ក្រុមយុវជន ព្រួយបារម្ភ​ពី​ការ​ពិសា​គ្រឿង​ស្រវឹង និង​សូមអោយ​ព​ន្លឿ​ន ច្បាប់​នៃ​គ្រឿង​ស្រវឹង​

ភ្នំពេញ​: សមាជិក សមាជិកា នៃ​សភា​យុវជន​ត្រាប់ ប្រមាណ​ជា ១២៣ នាក់ បាន​ជួបប្រជុំ​ក្នុងសម័យ​ប្រជុំ ពេញអង្គ​លើក​ទី​៦​របស់ខ្លួន នៅ​សកល​វិទ្យាល័យ ហ្សា​ម៉ាន់ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ ពី​ហានិភ័យ ពី​ការ​ពិសា​គ្រឿង​ស្រវឹង ដែល​កាន់តែ​បង្ក​គ្រោះថ្នាក់​ធំ​ឡើង ។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ របស់​សម្ព័ន្ធ​យុវជន ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (YCUD) ក្នុង​ឆ្នាំ​២០១៥ បង្ហាញថា មាន​យុវជន ២១ ភាគរយ ដែល​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ហានិភ័យ​នឹង​ការ​ពិសា គ្រឿង​ស្រវឹង កាន់តែ​បង្ក​គ្រោះថ្នាក់ កាន់តែ​ធំ​ឡើង សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស សុវត្ថិភាព និង​សន្តិសុខ​សង្គម ដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​ការប្រើប្រាស់​គ្រឿងញៀន ហើយ​ក្រុមយុវជន ចាត់ទុកថា បញ្ហា​នេះ ជា​ចំណុច​អាទិភាព អោយ​រដ្ឋាភិបាល ជួយ​ដោះស្រាយ សម្រាប់​ពួកគេ​។​

​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ឆ្នាំ​២០១២ បាន​បង្ហាញថា គ្រឿង​ស្រវឹង ជា​បន្ទុក​ជំងឺ​ជា ២០០ មុខ​។ គ្រឿង​ស្រវឹង ក៏​ជា​កត្តា​រួមចំណែក យ៉ាងសំខាន់ ក្នុង​ការបង្ក​ហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។ ជាមួយគ្នា​នោះ គ្រឿង​ស្រវឹង ក៏​ជា​ឧបសគ្គ​សម្រាប់ ការ អភិវឌ្ឍន៍ និង​ការបង្កើន​ប្រាក់ចំណូល​គ្រួសារ ហើយ​យុវជន ជា​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់ ធ្ងន់ធ្ងរ​ជាងគេ​។​

​ក្រុមយុវជន របស់​សភា​យុវជន​ត្រាប់ សូម​ធ្វើ​សេចក្តីសម្រេច ដូចខាងក្រោម ៖

១. ច្បាប់​នេះ ត្រូវតែ​អនុម័ត អោយបាន​ឆាប់រហ័ស ដើម្បី​កាត់បន្ថយ​ហានិភ័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​។ សេចក្តីព្រាងច្បាប់ ដែល​កំពុង​ស្ថិតនៅ គណៈរដ្ឋមន្ត្រី គឺ​ត្រូវតែ​រួសរាន់ បញ្ជូន​ទៅកាន់​រដ្ឋសភា យ៉ាងយូរ​ត្រឹម​ដំណាច់ ឆ្នាំ​២០១៦​។​
២. ដំណើរការ​នៃ​ការធ្វើ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ ផលិតផល​គ្រឿង​ស្រវឹង មិនគួរ​អោយមាន ការដាក់​ឥទ្ធិពល​ណាមួយ ពី​ឧស្សាហករ​គ្រឿង​ស្រវឹង​ឡើយ​។​
៣. ច្បាប់​ស្តីពី​ការត្រួតពិនិត្យ ផលិតផល​គ្រឿង​ស្រវឹង ត្រូវតែ​រក្សា​វិធានការ​សំខាន់​បួន គឺ​វិធានការណ៍​ដំឡើង​ពន្ធ ដាក់​កម្រិត​ភាព​ងាយ​រកបាន នៃ​គ្រឿង​ស្រវឹង (​ការលក់​) ដាក់​កម្រិត​លើ​ការ ផ្សាយពាណិជ្ជកម្ម និង​កម្រិត​អាយុ សម្រាប់​អ្នក ដែល​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​៕V​/S