ភេរវកម្មនៅប៉ារីស៖ ប្រធានាធិបតី​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានកោះប្រជុំគណៈរដ្ឋមន្ត្រី នៅក្នុងយប់នេះភ្លាម ដើម្បីប្រតិកម្ម ទៅ នឹង ការ​វាយ​ប្រហារ​ជា​ច្រើន​កន្លែង នៅ​រដ្ឋធានី​ប៉ារីស។ ប្រទេស​បារាំង​ទាំង​មូល ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន ហើយ​ព្រំដែន​ប្រទេស ត្រូវ​បាន​បិទ។
ភេរវកម្មនៅប៉ារីស៖ ប្រធានាធិបតី​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់។ (រូបថត elysee)

នៅក្នុងបទអន្តរាគមន៍ នៅតាមកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានប្រកាសទីកាន់ប្រជាជាតិ ទាំងអារម្មណ៍ក្ដុកក្ដួល ថាលោកបានកោះប្រជុំជាបន្ទាន់ នូវ​គណៈ​រដ្ឋមន្ត្រី ជាលក្ខណៈវិសមញ្ញមួយ ដើម្បីដាក់«ប្រទេសបារាំងទាំងមូល ទៅក្នុងភាពអាសន្ន» បន្ទាបពី​ការ​វាយ​ប្រហារជាច្រើន ត្រូវបានធ្វើឡើង នៅកណ្ដាលរដ្ឋធានីប៉ារីស។ ព្រំដែនរបស់បារាំង ក៏ត្រូវបានបិទ ក្នុង​អំឡុង​ពេលនេះដែរ។

លោកប្រធានាធិបតី បានស្នើឲ្យមាន«អន្តរាគមន៍ពីកងទ័ព» ដើម្បីបញ្ជៀសការវាយប្រហារផ្សេងទៀត ហើយ​បានប្រកាសថា នឹង«ចល័តគ្រប់កងកម្លាំង ដែលមានទាំងអស់» ដើម្បីតាមចាប់ខ្លួន ភេរវជន និងផ្ដល់​សុវត្ថិភាព ទៅដល់សង្កាត់ទាំងឡាយ ដែលទើបនឹងរងការវាយប្រហារនេះ។ លោក ហូឡង់ បាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំ​ក៏​បាន​ស្នើ​សុំ​កងទ័ព ឲ្យចូលអន្តរាគមន៍ ក្នុងហេតុការណ៍នេះដែរ។ ពេលនេះ កងកម្លាំងទាំងនោះ កំពុង​ស្ថិត​នៅ​ក្នុង​តំបន់ ជុំវិញរដ្ឋធានីប៉ារីស ដើម្បីធានាឲ្យបាន ថានឹងគ្មានការវាយប្រហារណា អាច​ត្រូវ​រៀប​ចំ​ធ្វើ​ជាថ្មី​នោះឡើយ។»។

ជារឿងដ៏តក់ស្លុតមួយ...

ប្រមុខរដ្ឋបារាំង បានលើកមកនិយាយ នូវតុល្យភាពជាបណ្ដោះអាសន្ន ដែលមានមនុស្សរាប់សិបនាក់ អាច​ត្រូវបានសម្លាប់ និងមនុស្សជាច្រើនទៀត រងរបួស។ លោកបានថ្លែងឡើងថា៖ «ជារឿងដ៏តក់ស្លុតមួយ។ អ្វី​ដែល​ពួកភេរវជនចង់បាន គឺធ្វើឲ្យយើងភ័យ និងធ្វើឲ្យយើងបាក់ស្បាត។ វាពិតជាមានរឿង ដែលគួរឲ្យភ័យ និងគួរឲ្យបាក់ខ្លបខ្លាច។ តែនៅចំពោះភេរវកម្ម គឺជាប្រជាជាតិមួយ ដែលចេះការពារខ្លួន ដែល​មានកង​កម្លាំង​របស់ខ្លួន និងដែលជាថ្មីម្ដងទៀត នឹងមានជ័យជំនៈ លើភេរវជននាពេលខាងមុខ។»

សូមបញ្ជាក់ដែរថា ព័ត៌មាននៅក្នុងពេលនេះ បានឲ្យដឹងថា ការវាយប្រហារនៅកណ្ដាលរដ្ឋធានី ប៉ារីស បាន​ធ្វើឡើង ក្នុងពេលតែមួយ រហូតដល់ទៅ៧កន្លែងខុសគ្នា។ ប្រភពព័ត៌មាន ដែលផ្សាយបន្តផ្ទាល់ នៅតាម​កញ្ចក់​ទូរទស្សន៍ បានឲ្យដឹងថា មនុស្សស្លាប់នៅពេលនេះ បានកើនឡើងរហូតដល់ជាង១០០នាក់៕


» សូមទស្សនាការថ្លែងសារទាំងស្រុង របស់លោក ហ្វ្រង់ស៊័រ ហូឡង់ ទៅកាន់ប្រជាជាតិដូចតទៅ៖