៩ យ៉ាង រក្សា​ស្បែ​កមុខ​ឲ្យ​ស្រស់ថ្លា និង ភ្លឺរលោង​

Sanofi

ប្រសិនបើ​ស្បែក​របស់​អ្នក​មិនមាន​ភាពរឹងមាំ និង ងាយ​ទទួលរង​ពី​ភាព​កកិត​រមាស់ និង ងាយ​ទទួលរង​ផល ប៉ះពាល់​ពី​កម្តៅថ្ងៃ អ្នក​គួរ​សាកល្បង​តាម​វិធី​ខាងក្រោម ព្រោះ​វា​អាចជួយ​កែខៃ​ស្ថានភាព​ស្បែក​ខូច​បាន​ផងដែរ ។​

១. សម្អាត​មុខជា​ប្រចាំ

​អ្នក​ត្រូវ​សម្អាត​មុខជា​ប្រចាំ​ទាំង​ពេល​ព្រលឹម និង ពេលយប់ ។ រាល់ពេល​លុបមុខ​មិនត្រូវ​ដុស​សម្អាត​ខ្លាំងៗ និង ប្រើ​កំណាត់​គ្រើម​ខ្លាំង ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​ស្តើង និង ដាច់​សឹក​ស្បែក ។ បើសិនជា​អាច អ្នក​គួរប្រើ​ផលិតផល​គ្រឿងសម្អាង​គ្លី​ន​ស័​រ​ទឹក​ជូត​មុខ​នឹង​សំឡី ។ ក្រៅពីនេះ​អ្នក​ក៏​អាច​ប្រើ​ថូ​ន័​រ (Toner) និង គ្រឿងសម្អាង​ធ្វើ​ឲ្យ​មុខ​មាន​សំណើម (Moisturizer) ដែល​គ្មាន​ជាតិ​ប្រេង ព្រោះ​វា​ស័ក្តិសម​សម្រាប់​ស្បែក​គ្រប់​ប្រភេទ ។ ប្រសិនបើ​មានប្រើ​គ្រឿងសម្អាង​ដូចជា​ម្សៅលាបមុខ សុភាពនារី​ត្រូវ​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​មុនពេល​ចូល​គេង​ដើម្បី​ឲ្យ​ស្បែក​ទទួល​ខ្យល់​អុកស៊ីហ្សែន​បាន​គ្រប់គ្រាន់ ។​

២. ព្យាបាល​«​មុន​»

​ការសម្អាត​មុខ​ដែលមាន​បញ្ហា​«​មុន​» ជា​រឿង​សំខាន់​អ្នក​គួរ​សាកល្បង​ប្រើ​ជេ​ល និង ថូ​ន័​រ ដែលមាន​សមាសធាតុ​ព្យាបាល​«​មុន​»​ជម្រុះ​ស្បែក​ចាស់ៗ និង បាក់តេរី ព្រោះ​បើ​ស្បែក​កក​ក្តាំង​ខ្លាំង វា​ជា​កត្តា​បណ្តាល​ឲ្យ​កើត​«​មុន​»​លើ​មុខ​ផងដែរ ។ ក្រៅពីនេះ​អ្នក​អាច​សាកល្បង​ប្រើ​ម៉ាស​បិទមុខ​ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ចាស់ ។ ប្រសិនបើ​គ្រឿងសម្អាង​លាង​សម្អាត​មុខ​មិនបាន​ប្រសើរ អ្នក​គួរ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ស្បែក និង ពេទ្យ​ជំនាញ​ថែរក្សា​សម្ផស្ស ព្រោះ​អ្នក​មិនអាច​ចេះតែ​ប្រើ​ផលិតផល​គ្រឿងសម្អាង​ផ្សេងៗ​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះទេ ។

៣. កុំ​ញេច​«​មុន​»

​វា​មិនមែនជា​វិធី​ប្រសើរ​ក្នុងការ​ញេច​«​មុន​»​គ្រប់​ប្រភេទ​ចេញពី​មុខ​ដោយ​ខ្លួនឯង​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ផ្សេងៗ​ដូចជា ស្នាម​ជាំ រលាក និង កក​ជា​ខ្ទុះ ។ «​មុន​»​អាច​បាត់ទៅ​មែន តែ​ស្លាកស្នាម​អាច​បន្សល់​រយៈពេល​យូរ​ក្នុងការ​ព្យាបាល ។ ជាពិសេស​អ្នក​មិនគួរ​យកដៃ​ទៅ​ប៉ះ​មុខ​ញឹកញាប់​នោះទេ ព្រោះ​ធូលី និង ជាតិ​ប្រេង​លើ​បាតដៃ​អាចជា​បណ្តុំ​នៃ​មេរោគ​ធ្វើ​ឲ្យ​បិទ​រន្ធ​ញើស​លើ ស្បែ​កមុខ និងរឹតតែ​បង្ក​លទ្ធភាព​នៃ​ការកើត​«​មុន​»។

