ក្រុម​ហ៊ុន​ផលិត​​​ភាព​យន្ត​ថៃ​ដ៏​​ល្បី ប្រកាស​រំលាយ​ចោល​ចុង​ឆ្នាំ​នេះ

ក្រុម​ហ៊ុន​ផលិត​​​ភាព​យន្ត​ថៃ​ដ៏​​ល្បី ប្រកាស​រំលាយ​ចោល​ចុង​ឆ្នាំ​នេះ

ក្រុមហ៊ុន​​ផលិត​​ខ្សែ​ភាព​យន្ត​ថៃ​ដ៏​ល្បី​មួយ​​​របស់​ប្រទេស​ថៃ​ គឺ ​GMM Tai Hub Co Ltd ហៅ​កាត់​ថា​ GTH បាន​ប្រកាស​​ថា ​នឹង​រំលាយ​​ចោល​នា​​ចុង​ឆ្នាំ​នេះ​ហើយ បន្ទាប់​ពី​មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​​​ក្រុមហ៊ុន​ខ្លួន។

 

ក្រុម​ហ៊ុន​ផលិត​​​ភាព​យន្ត​ថៃ​ដ៏​​ល្បី ប្រកាស​រំលាយ​ចោល​ចុង​ឆ្នាំ​នេះ
 

យោង​តាម​ប្រភព​ព័ត៌មាន Bangkok Post ក្រុមហ៊ុន GTH ដែល​គេ​ស្គាល់​​ថា​​​ ជា​ក្រុមហ៊ុន​ផលិត​រឿង​​ល្បី​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​រឿង​ថៃ ” Pee Mak ” “Hear Attack” ជា​ដើម​​ គឺ​​បាន​​ប្រកាស​​នៅ​ក្នុង​វិបសាយ​​ផ្ទាល់​​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​​ថា ​នឹង​រំសាយ​ចោល​​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ ទី​៣១ ខែ​ធ្នូ​ឆ្នាំ​​២០១៥​ខាង​មុខ។

 

តាម​ការ​ប្រកាស​ក្នុង​វិបសាយ​របស់​ខ្លួន​ GTH ​មាន​បញ្ហា​​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​ដោយ​មាន​ទំនាស់​​​ម្ចាស់​ភាគ​ហ៊ុន​​​ដែល​​ដោះ​ស្រាយ​មិន​ចេញ។ GTH គឺ​ជា​ការ​ចូល​រួម​ភាគ​ហ៊ុន​​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន​៣ គឺ​ ក្រុមហ៊ុន GMM Grammy (៥១​ភាគ​រយ) ក្រុមហ៊ុន Tai Entertainment Co Ltd (៣០​ភាគ​រយ) និង​ចុង​ក្រោយ Hub Ho Hin Bangkok Co Ltd (១៩ភាគរយ)។

 

ចំពោះ​មូលហេតុ​ដែល​មាន​​​ប្រកាស​តាម​វិបសាយ​ គឺ​តំណាង​ភាគ​ហ៊ុន​ Tai Entertainment ​ចង់​​ចុះ​បញ្ជី​ GTH ក្នុង​ទី​ផ្សារ​​​មូលបត្រ​ដើម្បី​​បង្កើន​មូលនិធិ​​ក្នុង​គោល​ដៅ​​ពង្រីក​គម្រោង​ និង​អាជីវកម្ម​របស់​ខ្លួន​ ប៉ុន្តែ តំណាង​ភាគ​ហ៊ុន Hub Ho Hin ​បាន​បដិសេធ​សំណើ​​ខាង​លើ​ដោយ​យល់​ថា ​​វា​​​ជា​សម្ពាធ​មួយ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ផលិត​ និង​គុណភាព​របស់ GTH។

 

​​​​​ទោះ​ជា​មាន​ការ​យល់​ព្រម​​តាម​សំណើ​ណា​មួយ​នៃ​សំណើ​ខាង​លើ​​ពី​​តំណាង​ភាគ​ហ៊ុន​ធំ (GMM Grammy)​ក៏​ដោយ ខាង​តំណាង​ភាគ​ហ៊ុន​​ Tai Entertainment និង ​​Hub Ho Hin នៅ​តែ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នោះ​បានដែរ​ ទី​បំផុត​​ដៃ​គូ​ភាគ​ហ៊ុន​របស់​ GTH បាន​សម្រេច​ចិត្ត​រំសាយ​​​ក្រុមហ៊ុន​តែ​ម្ដង។

 

​រំលឹក​ផង​ដែរ​ថា GTH ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ល្បី​​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ដែល​ដំណើរ​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣។ GTH បាន​ផលិត​រឿង​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ ដូច​ជា រឿង Pee Mak រឿង I Fine, Thank You, Love You និង​រឿង​ភាគ​ល្បី​តាម​ទូរទស្សន៍ ដូច​ជា Hormones the Series និង True Love Next Door ជា​ដើម៕

 

ចុចអាន៖ បាត់​ឪពុក​យូរ​ឆ្នាំ​ ដល់​ពេល​រក​ឃើញ​ ជា​​អ្នក​ចម្រៀង​នៅ​ថៃ

ចុចអាន៖ កម្រង​រូបភាព​ផ្អែម​ល្ហែម​​​តួ​​ស្រី​​​ ម៉េ​ណា និង​មិត្ត​ប្រុស March រយៈ​ពេល​ជាង​១​ឆ្នាំ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost