លោក សម រង្ស៊ី អះអាងថា ការចេញដីកា ចាប់ខ្លួនលោក ដោយសាររដ្ឋាភិបាល ភិតភ័យ ក្រោយបក្សប្រឆាំង ឈ្នះរបបផ្តាច់ការនៅភូមា

ភ្នំពេញ ៖ លោក សម រង្ស៊ី បានចាត់ទុកថា ការចេញដីការ ចាប់ខ្លួនលោកនាពេលនេះ ដោយសារតែរដ្ឋាភិបាល កម្ពុជា កំពុងភ័យស្លន់ស្លោ ក្រោយចលនា ប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះរបបផ្តាច់ការ យោធានៅភូមា តាមរយៈការបោះឆ្នោត។

នៅលើបណ្តាញទំនាក់ទំនង Facebook លោក សម រង្ស៊ី បានលើកឡើងថា ចលនាប្រជាធិបតេយ្យ ដែលជា ចរន្តនយោ បាយនាំមកនូវសេរីភាព មិនអាចទប់បាននេះ កំពុងរាលដាលនៅទូទាំងពិភពលោក ហើយនឹងមក ដល់ប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះ ។ លោក សម រង្ស៊ី បានសរសេរថា «ព្រឹត្តការណ៍ចុងក្រោយបំផុត នៅប្រទេសកម្ពុជា — ក្នុងនោះមានទាំង ដីកាបង្គាប់ឲ្យចាប់ខ្លួនចំពោះរូបខ្ញុំផងដែរ ក្នុងឋានៈខ្ញុំ ជាប្រធានគណបក្ស ប្រឆាំងតែមួយគត់ ក្នុងរដ្ឋសភា — បង្ហាញឲ្យ ឃើញ ថា ជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ របស់ចលនា ប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ ក្នុងការបោះ ឆ្នោត ថ្មីៗនេះ នៅប្រទេសភូមាបណ្តាល ឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់អ្នកដឹកនាំផ្តាច់ការទាំងប៉ុន្មាន ដែលនៅ សេសសល់ ក្នុងតំបន់ទ្វីបអាស៊ីយើង។ តែចរន្តនយោបាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់បាន ហើយដែលកំពុងរាលដាល ទូទាំងពិភព លោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ក៏នឹងឈានមកដល់ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗខាង មុខនេះៗ» ។

លោក សម រង្ស៊ី សមាជិករដ្ឋសភា និងជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឱ្យ ចាប់ ខ្លួន កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅ ប្រទេសជប៉ុន ហើយបន្តទៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាឱ្យចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឱ្យតុលាការអនុវត្តសាលក្រម និងសាលដិកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការ រើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។

កាលនោះ លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងការនិយាយនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលចោទប្រកាន់រដ្ឋមន្រ្តីក្រសួងការបរទេសថា ជាប្រធានជំរំបឹងត្របែក នៅក្នុងសម័យខ្មែររក្រហម៕

លោក សម រង្ស៊ី អះអាងថា ការចេញដីកា ចាប់ខ្លួនលោក ដោយសាររដ្ឋាភិបាល ភិតភ័យ ក្រោយបក្សប្រឆាំង ឈ្នះរបបផ្តាច់ការនៅភូមា