៤. ប្រើ​សម្ភារ​ពេល​តុបតែង មុខ

​បើ​អ្នកធ្វើ​ការតុបតែង​មុខ​ដោយ​ប្រើ​ម្សៅ អ្នក​គួរប្រើ​អេ​ប៉ុង​ផាត់មុខ​ជានិច្ច ។ បើ​អ្នក​ប្រើ​ដៃ​វា​អាចមាន​ជាប់ បណ្តុំ​បាក់តេរី និង រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក ។ ចំពោះ​ម៉ា​ស្កា​រ៉ា អ្នក​មិនគួរ​ប្រើ​វា​ឲ្យ​លើសពី ៦ ខែ​នោះទេ ។ បើសិនជា​អាច​រកបាន​អ្នក​គួរ​ជ្រើសរើស​ផលិតផល​ណា​មាន​ច្រាស​ដែលមាន​គុណសម្បត្តិ​ជួយ​កម្ចាត់​បាក់តេរី និង ប្រើ​ផលិតផល​សម្អាត​មុខ​ប្រភេទ​ណា​ដែលមាន​រូបមន្ត​កម្ចាត់​បាក់តេរី ។

៥. ផឹកទឹក​ឲ្យ​បាន​ច្រើន

​ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យ​បាន​ច្រើន​ចាប់​ទី ៦ ទៅ ៨ កែវ ក្នុង​មួយថ្ងៃ នោះ​អ្នកនឹង​កត់សម្គាល់ឃើញ​ស្បែក​អ្នក​ខុសពី​មុន ។ ការ​ផឹកទឹក​ច្រើន​ក៏​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន និង ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ប្រសើរ ។ ត្រូវ​ចៀសវាង​ផឹកទឹក​ក្រូច និង ភេសជ្ជៈ​ដែលមាន​ជាតិ​ផ្អែម​ច្រើន ។

៦. សម្រួលការ​គេង

​ត្រូវ​ផ្លាស់ប្តូរ​ស្រោមខ្នើយ និង ពូក​យ៉ាងហោចណាស់​ឲ្យ​បាន ១ ដង ក្នុង​មួយ​សប្តាហ៍ ព្រោះ​កម្រាល​ទាំងនោះ​មាន​ផ្ទុក​ជាតិ​ប្រេង ធូលី និង បាក់តេរី ។ ពេល​គេង​អ្នក​ត្រូវ​បួងសក់​ទៅក្រោយ​ខ្នើយ ដើម្បី​កុំ​ឲ្យ​ជាតិ​ប្រេង​លើស​ក់ជាប់​លើ​ស្រោមខ្នើយ ។ ម្យ៉ាងវិញទៀត សក់​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ ប្រសិនបើ​អ្នក​គេង​មិនបាន​រៀបចំ​ត្រឹមត្រូវ ។ អ្វីដែល​សំខាន់បំផុត​អ្នក​គួរ​គេង​ឲ្យ​បាន​ពី ៧ ទៅ ៨ ម៉ោង ក្នុង​មួយថ្ងៃ ។

៧. ធ្វើ​លំ​ហាត់ប្រាណ និង ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ

ត្រូវ​ទម្លាប់​ទទួលទាន​អាហារ​ដែលមាន​បន្លែ​ច្រើន និង ផ្លែឈើ​គ្រប់​ប្រភេទ​ដើម្បី​សុខភាព ។ មិនត្រូវ​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់ ច្រើន ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន និង បាត់​លំនឹង​តុល្យភាព​ទៅ​ថែរក្សា​ស្បែក ។ បើ​អាច​អ្នក​គួរ​ផឹក​ទឹកដោះគោ​ឲ្យ​បាន​ច្រើន ។ លើសពីនេះ ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជា​រឿង​សំខាន់ ព្រោះ​ក្រៅពី​ជួយ​កាត់បន្ថយ​ភាព​ស្រេ្ត​ស​សម្រួល ចលនា​ឈាម​រត់​ហើយ​នោះ វា​ក៏​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល និង ជួយ​ថែរក្សា​សម្រស់ ។

 ៨.​ផឹក​«​តែ​» បៃតង ក្នុង «​តែ​»

បៃតង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម និង អាហារូបត្ថម្ភ​ច្រើន​ជួយ​ឲ្យ​រាងកាយ​ប្រឆាំងនឹង​ការកើត​«​មុន​» និង ជួយ​សម្រួល​ការរំលាយ​អាហារ ។ អ្នក​គួរ​ផឹក​«​តែ​»​បៃតង​ឲ្យ​បាន​ពី ២ ទៅ ៣ កែវ ក្នុង​មួយថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល ។

៩. កុំ​លាង​សម្អាត​មុខ​ដោយ​សាប៊ូកក់សក់ និង សាប៊ូ​លាងដៃ

​សាប៊ូ​ទាំងនេះ​មាន​ផ្ទុក​បណ្តុំ​សារធាតុ​កាត់​ខ្លាំង អាចធ្វើ​ឲ្យ​ស្បែក​ខូច​ជាពិសេស​ស្បែ​កមុខ ។ ជាតិ​អាស៊ីដ ដែលមាន​ច្រើន​ក្នុង​សាប៊ូកក់សក់ និង សាប៊ូលាងមុខ គេ​បាន​ផ្សំ​សម្រាប់​កម្ចាត់​បាក់តេរី​លើ​ស្បែក​ផ្សេងៗ ក្រៅពី​បរិវេណ​ស្បែ​កមុខ ។ ដូច្នេះ​អ្នក​គួរ​កុំ​ប្រើ​យកទៅ​ដុស​មុខ​បើទោះជា​សាប៊ូ​ទាំងនោះ​មាន​គុណភាព​យ៉ាងណាក្តី ៕​សុផល​
​ ​ ​
​ ​ ​ ​ ​ ​ ​ ​

Related