លោកឡុង រី ៖ លោកប្រធាន សម រង្ស៊ី ត្រូវតែត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា

ភ្នំពេញ ៖ លោក ឡុង រី ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា លោក សម រង្ស៊ី ត្រូវតែត្រឡប់មកកម្ពុជាវិញ តែពេលវេលាអាចប្រែប្រួល ខណ:កាលបរិច្ឆេទត្រឡប់មកវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ។

លោក ឡុង រី បានបញ្ជាក់ថា សំបុត្រយន្តហោះបានកក់អស់ហើយ គឺថ្ងៃទី១៦ ខែវិច្ឆិកា មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

លោក សម រង្ស៊ី បានចាត់ទុកថា ការចេញដីការចាប់ខ្លួនលោកនាពេលនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា កំពុងភ័យស្លន់ស្លោ ក្រោយចលនា ប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះរបបផ្តាច់ការយោធានៅភូមា តាមរយៈការបោះឆ្នោត។

សូមជំរាបថា លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបន្តទៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាឱ្យចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឱ្យតុលាការអនុវត្តសាលក្រម និងសាលដីកា ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។

កាលនោះ លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងការនិយាយនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលចោទប្រកាន់រដ្ឋមន្រ្តីក្រសួងការបរទេសថា ជាប្រធានជំរំបឹងត្របែក នៅក្នុងសម័យខ្មែររក្រហម៕

លោកឡុង រី ៖ លោកប្រធាន សម រង្ស៊ី ត្រូវតែត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា