វប្បធម៌សន្ទនា មកបញ្ចប់ត្រឹម ថ្ងៃសុក្រ ទី១៣ វិច្ឆិកា

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ វប្បធម៌សន្ទនា ដែលបានបង្កើត ឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់ វិបត្តិនយោបាយ និងការបញ្ជក់ឱ្យកាន់តែច្បាស់ តាមរយៈមេដឹកនាំគណបក្សកាន់អំណាច និងមេដឹកនាំគណបក្ស ប្រឆាំង បានចុះហត្ថលេខា ជាថ្មីម្ដងទៀត ទៅលើសេចក្ដីថ្លែងការណ៍ ៧ចំណុច កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ បានដើរមកដល់ទីបញ្ចប់ ហើយ នៅថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពី តុលាការ ចេញដីកាចាប់ខ្លួនលោកសម រង្ស៊ី ពាក់ព័ន្ធនិងសំណុំរឿងចាស់ ជាមួយលោក ឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានកើតឡើងតាំងពីឆ្នាំ២០០៨ ។

ឥឡូវនេះ វប្បធម៌ចាស់ «មានស៊ី អត់ សែន មានសែន អត់ស៊ី »បានចូលមកជំនួសវិញ ហើយ ហើយវប្បធម៌ នេះ ប្រហែលជានឹងស្ថិតនៅជារហូត ព្រោះបើតាមការស្ដាប់ប្រសាសន៍ របស់បុរសខ្លាំង ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា តាមរយៈការផ្សាយផ្ទាល់ហ្វេសប៊ុករបស់សម្ដេច សម្ដេចតេជោហ៊ុន សែន នឹងមិនស្នើសុំ ឱ្យមានការលើកលែងទោសតទៅទៀតទេ ប្រសិនបើលោកសម រង្ស៊ី ត្រូវបានច្បាប់ ចាត់វិធានការទៅតាមនីតិវិធីនោះ ។

តាមចំណាំ នៅអឺរ៉ុប គេបានចាត់ទុកថ្ងៃ សុក្រទី១៣ ជាថ្ងៃ ដែលស៊យបំផុតសម្រាប់ ពួកគេ ដោយមិនចង់ធ្វើដំណើរទៅណាមកណាទេ ជាការពិតនៅយប់ថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានទទួលរងនូវការវាយប្រហារ ដោយផ្ទុះគ្រាប់បែក នៅកណ្ដាលទីក្រុងប៉ារីស បណ្ដាលឱ្យស្លាប់មនុស្សជាង១៤០នាក់ ។ ដោយឡែកនៅកម្ពុជា ឯណេះវិញ ដែលស្ថិតនៅទ្វីបអាស៊ី មិនគួរណា វប្បធម៌ ស៊យពីអឺរ៉ុបនេះ ឆ្លងមកដល់សោះ ព្រោះថ្ងៃសុក្រទី១៣ ក៏បានកើតមាន ឡើង ព្រោះលោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ តាមរយៈដីកាតុលាការ សាលាដំបូងរាជធានីភ្នំពេញ ចេញបញ្ជាឱ្យចាប់លោកសមរង្ស៊ី យកមកផ្ដន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំ ទាក់ទិននឹងបណ្ដឹងរបស់លោកហោ ណាំហុង ។

តាមពិតទៅ លោកសម រង្ស៊ី ក៏មានសញ្ជាតិបារាំងដែរ ដូច្នេះលោកក៏ត្រូវបានចាត់ទុកជាជនជាតិអឺរ៉ុបម្នាក់ផងដែរ ដូច្នេះលោកក៏ទទួលបាននូវជោគវាសនាស៊យនេះដែរ ។

បើតាមអ្នកវិភាគ ឱកាសសម្រាប់លោក សមរង្ស៊ី វិលត្រឡប់ចូលមកឆាកនយោបាយ ប្រហែលជា ត្រូវបញ្ចប់ ប្រសិនបើលោក មិនចិត្ដសឿងឱ្យតុលាការចាប់ខ្លួន លោកពេលមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ដែលតាមគម្រោងនឹងមកដល់នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។

