អាជ្ញាប័ណ្ណ មានតែ​បើក​កាស៊ីណូ​ថ្មី តែ​គេ​លួច​បើក​មជ្ឈមណ្ឌល ល្បែងស៊ីសង​ធំ​មួយ នៅ​ផ្សារ​មង្គល ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: មជ្ឈមណ្ឌល​ល្បែង ស៊ីសង​ធំ​មួយ ដែល​ប្រុង​កើត​យូរហើយ ឥឡូវនេះ បានកើត និង​បាន​បើក​ដំណើរការ​ហើយ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមក​។​
   
​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ អោយ​គេហទំព័រ ស៊ី​អ៊ី​អិន ដឹងថា​: មជ្ឈមណ្ឌល​នេះ ខុសច្បាប់​ទេ​។ តែ​វា​បាន​បន្លំ ជ្រក​ក្រោម​ស្លាក អាជ្ញាប័ណ្ណ​របស់​កាស៊ីណូ​ថ្មី​មួយ នៅ​អគារ​របស់លោក​ផេង នៅត្រង់​អតីត​ប្រៃសណីយ៍ ក្រុង​ប៉ោយប៉ែត ស្ថិត​នៅជាប់​រង្វង់​មូល ភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​កាស៊ីណូ នៅក្រៅ​ប្លុក​កាស៊ីណូ​ធំៗ ទាំង​៩​កន្លែង នៅជាប់​ព្រំដែន កម្ពុជា​-​ថៃ នា​ក្រុង​ប៉ោយប៉ែត​នោះ ជា​របស់​ជនជាតិ​ថៃ និង​មាន​ភាគហ៊ុន​ខ្លះ​ដែរ របស់​ជនជាតិ​កម្ពុជា​។ វា​បាន​បើក​ដំណើរការ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១០ វិច្ឆិកា កន្លងមក​។​
    
​ប៉ុន្តែ​ពេល​ដំណើរការ កាស៊ីណូ បាន​១​ថ្ងៃ មជ្ឈមណ្ឌល​បន​ល្បែងស៊ីសង​ដ៏​ធំ​មួយ នៅក្នុង​បរិវេណ​ផ្សារ​មង្គល ភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ក៏​លួច​បើក​ដំណើរការ​ដែរ​។ ផ្សារ​នោះ ជា​របស់​ឧកញ៉ា ម្នាក់​ដ៏​មាន​ឥទ្ធិពល នៅ​បន្ទាយមានជ័យ​។ ឯ​បន​ល្បែង​ជា​ភាគហ៊ុន របស់លោក និង​របស់​មន្ត្រី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច មានអំណាច នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ ទីតាំង​ផ្សារ​មង្គល​នេះ ម្ចាស់​វា និង​ដៃគូ រកស៊ី ចង់​បើក​មជ្ឈមណ្ឌល​បន​ល្បែង​នោះ តាំងពី​ដើមឆ្នាំ​២០១៥​នេះ តែ​បាន​រាំងស្ទះ​ទៅវិញ​។ តែ​ឥឡូវ បាន​ដំណើរការ មែនទែន​ហើយ​។​
   
​មន្ត្រី​ភូមិ និង​សង្កាត់​ប៉ោយប៉ែត បានអោយដឹង​ថ្ងៃទី​១៣​វិច្ឆិកា​ថា​: ម្ចាស់​សង្វៀន​ល្បែងស៊ីសង នៅ​ផ្សារ​មង្គល​នោះ ជា​ហ៊ុន​របស់​ថៅកែ​ផ្សារ និង​របស់​បុគ្គល​ធ្វើជា​មន្ត្រី អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ប៉ូលិស ពី​សង្កាត់​ដល់​ក្រុង និង​របស់​បុគ្គល សមត្ថកិច្ច​ប៉េអឹម ពី​ក្រុង​ដល់​ខេត្ត​។ ក្នុង​បន​ល្បែង​នោះ មាន​ប្រភេទ​ល្បែង​ចម្រុះ​តាំងពី​បៀរ​អាប៉ោង យី​គី ប្រគល់​មាន់ បាញ់​ត្រី​ជាដើម​។ ក្នុង​ដំណើរការ ២-៣ ថ្ងៃ​មកនេះ មជ្ឈមណ្ឌល​ល្បែងស៊ីសង​នេះ ទទួលបាន​អតិថិជន​ច្រើន​។​
   
​ប្រភពព័ត៌មាន បានអោយដឹងថា​: រីឯ​កាស៊ីណូ​ថ្មី នៅ​អគារ​លោក ផេង នោះ មិនទាន់មាន​ភ្ញៀវ ចូល​លេង​ច្រើន​នោះទេ​។ ករណីនេះ ជនជាតិ​ថៃ ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​កាស៊ីណូ​នេះ ខឹងសម្បារ​យ៉ាងខ្លាំង ដែល​ម្ចាស់​ភាគហ៊ុន​តូច ជា​ជនជាតិខ្មែរ បាន​លេងល្បិច លួច​ទៅ​បើក មជ្ឈមណ្ឌល​បន​ល្បែង​ផ្សេង បន្លំ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ស្របច្បាប់​របស់​កាស៊ីណូ​ខ្លួន​។​

​មកដល់​ថ្ងៃទី​១៣ វិច្ឆិកា​នេះ មជ្ឈមណ្ឌល​ល្បែងស៊ីសង ក្នុង​ផ្សារ​មង្គល បាន​ដំណើរការ ឱ​ឡា​រឹក​ដូច​គ្រោងទុក​។ ផែនការ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព  មិនអោយ​មាន​បន​ល្បែង និង​អ្នក​លេងល្បែង និង​សកម្មភាព​បទល្មើស ឬ​គ្រោះថ្នាក់ ឬ​បាតុភាព​ផ្សេងៗ​ទៀត​ទេ​។ ប៉ុន្តែ​ដល់​មាន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្រៅ​បរិវេណ​ប្លុក​កាស៊ីណូ​បែបនេះ ពលរដ្ឋ​ដណ្តឹង​សួរថា តើ​ហេតុអ្វី ក៏​បើក​ដំណើរការបាន​។​
    
​ប្រភពព័ត៌មាន បាន​និយាយថា​: បើ​វា​ជា​ភាគហ៊ុន ឬ​ឆ្នាំងបាយ​របស់​មន្ត្រី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ដែរ តើ​គួរ​ទប់ស្កាត់ បង្ក្រាប​ឬ​យ៉ាងណា​?៕V/S