លោក ផៃ ស៊ី​ផាន​៖ ចំណាត់ការ​របស់​តុលាការ​លើ​លោក​សមរង្ស៊ី គឺជា​ករណី​បុគ្គល និង​បុគ្គល

ភ្នំពេញ: ​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ បាន​ចេញមក​បកស្រាយ ពាក់ព័ន្ធ​នឹង​ករណី​ចំណាត់ការ​របស់​តុលាការ លើ​លោក​សមរង្ស៊ី​។ តាម​លោក​ផៃ​ស៊ី​ផាន ចំណាត់ការ​របស់​តុលាការ​លើ​លោក​សមរង្ស៊ី គឺជា​ករណី​បុគ្គល និង​បុគ្គល រីឯ​រឿង​អភ័យឯកសិទ្ធិសភា​រប​ស់លោក​សមរង្ស៊ី ជា​រឿង​របស់​រដ្ឋសភា​។​

​នៅលើ​ហ្វេ​ស​ប៊ុ​កនា​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ លោក​ផៃ​ស៊ី​ផាន បាន​គូសបញ្ជាក់ថា "​ក្នុងនាម​អ្នកនាំពាក្យ ខ្ញុំ​សូម​អធ្យាស្រ័យ​ដល់​រាល់​បណ្តាញ​ព័ត៌មាន អង្គការ​នានា ដែល​ធ្វើការ​ផ្សព្វផ្សាយ​នូវ​អារម្មណ៍​ផ្ទាល់ ឬ​ផលប្រយោជន៍​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ​។ អ្វី​ដែលជា​ការពិត គឺ​៖
១) ករណី​ចំណាត់ការ​របស់​តុលាការ គឺជា​ករណី​បុគ្គល និង​បុគ្គល​សុទ្ធសាធ ហើយ​មិនមែនជា​ការបញ្ចេញមតិ ឬ​ការងារ​នយោបាយ​ទេ​។​

២) ករណី​ចំណាត់ការ​របស់​តុលាការ គឺជា​ហេតុផល​នៃ​យុត្តិធម៌​រវាង​អង្គហេតុ និង​អង្គច្បាប់​។​

៣) ករណី​អភ័យឯកសិទ្ធិ គឺជា​រឿង​ដាច់ដោយឡែក​មួយទៀត ដែលជា​ការទទួលខុសត្រូវ​របស់​រដ្ឋសភា​។​

​អាស្រ័យហេតុនេះ សូម​បញ្ឈប់​នូវ​រាល់​ហេតុផល​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​សាធារណៈជន​យល់ច្រឡំ និង​អាចជា​បន្ទុក​ផ្ទាល់ខ្លួន​ចំពោះមុខ​ច្បាប់​"​។

​សេចក្តីបញ្ជាក់​របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ខាងលើនេះ បាន​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន​លោក​សមរង្ស៊ី ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​ជាមួយ​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការ ផ្តន្ទាទោស​លោក​សមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​។ សាលដីកា​ស្ថាពរ ត្រូវបាន​តុលាការ​សាលាឧទ្ធរណ៍ ចេញ​កាលពី​ឆ្នាំ​២០១៣៕​