អ្នកវិភាគ បាននិយាយថា បើលោកសម រង្ស៊ី សុខចិត្តឲ្យគេចាប់នោះ លោកសម រង្ស៊ី នឹងដូចលោកស្រី អ៊ុង សានស៊ូជី តែបើមិនសឿងទេ គីជាមាន់សម្លរ ពីព្រោះប៉ុន្មានថ្ងៃមកនេះ លោកតែងតែប្រៀបធៀប លោកទៅនឹងគាត់(លោកស្រីស៊ូជី) ហើយភូមាមកកម្ពុជា ។

ប្រសិនបើលោកសមរង្ស៊ី មិនចូលមក វិញ ទេ នោះប្រវត្ដិជីវិតនយោបាយរបស់លោក មិនខុសពីបិតា របស់លោក គឺលោកសម សារី កាលពីជាង៥០ឆ្នាំមុន នៅក្នុងរជ្ជកាល សម្ដេចព្រះនរោតមសីហនុ ដឹកនាំប្រទេសឡើយ ។

បើតាមការកត់សម្គាល់ ការវិវត្ដនយោ បាយចុងក្រោយនេះ ឃើញថា សម្ដេចតេជោ ហ៊ុន សែន នឹងមិនអនុគ្រោះឱ្យមានជាលើកទី៣ទេ បន្ទាប់ពីការព្រមានចំនួន២លើករួចមក ទៅលើករណីកឹម សុខា  ហើយចុងក្រោយ គឺលើកទី៣ លោកកឹម សុខា ត្រូវបានទម្លាក់ ចេញពីអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។ រីឯលោកសម រង្ស៊ី ក៏ដូចគ្នា សម្ដេចតេជោហ៊ុន សែន បានជួយពីលើករួចមក តាមរយៈលិខិតសុំទោសរបស់លោកសម រង្ស៊ី ៣កុម្ភៈ ២០០៦ និង១២កក្កដា ឆ្នាំ២០១៣ ។ ដូច្នេះនឹងគ្មានការចុះហត្ថលេខាណាមួយ លើលិខិតទូលថ្វាយព្រះមហាក្សត្រ ស្នើសុំលើក លែងទោស ចំពោះលោកសម រង្ស៊ី នៅក្នុងករណីលើកក្រោយនោះទេ ដូច្នេះចាប់ពីពេលនេះតទៅ រហូតដល់ការចូលនិវត្ដន៍ខាងនយោបាយ នៅពេលអនាគតអ្នកវិភាគបានមើលឃើញថា សម្ដេចហ៊ុន សែន នឹងមិន អនុគ្រោះ ចំពោះគូសត្រូវនយោបាយរបស់សម្ដេចឡើយ គឺលោកសម រង្ស៊ី ដូច្នេះ វប្បធម៌ «មានស៊ី អត់សែន មានសែនអត់ស៊ី» ដែលជាទ្រឹស្ដីរបស់លោកសមរង្ស៊ី ដែលបានបង្កើតឡើងជាងមួយទសវត្សរ៍ បានវិលត្រឡប់មក វិញហើយ រីឯវប្បធម៌ សន្ទនានឹងធ្វើដំណើរចាកឆ្ងាយ ដោយគ្មានថ្ងៃវិលមកវិញ ដែលវប្បធម៌នេះ បានបង្កើតឡើងដោយសហប្រធាន ហ៊ុន សែន សម រង្ស៊ី ។ ប៉ុន្ដែអ្នកវិភាគបានសំណូមពរថា បើវប្បធម៌នេះរលាយហើយ ប៉ុន្ដែសុំឱ្យអ្នកនយោបាយខ្មែរ នៅតែប្រកាន់ខ្ជាប់គោលការណ៍ លទ្ធិប្រជាធិបតេយ្យនិងការថែរក្សារដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឱ្យបានឋិតស្ថេរគង់វង្សជានិរន្ដ តាមរយៈការបោះឆ្នោតជាទៀងទាត់ រៀងរាល់ឆ្នាំ៥ម្ដង ៕

វប្បធម៌សន្ទនា មកបញ្ចប់ត្រឹម ថ្ងៃសុក្រ ទី១៣ វិច្ឆិកា