យោធា​អាមេរិក​ប្រាកដ​ថា​ការ​វាយប្រហារ​តាម​អាកាស​បាន​សម្លាប់​ Jihadi John

យោធា​អាមេរិក​ប្រាកដ​ថា​ការ​វាយប្រហារ​តាម​អាកាស​បាន​សម្លាប់​ Jihadi John

Jihadi John ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Mohammed Emwazi ឈរ​នៅ​ក្បែរ​បុរស​ម្នាក់​ដែល​គេ​គិត​ថា​ជា Steven Sotloff នៅ​ក្នុង​វីដេអូ​មួយ​កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

កង​យោធា​ស.រ.អា.​បាន​និយាយ​ថា​ពួកគេ​ «មាន​ហេតុផល​ស្ទើរ​តែ​ប្រាកដប្រជា​ថា​ពួកគេ​បាន​សម្លាប់ Jihadi John» ដែល​ជា​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​សញ្ជាតិ​អង់គ្លេស​ដ៏​អប្រិយ​ដែល​បាន​ចេញ​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ជា​អ្នក​សម្លាប់​ចំណាប់​ខ្មាំង​បស្ចឹម​ប្រទេស​ នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​វរសនីយ៍ឯក​ Steve Warren នៃ​កងទ័ព​ជើងគោក​ស.រ.អា.​ដែល​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​បាន​និយាយ​ថា​ ក្រុម​មន្ត្រី​មាន​ជំនឿថា​ការ​វាយប្រហារ​មួយ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ទៅ​លើ​ឡាន​មួយ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​ចំ​គោលដៅ​ហើយ​ថា «ក្រុម​បុគ្គលិក​នៅ​ក្នុង​គោលដៅ​នោះ» ​ត្រូវ​បាន​សម្លាប់។

លោក Warren បាន​និយាយ​ថា​ គេ​ត្រូវ​ការ​ឱ្យ​មាន​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ចុង​ក្រោយ​បង្អស់​ដើម្បី​ឱ្យ​ដឹង​ច្បាស់​លាស់​ថា​តើ Jihadi John ​បាន​បាត់បង់​ជីវិត​មែន​ឬ​ទេ។​

លោក​បាន​ថ្លែង​ថា​ មនុស្ស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សម្លាប់​ប្រហែល​ជា​អ្នក​បើក​ឡាន​ ឬ​ជា​នរណា​ម្នាក់​ដែល​អម​ដំណើរ Jihadi John នៅ​ទីនោះ។ ​លោក​បាន​និយាយ​ថា​ មិន​មានបុគ្គល​ជាន់​ខ្ពស់​នៃ​ក្រុម​ភេរវជន​ឯទៀត​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ទេ។

Jihadi John ដែល​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បស្ចឹម​ប្រទេស​ប្រាប់​អត្តសញ្ញាណ​ថា​គាត់​មាន​ឈ្មោះ​ពិតប្រាកដ​ថា Mohamed Emwazi ​ត្រូវ​បាន​យក​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ពេល​គាត់​ជិះ​ឡាន​នៅ​ក្នុង​ក្រុង​ Raqqa​ នៃ​ប្រទេស​ស៊ីរី​ដែល​ជា​រដ្ឋធានី​នៃ​ពួក​រដ្ឋ​ឥស្លាម។ ក្រុម​មន្ត្រី​ស.រ.អា.​ជាន់​ខ្ពស់​បាន​ពណ៌នា​ការ​វាយប្រហារ​នេះ​ថា ជា​ការ​វាយប្រហារ​ចំ​រថយន្ត​នោះ​តែ​ម្តង៕