កា សាវុធ៖ ដីកាចាប់ខ្លួនលោក សម រង្ស៊ី ជារឿងឯកជន មិនពាក់ព័ន្ធនឹង​ រាជរដ្ឋាភិបាលកម្ពុជា​ទេ (មានសំឡេង)

ភ្នំពេញ៖ លោក កា សាវុធ មេធាវីរបស់លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អះអាងថា ដីការចាប់ខ្លួន មេបក្សប្រឆំាង មិនមានពាក់ព័ន្ធនិងរាជរដ្ឋាភិបាលកម្ពុជា ពោលគឺជារឿងឯកជន រវាងលោក ហោ ណំាហុង និងលោក សម រង្ស៊ី។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោក កា សាវុធ បានបញ្ជាក់ថា រឿងនេះគឺជារឿងឯកជន មិនមែនពាក់ព័ន្ធរាជរដ្ឋាភិបាលនោះទេ វាជារឿងក្តីរវាងឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ជាមួយលោក សម រង្ស៊ី។ លោកថា “សម រង្ស៊ី បានបរិហាកេរ្តិ៍ជាសាធារណៈ និងញ៉ុះញ៉ង់ប្រជាជនដែលបានចូលរួមនៅជើងឯក ដើម្បីឲ្យគេស្អប់ លោក ហោ ណំាហុង ក៏ដូចជាស្អប់គណបក្សប្រជាជនកម្ពុជា អីញ្ចឹងរឿងនេះ វាមិនពាក់ព័ន្ធអ្វីនឹងរាជរដ្ឋាភិបាលនោះទេ”។

លោក កា សាវុធ បានបញ្ជាក់បន្ថែមទៀតថា សំណុំរឿងនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានប្តឹងតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៣ តុលាការបានចេញសាលដីកាស្ថាពរដើម្បីផ្តន្ទាទោសលោក សម រង្ស៊ី។ ចំពោះការសម្រេចចាប់ខ្លូនមេបក្សប្រឆំាងរូបលោក កា សាវុធ នៅមិនទាន់ច្បាស់នោះទេ ថាកម្លាំងសមត្ថកិច្ចនឹងអនុវត្តពេលណា ដោយលោក បានបញ្ជាក់ថា “ចំពោះរឿងចាប់ខ្លួននោះ ខ្ញុំអត់បានដឹងថា ចាប់ខ្លួន ឬមិនចាប់ខ្លួននោះទេ ខ្ញុំគ្រាន់តែបានប្តឹងទៅតុលាការ ឲ្យតុលាការអនុវត្តតាមច្បាប់ និងសាលដីកាស្ថាពរ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញចាប់ខ្លួន ពេលណាខ្ញុំមិនដឹងទេ ខ្ញុំគ្រាន់តែសុំឲ្យសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ តាមសាលដីកាស្ថាពរគឺចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចចាប់ថ្ងៃណា ជារឿងរបស់សមត្ថកិច្ច ពេលគេចាប់ខ្លួនឃុំបានថ្ងៃណា ទោសរបស់គាត់គេគិតពីរយៈពេលនេះទៅ២ឆ្នាំ”៕