Stade de France) ដែល​មានការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈមិត្តភាព រវាងក្រុមជម្រើសជាតិបារាំង និងអាល្លឺម៉ង់ ក្នុង​យប់​ទី១៣ ខែវិច្ឆិកានេះ។ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែល​មាន​វត្តមាន នៅក្នុង​ការប្រកួតកីឡាមិត្តភាពនេះ ត្រូវបានជម្លៀសខ្លួនចេញ ដោយលាក់កំបាំង ដើម្បីបញ្ជៀស​ការ​ភ្ញាក់​ផ្អើល។ នេះ​ បើ​តាម​ការ​ផ្សាយ របស់ទូរទស្សន៍បារាំង iTélé ដែលផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។

មនុស្សស្លាប់អាចច្រើនជាង ៦០នាក់...

ស្នងការនគរបាល នៃរដ្ឋធានីប៉ារីស បានប្រកាសឲ្យដឹងថា មានមនុស្សយ៉ាងតិច ១៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ១៥នាក់ នៅរោងល្ខោន បាតាក្លង់ និងបីនាក់ នៅក្បែរពហុកីឡាដ្ឋានធំបារាំង។ ប៉ុន្តែប្រភពព័ត៌មាន របស់ទូរទស្សន៍បារាំង BFMTV បានឲ្យដឹងថា មនុស្សស្លាប់មានមិនតិចជាង ៦០នាក់ ហើយ​ចំនួន​នេះ​អាច​នឹង​កើត​ឡើង នៅក្នុងម៉ោងខាងមុខនេះ។

ភោជនីយដ្ឋានម្ហូបខ្មែរ...

ការវាយប្រហារ នៅផ្លូវ ប៊ីឆារ ត្រូវបានធ្វើឡើង នៅខាងមុខភោជនីយដ្ឋានមួយ ឈ្មោះ ប៉ឺទីកម្ពុជា (Petit Cambodge) ដែលជាភោជនីយដ្ឋានម្ហូបខ្មែរ នៅក្នុងសង្កាត់ទី១១ នៃរដ្ឋធានីប៉ារីស។ បុគ្គលិកបម្រើការម្នាក់ នៅ​ក្នុងភោជនីយដ្ឋាននេះ បានថ្លែងប្រាប់ទូរទស្សន៍ iTélé ថាការវាយប្រហារ បានធ្វើឲ្យមនុស្ស​ម្នាក់​រង​របួស។

អ្នកសារព័ត៌មានមួយរូប របស់សារព័ត៌មានបារាំង «Le Monde» លោក «Daniel Pseny» បានរង​របួស​ត្រង់​ដៃ ដោយគ្រាប់កាំភ្លើង នៅក្នុងការវាយប្រហារ នារោងល្ខោន បាតាក្លង់ ហើយបានរាយការណ៍ប្រាប់ថា មនុស្ស​ជា​ច្រើន​នាក់ ត្រូវបានបាញ់តម្រង់ ហើយបានដួលដេកនៅនឹងដី ជាបន្តបន្ទាប់។ អ្នកសារព័ត៌មានរូបនោះ បាន​និយាយ​ថា ជនខ្មាន់កាំភ្លើង មិនត្រូវបាននគរបាលឃាត់ខ្លួនបានទេ ហើយយ៉ាងហោច ជនខ្មាន់កាំភ្លើងម្នាក់ បាន​គេច​ខ្លួន៕