​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ ចៅសង្កាត់ ចៅហ្វាយខណ្ឌ កុំ​រពឹសដៃ ចុះហត្ថលេខា​ផ្ទេរសិទ្ធិ​ដីធ្លី ក្នុង​តំបន់​អភិវឌ្ឍន៍ បឹង​ជើងឯក​

ភ្នំពេញ: អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ ដល់​ចៅសង្កាត់ ចៅហ្វាយខណ្ឌ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង អភិវឌ្ឍន៍​បឹង​ជើងឯក កុំ​រពឹសដៃ​ចុះហត្ថលេខា លើ​ការផ្ទេរសិទ្ធិ​ដីធ្លី ដែល​មិន​ស្គាល់​ប្រវត្តិ ច្បាស់លាស់​។​

​ការលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ គម្រោង​អភិវឌ្ឍន៍​បឹង​ជើងឯក កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​ដែនដី មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន និង​ក្រុមហ៊ុន អាយ​.​អិន​.​ជី ហូល​ឌី​ង ដែលជា​ក្រុមហ៊ុន​អនុវត្តន៍​គម្រោង​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា  នៅពេលនេះ សាលា​រាជធានី​ភ្នំពេញ កំពុងតែ​ព​ន្លឿ​ន​ការសិក្សា លើ​ផលប៉ះពាល់ នៃ​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​រណប តំបន់​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មកា​រ និង​អនុគណៈកម្មការ ចំនួន​២ គឺ​អនុគណៈកម្មការ​បច្ចេក​ទេស និង អនុគណៈកម្មការ ដោះស្រាយ​ផលប៉ះពាល់ ដែលមាន​ការចូលរួម​ពី សមាសភាព​ពាក់ព័ន្ធ ជា​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន អាយ​.​អិន​.​ជី ហូល​ឌី​ង ដែលជា​ក្រុមហ៊ុន អនុវត្តន៍​គម្រោង​។​

​លោក​បាន​ជំរុញ​ឱ្យ អនុគណៈកម្មការ​បច្ចេក​ទេស​នេះ ត្រូវតែ​ចុះទៅ​សិក្សា​ឱ្យបាន​លឿន ថា​តើ​ចំណែក​ដី​ប៉ុន្មាន ទុក​សម្រាប់ធ្វើ​ផ្លូវ ចំណែក​ប៉ុន្មាន​សម្រាប់ សាងសង់​ទីតាំង​បម្រើ សេវាសាធារណៈ និង​សួនច្បារ ប្រព័ន្ធ​លូ  អាង​ស្តុក​ទឹកជា​ដើម​។ ជាមួយគ្នានេះ អនុគណៈ កម្ម​ការដោះស្រាយ ផលប៉ះពាល់ ក៏ត្រូវ​ចុះទៅ​ជួប​ជាមួយ ប្រជាពលរដ្ឋ ដែលមាន​ដី​ប៉ះពាល់ គម្រោង​អភិវឌ្ឍន៍ និង​ផ្ទៀងផ្ទាត់​លិខិតស្នាម ឱ្យបាន​ត្រឹមត្រូវ តាម​គោល​ការកំណត់​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ស្នើឱ្យ​មានការ​សិក្សា ឱ្យបាន​លំអិត​ពី​អាង​ស្តុក ទឹក​លើ​ផ្ទៃដី ៥២០ ហិកតា គឺ​ត្រូវ​រក្សា​ឱ្យបាន រួមទាំង​អាង​ស្តុក​ទឹក​បឹងត្របែក​ផងដែរ ដែលមាន​តួនាទី​សំខាន់​ក្នុង​ការរំដោះ​ទឹក ចេញពី​រាជធានី​ភ្នំពេញ មួយផ្នែកធំ នៅ​ប៉ែក​ខាងត្បូង​។​

​ជាមួយគ្នានេះ សម្រាប់​អ្នករៀបចំ​ប្លង់គោល កន្លងមក ច្រើនតែ​មានការ​ទន់​ទោរ ទៅរក​អ្នកមាន​ប្រាក់ ដូច្នេះ ចាប់ពីពេលនេះ​ទៅ ត្រូវ​ធ្វើឱ្យបាន​ត្រឹមត្រូវ ឱ្យ​ប្រជាពលរដ្ឋ ផ្ដល់​ទំនុកចិត្ត និង​កុំ​បង្កើត​ទឹកភ្នែក ដល់​ប្រជាពលរដ្ឋ​។

​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​ជើងឯក មាន​ផ្ទៃដី​សរុប ២.៥៧២ ហិកតា​, គ្រោង​ស្ថាបនា​ផ្លូវ​ខ្វាត់ខ្វែង ចំនួន ៦១ ខ្សែ រួមទាំង​អគារ​សាធារណៈ  សួនច្បារ សាលារៀន  មណ្ឌល​ពាណិជ្ជកម្ម​ផងដែរ​៕V​/S