ចាន់ ប៊ុនហឿន និង លួន សុខខេង ដឹដៃជួបថៃ នៅសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ ចាន់ ប៊ុនហឿន ក្លឹបនិរោធមានជ័យ និងអ្នកប្រដាល់ លួន សុខខេង ក្លឹបអាស៊ីកីឡា ពួកគេ ទាំង២នាក់នេះត្រៀម ជួបជាមួយអ្នកប្រដាល់ថៃ ដែលនឹងមកធ្វើការប្រកួត នៅលើសង្វៀន Black Cat នៅស្ថានីយ៍ ទូរទស្សន៍ SEA-TV នាយប់ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះ ។

ចាន់ ប៊ុនហឿន នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Yorth Sing ក្នុងទម្ងន់៦០គ.ក្រ ដែលនេះជាលើកទី៣របស់ ប៊ុន ហឿន ហើយប្រកួតជាមួយថៃ ។ អ្នកប្រដាល់ថៃ Yorth Sing ដែលជាគូរបស់ ចាន់ ប៊ុនហឿន នេះធ្លាប់មកប្រកួតនៅ SEA-TV នេះចំនួន៤ដងហើយ ។ មកប្រកួត៤លើកកន្លងមកនេះ Yorth Sing មិនដែលចាញ់ទេ ។

មកប្រកួតលើកទី១ វាយឈ្នះ អ្នកប្រដាល់ សេក គឹមរួន ក្លឹបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុលើកទី២ វាយឈ្នះ អ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ លើកទី៣ វាយស្មើជាមួយ អ្នកប្រដាល់ ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ និងលើកទី៤ វាយឈ្នះ អ្នកប្រដាល់ សេក គឹមផៃ ក្លឹបអង្គរមានជ័យដោយពិន្ទុ ។

Yorth Sing នេះជាជើងខ្លាំងទម្ងន់៦០គីឡូក្រាម ប្រចាំនៅស្រុកថៃ ហើយចាញ់តែកម្ពស់ ប៊ុនហឿន បន្តិចប៉ុណ្ណោះ ដោយគេមានកម្ពស់ ១,៦៧ម៉ែត្រ ហើយ ប៊ុនហឿន ១,៧០ម៉ែត្រ ។ ប៉ុន្តែអ្នកប្រដាល់ថៃរូបនេះមាន កំណត់ត្រាប្រកួត ច្រើនជាង ប៊ុនហឿន ។ អ្នកប្រដាល់ថៃនេះមានប្រវត្តិប្រកួត៦៧លើក ក្នុងនោះវាយឈ្នះ៥៧លើក ចាញ់៨លើក និង ស្មើ២លើក បើធៀបជាមួយ ប៊ុនហឿននោះ គឺច្រើនជាងតែ២៦លើកឯណោះ ។

ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតចំនួន៤១លើក ឈ្នះ៣៦លើក និងចាញ់៥លើក មិនដែលស្មើ ។ មិនបង្អាប់ អ្នកប្រដាល់ថៃនោះទេ តែទាបជាង ប៊ុនហឿន នោះគឺយ៉ាប់ហើយ ព្រោះ ហឿន ខ្ពស់ ហើយមានថ្វីកែង និងជង្គង់ល្អ ណាស់ ។ ដូចជាកាលពីប្រកួតជាមួយ ឌុម កែវដា ដែលមានកម្ពស់ខ្ពស់ជាងនោះ Yorth Sing បានត្រឹមស្មើប៉ុណ្ណោះ ។ ប៊ុនហឿន ប្រកួតជាមួយថៃ២លើកកន្លងមកនេះ គេប្រើពេលមិនដល់៥ទឹកទេ គឺលើកទី១គេប្រើពេលតែ១ទឹក ប៉ុណ្ណោះ ផ្តួលថៃ Lao Py ឲ្យសន្លប់ និងលើកទី២គេផ្តួល Phom Phayak ក្នុងទឹកទី៤ ។

រីឯអ្នកប្រដាល់ លួន សុខខេង នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Super Chhai ដែល២នាក់នេះ ជួបគ្នាក្នុងប្រភេទ ទម្ងន់៦៥គីឡូក្រាម ។ សុខខេង អ្នកប្រដាល់របស់កម្ពុជារូបនេះធ្លាប់ជួបអ្នកប្រដាល់បរទេសទើបតែ បាន៣នាក់ ប៉ុណ្ណោះ ក្នុងនោះធ្លាប់ប៉ះថៃម្នាក់ ដោយផ្តួលអ្នកប្រដាល់ថៃនោះ Chha Krit ឲ្យសន្លប់ក្នុងទឹកទី៤ ។

Super Chhai វិញគេធ្លាប់មកប្រកួតនៅកម្ពុជា២ដងហើយ ដោយវាយឈ្នះម្តង ស្មើម្តងជាមួយអ្នកប្រដាល់កម្ពុជា ។ គេមកប្រកួតលើកទី១ វាយស្មើជាមួយ រឿង សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ និងមកលើកទី២ វាយឈ្នះ រិទ្ធ អារុណ ក្លឹប ក្រសួងការពារជាតិដោយពិន្ទុ ៕

ចាន់ ប៊ុនហឿន និង លួន សុខខេង ដឹដៃជួបថៃ នៅសង្វៀន SEA-TV

Super Chhai  vs  ចាន់ ប៊ុនហឿន

ចាន់ ប៊ុនហឿន និង លួន សុខខេង ដឹដៃជួបថៃ នៅសង្វៀន SEA-TV

លួន សុខខេង VS Yorth Sing