​ចោរប្លន់ ផ្ទះ​លក់​គ្រឿងសំណង់ មួយកន្លែង ប្រមូល​ទ្រព្យសម្បត្តិ បាន​ជិត​១​ម៉ឺន​ដុល្លារ គេចខ្លួនបាត់​

កំពង់ស្ពឺ: ចោរ​១​ក្រុម មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ បាន​ចូល​ប្លន់​ផ្ទះ លក់​គ្រឿងសំណង់​មួយកន្លែង បាន​ចាប់​ប្តី​ប្រពន្ធ វាយ​បណ្តាល​ឲ្យរងរបួស​ធ្ងន់ រួច​បាន​រើកកាយ​យក​ទ្រព្យសម្បត្តិ និង​ប្រាក់​ជិត ១ ម៉ឺន​ដុល្លារ ហើយ​បាន​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​លក់​គ្រឿងសំណង់​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ជនរងគ្រោះ ជា​ប្តី​ឈ្មោះ គឹម សុខ​គីម អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ីម សុខ​ហេង អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បច្ចុប្បន្ន កំពុង​ត្រូវបាន​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។​

​នៅ​មុនពេល​កើតហេតុ កូនប្រុស​ម្នាក់ របស់​ជនរងគ្រោះ អាយុ​ជាង​១០​ឆ្នាំ មក​ឮសូរ​សំឡេង​ជជែក​គ្នា​ពីក្នុងផ្ទះ ហើយក៏​ដើរទៅ​មើល ស្រាប់តែ​ប្រទះឃើញ ក្រុមចោរ​ទាំងនោះ រួច​ក៏​រត់​ចេញមកក្រៅ​ស្រែក​ចោរៗ ។ ពេលនោះ ត្រូវ​ក្រុមចោរ បាន​បាញ់​ឡើងលើ ដើម្បី​គំរាម ហើយ​ត្រូវបាន​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន  បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ត្រូវ​ក្រុមចោរ បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ដើម្បី​រំដោះខ្លួន ដោយ​សុវត្ថិភាព ។​

​ក្រោយពី​កើតហេតុ កាលពី​យប់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ នៅផ្ទះ​កើតហេតុ និង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ចាប់ខ្លួន យកមក​ចាត់ការ​តាមច្បាប់​៕V​/S