គណបក្ស​សង្គ្រោះ​ជាតិ ថ្កោ​លទោស​ក្រុម​ភេរ​វករ និង​ឧក្រិដ្ឋជន ដែល​បាន​បាញ់សម្លាប់ និង​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ប៉ារីស​

ភ្នំពេញ: ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោ​លទោស​ក្រុម​ភេរ​វករ និង​ឧក្រិដ្ឋជន ដែល​បាន​បាញ់សម្លាប់ និង​បំផ្ទុះ​គ្រាប់បែក​យ៉ាង​សាហាវព្រៃផ្សៃ ឃោរឃៅ យង់ឃ្នង បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​ជន​ស៊ីវិល ប្រជាពលរដ្ឋ​ស្លូតត្រង់ រាប់រយ​នាក់ នា​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា នាទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង​។​

​សូមបញ្ជាក់ថា ក្រោយ​ហេតុការណ៍​នោះ ប្រទេស​បារាំង បានប្រកាស​ដាក់​ប្រទេស​ស្ថិតនៅក្នុង​ភាពអាសន្ន និង​បាន​បិទ​ព្រំដែន​របស់ខ្លួន បន្ទាប់ពី​មនុស្ស​យ៉ាង​តិចណាស់​ចំនួន ១០០ នាក់ ត្រូវបាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត រងរបួស នៅ​កន្លែង​ប្រគំ​តន្ត្រី Bataclan នៅ​កណ្តាល​ទីក្រុង​ប៉ារីស​។

ការចុះផ្សាយ​របស់​ទូរ​ទស្សន៍ CNN បង្ហាញថា ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ក្រៅពី​កន្លែង​ប្រគំ​តន្ត្រី Bataclan ក៏មាន​ការវាយ​ប្រហារ​នៅ ៧ កន្លែង​ផ្សេងទៀត​។ ក្នុងនោះ ភោជនីយដ្ឋាន​ខ្មែរ យីហោ "Le Petit Cambodge" គឺជា​កន្លែង​រងគ្រោះ​ធំ​ទី​២ ផងដែរ​។ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹងថា អ្នករងរបួស និង​ស្លាប់​ទាំងនោះ មាន​ជនជាតិខ្មែរ​ដែរឬទេ​នោះ​ឡើយ​៕​

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោ​លទោស​ក្រុម​ភេរ​វករ និង​ឧក្រិដ្ឋជន ដែល​បាន​បាញ់សម្លាប់ និង​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ប៉ារីស​